ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ប្រលោមលោក និង​កំណាព្យ​រឿង​១០​រូប ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្មវិធី​ប្រឡង​ប្រលោមលោក​ខ្នាត​ខ្លី និង​កំណាព្យ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២១ បាន​ធ្វើការ​ប្រកាស​លទ្ធផល​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​របស់​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ប្រលោមលោក​ខ្នាត​ខ្លី និង​កំណាព្យ​ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២០២១ បាន​ធ្វើការ​ប្រកាស​លទ្ធផល​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​របស់​លោក​ជំទាវ នេ​ត ភូ​ម៉ា​រី រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ស្នាដៃ​បេក្ខជន និង​បេ​ក្ខ​នារី​ដែល​មក​ពី​តាម​បណ្តាល​ខេត្ត​-​រាជធានី ចំនួន​១០​រូប ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ខាងលើ​នេះ ក្នុង​ចំណោម​ស្នាដៃ​ដែល​បាន​ផ្ញើ​មក​សម្រាប់​ការ​ប្រកួត​ប្រមាណ​១៩០​ស្នាដៃ​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ពេល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០២០​។

សម្រាប់​បេក្ខជន​ដែល​បាន​ជាប់​ជ័យ​លា​ភី​ចំនួន​៥​រូប​លើ​ផ្នែក​ប្រលោមលោក​ខ្នាត​ខ្លី ដោយ​ចំណាតថ្នាក់​លេខ​១ បាន​ទៅ​លើ​បេក្ខជន​មក​ពី​រាជធានី​ភ្នំពេញ មានឈ្មោះ លឹ​ម ដា​រ៉ា និពន្ធ​រឿង «​គេ​ន​ព្យូ​រ​ជញ្ជាំង​», ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​បេ​ក្ខ​នារី​ឈ្មោះ អ៊ុ​ច ថា​វី មក​ពី​រាជធានី​ភ្នំពេញ និពន្ធ​រឿង «​បូណ៌មី​», ចំណាត់​លេខ​៣ បាន​ទៅ​លើ​បេ​ក្ខ​នារី ឈ្មោះ ឡុ​ង លាប​សុជាតា មក​ពី​ខេត្តកំពង់​ចាម និពន្ធ​រឿង «​ចិត្ត​ប្រណី​» និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ពៅ មក​រា មក​ពី​រាជធានី​ភ្នំពេញ និពន្ធ​រឿង «​ជំនោរ​ជីវិត​» ខណៈ​ពេល​ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ ជា តុង​ហៃ មក​ពី​ខេត្តតាកែវ និពន្ធ​រឿង «​ទឹកភ្នែក​ស្នេហា»​។

ដោយឡែក​សម្រាប់​ម្ចាស់​ជ័យ​លា​ភី​ផ្នែក​កំណាព្យ​ចំនួន​៥​រូប គឺ​មាន ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​បេក្ខជន វណ្ណ សា​រ៉េ​ត មក​ពី​ខេត្តព្រៃវែង និពន្ធ​កំណាព្យ​រឿង «​និស្ស័យ​ស្នេហ៍​កុលាប​.​ស​», ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​បេក្ខជន វង្ស សុភា​ជ មក​ពី​ខេត្តព្រៃវែង និពន្ធ​​កំណាព្យ​រឿង «​លោហិត​វិ​រ​នារី​», ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​បេក្ខជន សែ​ម ពណ្ណរាយ មក​ពី​រាជធានី​ភ្នំពេញ និពន្ធ​កំណាព្យ​រឿង «​កំណប់​ស្នេហ៍​», ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​បេក្ខជន កែវ សេងរ​ដ្ឋា មក​ពី​ខេត្តកំពង់ឆ្នាំង និពន្ធ​កំណាព្យ​រឿង «​សម្លេង​សង្គម​» ហើយនឹង​ចំណាត់ថ្នាក់​លេខ​៥ បាន​ទៅ​លើ​បេក្ខជន មឿ​ន សំណាង មក​ពី​ខេត្តឧត្តរមានជ័យ និពន្ធ​កំណាព្យ​រឿង «​ម្តាយ​»​។

លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការ​អាន នៃ​ក្រសួង​វប្បធម៌ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​ការ​តែង​និពន្ធ​ប្រលោម​លោក​ខ្នាត​ខ្លី និង​កំណាព្យ​រឿង ពានរង្វាន់​អ​ន្ទ្រ​ទេវី​ឆ្នាំ​២០២១ នេះ យើង​បាន​ទទួល​ស្នាដៃ​ប្រឡង​ពី​បេក្ខជន និង​បេ​ក្ខ​នារី​ចំនួន​១៩០​ស្នាដៃ ដោយនៅ​ក្នុង​នោះ ផ្នែក​ប្រលោមលោក​មាន​ចំនួន​១២៦​ស្នាដៃ និង​ផ្នែក​កំណាព្យ​រឿង​ចំនួន​៦៤​ស្នាដៃ​។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​ស្ថិត​ក្នុង​យុគសម័យ​កូ​វី​ដ​នេះ ការ​ចូលរួម​ប្រកួតប្រជែង​នា​ឆ្នាំ​នេះ​មានការ​កើនឡើង​ប្រមាណ​២៤​ស្នាដៃ បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​២០២០​កន្លង​ទៅ ខណៈ​ពេល​ស្នាដៃ​ចូលរួម​ឆ្នាំ​នេះ គឺ​មាន​បេ​ក្ខ​នារី​ចំនួន​៧២​ស្នាដៃ ស្មើនឹង​៣៨% អ្នកនិពន្ធ​រៀមច្បង​ចំនួន​៣៦% និង​អ្នកនិពន្ធ​ជំនាន់​ថ្មី​មាន​ចំនួន​ប្រមាណ​៦៤%​។

លោក​បន្ថែម​ថា ក្នុង​ការ​វិនិច្ឆ័យ​វាយតម្លៃ​ដាក់​ពិន្ទុ​ដែល​អាច​ទទួល​បាន​ពានរង្វាន់ គណៈកម្មការ​បាន​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​៣​យ៉ាង គឺ ១-​អត្ថន័យ ២- អត្ថរូប និង ៣- អត្ថរស ខណៈ​ពេល​ឆ្នាំ​នេះ ក៏​ដូច​ជា​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដែរ គឺ​យើង​បាន​ដាក់​ប្រធានបទ​ដោយ​សេរី​សម្រាប់​ផ្តល់​ឱកាស​ឲ្យ​អ្នកនិពន្ធ​ទាំងអស់​បញ្ចេញ​នូវ​ទស្សនៈ និង​ទេព​កោសល្យ​តាម​ចំណង់​ចំណូលចិត្ត​ខ្លួន​មាន​ជូន​អ្នក​អាន​។

បើ​តាម​លោក កុក រស់ ការ​ប្រឡង​តែង​និពន្ធ​ប្រលោមលោក​ខ្នាត​ខ្លី និង​កំណាព្យ​រឿង គឺជា​ចក្ខុវិស័យ​មួយ​ក្នុង​ចំណោម​ចក្ខុវិស័យ​សំខាន់​ៗ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​លើក​ស្ទួយ ការពារ និង​ថែរក្សា​អក្សរសិល្ប៍ អក្សរសាស្ត្រ​ជាតិ​។ ក្នុង​ន័យ​នេះ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលបំណង​ខាងលើ ដោយ​មានការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​ក្រសួង នាយកដ្ឋាន​សៀវភៅ និង​ការ​អាន ជា​សេនាធិការ​ទទួលភារៈ​ជា​អ្នក​ចាត់ចែង​រៀបចំ​ការ​ប្រឡងប្រជែង​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ខ្នាត​ខ្លី និង​កំណាព្យ​រឿង​ជា​រៀង​រាល់​ឆ្នាំ​។ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ស្រឡាញ់​តែង​និពន្ធ​ទាំងអស់​មក​ចូលរួម​ប្រកួតប្រជែង​ឲ្យ​បាន​ច្រើន​កុះករ​បន្ត​ទៀត ដើម្បី​លើកកម្ពស់ និង​ថែរក្សា​អក្សរសិល្ប៍ អក្សរសាស្ត្រ​នៃ​យើង​កុំ​ឲ្យ​បាត់បង់ រួមចំណែក​លើកកម្ពស់ និង​ថែរក្សា​វិស័យ​វប្បធម៌ សង្គម​ធម៌​ទៅ​រក​ភាព​រីក​ចម្រើន​រុងរឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ