កាលពីចុងឆ្នាំ២០១០ កោះសន្តិភាពធ្លាប់បានផ្សាយរួចម្តងហើយនិយាយពីប្រជាពលរដ្ឋផ្អើលយកផ្កាម្យ៉ាងពណ៌ខៀវមកឆុងទឹកផឹកដោយគិតថា ផ្កានោះជាឱសថបុរាណសំរាប់ព្យាបាលជំងឺ១០០មុខ ហើយដាក់ឈ្មោះផ្កានោះថា ផ្កាប្រាំពីរពណ៌ ឬផ្កាអមតៈ ដែលមានដើមវល្លិ៍ឡើងទ្រើងច្រើនដូចននោង មានស្លឹកពណ៌បៃតង ផ្កាពណ៌ខៀវមានច្រើនស្រទាប់ ហើយសព្វថ្ងៃមានដាំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ដើមផ្កាអមតៈ ឬផ្កា៧ពណ៌នេះប្រជាពលរដ្ឋភាគច្រើនថា យកពូជមកពីសហរដ្ឋអាមេរិក ហើយផ្ការបស់វាអាចយកមកព្យាបាលជំងឺខ្លាញ់ក្នុងសរសៃឈាម លើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត តែបើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជាភាគ២របស់ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណនិយាយថា ផ្កានេះឈ្មោះផ្កា «អញ្ជ័ន» ជាថ្នាំអាយុវឌ្ឍនៈដែលអាចព្យាបាលជំងឺបានច្រើនយ៉ាង។
លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិវល្លិ៍ ដើមវាមូលតូច មានរោមតិចៗ មែកបែកតាមប្រគាបធាងស្លឹក
-ស្លឹក ៖ ស្លឹករួមស្លាបសេស កូនស្លឹកមានពី៥ ទៅ៧ស្លឹក។ ស្លឹកនីមួយៗមានរាងពងក្រពើដុះទល់ទងគ្នា។
-ផ្កា ៖ មានពូជផ្កាពណ៌ខៀវ ពណ៌ស ពណ៌ក្រហមស្វាយ មាន១ស្រទាប់ ឬច្រើនស្រទាប់។ ផ្កាមានតែ១ដុះចេញពីប្រគាបធាងស្លឹក។
-ផ្លែ ៖ រាងសំប៉ែតវែងស្រួចចុង មានពី៥ទៅ១០គ្រាប់ គ្រាប់ពណ៌ត្នោត ពភ្លាក់ រាងដូចគ្រាប់សណ្តែក។ ផ្កាមានរាល់រដូវ ជាពិសេសរដូវភ្លៀង។
-កន្លែងដាំដុះ ៖ ដុះនៅតំបន់ដីសើម តំបន់មាត់ទន្លេ ឬគេយកមកដាំធ្វើជាគ្រឿងលំអ
-ផ្នែកប្រើប្រាស់ ៖ ឫស គ្រាប់ ស្លឹក
-រសជាតិ ៖ ឫសមានជាតិ ចត់ល្វីង
-សមាសធាតុគីមី ៖ ក្នុងគ្រាប់មានជាតិជ័រល្វីង គ្រាប់ និងសំបកឫសមានជាតិ Tanin, ស្លឹកមាន Y-lactose, Aparajitin ។ ប្រភេទពណ៌ខៀវ និងពណ៌ស មានជាតិ Ether និងជាតិ glucosid គ្រាប់មានជាតិ Acid amin ដូចជា Leucin, Valin, Adenin, Glycin, Arginin, Acid glutamic, Acid aspartic និង Tyrocin ។
–ការព្យាបាល ៖ ឫស ធ្វើជាថ្នាំបំបាត់ស្រេកទឹក ព្យាបាលរាកកូនក្មេង ហឺត ឈឺទ្រូង ក្អក ពិបាកនោម ឈឺភ្នែក ខ្វាក់មាន់ ធ្វើឱ្យភ្នែកស្រឡះ ធ្វើឱ្យធ្មេញរឹង ព្យាបាលឈឺធ្មេញ។
-គ្រាប់ ៖ ជាថ្នាំបន្ទន់លាមក
-ស្លឹក ៖ បិទកន្លែងកើតបូស
-ផ្កា ៖ ចាស់បុរាណនិយមយកផ្កាពណ៌ស និងខ្មៅ(ពណ៌ខៀវ) យកមកផ្សំជាថ្នាំអាយុវឌ្ឍនៈ
កំរិត និងរបៀបប្រើ ៖ -គ្រាប់ ៖ ពី១,៥-៣ក្រាម ក្នុង១ថ្ងៃដាំផឹក។
-ឫស ៖ ពី៦-១០ក្រាម ក្នុង១ថ្ងៃដាំផឹក។
-ស្លឹក ៖ ប្រើខាងក្រៅឥតកំណត់។
-ផ្កា ៖ ស្រស់ពី៣ទៅ៦ក្រាម ក្នុង១ថ្ងៃដាំផឹក៕




ចែករំលែកព័តមាននេះ