ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោបញ្ជាឱ្យបង្ក្រាបជាបន្ទាន់ការកា.ប់ព្រៃលិចទឹក រំលោ.ភយកបឹងទន្លេសាប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប…

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវសកម្មភាពកាប់រានព្រៃលិចទឹក រំលោភយកដីជាកម្មសិទ្ធិ ពិសេស​នៅខេត្តកំពង់ឆ្នាំង​។ ព្រមជាមួយគ្នានោះ សម្តេចបានបញ្ជឱ្យដកហូតមកវិញនៅដីប្រមាណ ២ពាន់ហិកតា ដែលត្រូវបានកាប់ទន្រ្ទានរំលោភយកកន្លងមកផងដែរ ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ ក្រោយពីសម្តេច ទទួលបានរបាយការណ៍ថ្មីមួយ ដែលសិក្សាស្រាវជ្រាវ ដោយរាជ្យបណ្ឌិតសភា​កម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន​។

ក្នុងសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន ​បានចាត់ទុករបាយការណ៍ស្រាវជ្រាវនោះ ​ជាស្ថានភាពគួរឲ្យព្រួយបារម្ភ និង​ទាម​ទារ​​ឲ្យមានការដោះស្រាយជាបន្ទាន់ នោះគឺការកាប់ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ នៅ​​តំបន់​ស្នូ​លផ្ទៃបឹងទន្លេសាប​ ដែលត្រូវការពារ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អាណាធិបតេយ្យបែបនេះ មិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់អោន​ឲ្យ​បានដែរ​។ សម្រាប់មន្ត្រី ដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដី ជាខេត្ត ជាស្រុក ឬក៏មន្ត្រីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្ទ្រានយកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាច នឹងទទួល​បានទេ នូវការកាប់ទន្ទ្រានដី នៅក្នុងព្រៃលិចទឹក នៃតំបន់​ទន្លេសាបរបស់យើង។ ដូច្នេះដើម្បីការពារនៅបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ ដោយការបាត់បង់ព្រៃឈើ ដោយការកាប់បំផ្លាញពីជន​អាណាធិបតេយ្យ ទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការដាក់ចេញ! ដំបូង​ ប្រគល់​ឲ្យអភិបាលខេត្ត នៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់​នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដី ដែលបានកាប់រួចហើយ។ អាជ្ញាធរខេត្ត ត្រូវប្រើប្រាស់​ឲ្យអស់​លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ អភិបាលខេត្ត ក៏ជាប្រធានគណៈកម្មការសូរិយាដីថ្នាក់ខេត្ត ហើយ​ក៏មានមន្ទីរជំនាញ ដែលមានការពាក់ព័ន្ធ ដូចជា បរិស្ថាន បញ្ហាធនធានទឹក បញ្ហាកសិកម្ម និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម នៅតាមខេត្ត ដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់នេះ ដែលជាកម្លាំងក្រោមឱវាទរបស់ខ្លួន និងដោយមានការគាំទ្រពីកម្លាំងកងទ័ព នគរបាល និងអាវុធហត្ថ ដើម្បីធ្វើការបង្ក្រាប! ខ្ញុំប្រើពាក្យថា នេះជាការបង្ក្រាប មិនមែនជាការអប់រំទេ! យើងគ្មានពេលវេលា ដើម្បីធ្វើការអប់រំបន្ថែមទៀតនោះទេ»។

ក្រៅពីថ្នាក់ខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជា​ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសូរិយោដីថ្នាក់ជាតិ ដឹកនាំ​កិច្ចប្រជុំជាបន្ទាន់ជាមួយក្រសួង ដែលមានការពាក់ព័ន្ធ ដែលក្នុងនោះ មានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ផ្នែកពាក់ព័ន្ធនានា រាប់ទាំង​ផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងសភា និងអធិការកិច្ច ឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខា ដែលទទួលខុសត្រូវលើការបង្ក្រាបបទល្មើសព្រៃឈើ បែងចែកភារកិច្ចគ្នា ដើម្បីចុះទៅធ្វើការត្រួតពិនិត្យ ដើរពីក្រោយជាមួយនឹងការធ្វើរបស់ខេត្ត។

សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យដកយកត្រលប់មកវិញទាំងអស់ នូវដីទាំងឡាយ ដែលបានកាប់រួចមកហើយ ដូចជា​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ ​អតីត​អភិបាលខេត្ត ដែលទើបចាកចេញពីតំណែង កាលពីប៉ុន្មាន​ខែមុន បានកាប់រានទន្ទ្រានយកដីបឹងទន្លេសាប ជាង ២០០០ហិកតា។ ដូច្នេះ​មិនថា អតីត​ដីអភិបាលខេត្ត ដែលបច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ គឺមិនថា ជាមន្ត្រី​នៅថ្នាក់ណាទេ ត្រូវតែប្រមូលយកដីមកវិញទាំងអស់ ហើយដីនោះ ត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ នៅពេលក្រោយ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ