ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីកោះសន្តិភាពបានសរសេររឿងរ៉ាវគ្រួសារក្រីក្រមួយ យករទេះធ្វើផ្ទះ មេឃធ្វើដំបូល រស់នៅយ៉ាងកំសត់លើដីទំនេររបស់អ្នកស្រុក ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីពេលថ្មីៗនោះ ក៏មានសប្បុរសជនមួយគ្រួសារ ជាអាជីវករនៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានផ្តល់ថវិកាចំនួន300$ តាមរយៈភ្នាក់ងារកោះសន្តិភាព ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់គ្រួសារមួយនេះ ។
សប្បុរសជនខាងលើឈ្មោះសេង ងួនលី ភេទប្រុស អាយុ៦៥ឆ្នាំ ជាអាជីវករនៅសង្កាត់ភ្នំពេញថ្មី ។ ថវិកាដ៏សប្បុរសនេះ របស់គ្រួសារខាងលើ គឺភ្នាក់ងារកោះសន្តិភាពទទួលបានតាមរយៈវេរវីង បានប្រគល់ដល់ដៃគ្រួសារក្រីក្រនេះ កាលពីព្រឹកថ្ងៃទី០៦ ឧសភា ២០១៦ ដល់កន្លែងស្នាក់នៅតែម្តង ។
ចំពោះអំណោយជាសប្បុរសធម៌ជួយដល់គ្រួសារក្រីក្រនេះ ក្រោយពីគេហទំព័រ និងកាសែតកោះសន្តិភាព បានចេញផ្សាយឃើញថា សប្បុរសជននានាជាច្រើន មានទាំងអាជ្ញាធរ, អ្នកសារព័ត៌មាន អាជីវករ ក្នុងនោះ មានទាំងព្រះសង្ឃមកពីវត្តចំនួន២ ក្នុងក្រុងប៉ោយប៉ែត បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាទៅជួយដល់គ្រួសារជាបន្តបន្ទាប់ ។ ចំពោះគ្រួសារក្រីក្រមួយនេះ លោកស្រីប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា អាជ្ញាធរខេត្តមិនព្រងើយកន្តើយទេ គឺបាននិងកំពុងរិះរកដីសង្គមកិច្ច ដើម្បីសាងសង់ជាជម្រកឲ្យបានរស់នៅ និងជួយកូនក្នុងបន្ទុកឲ្យបានចូលរៀនសូត្រទៀតផង ។
ចំណែកលោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលប្រាប់កោះសន្តិភាពថា គ្រួសារខាងលើកកាលពីរសៀលថ្ងៃទី០៤ ឧសភា លោកបានឱ្យក្រុមការងារយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៅចែកជូនរួចហើយ ។ លោកចៅសង្កាត់រូបនេះបញ្ជាក់ថា គ្រួសារមួយនេះកន្លងមក សង្កាត់របស់លោកតែងតែយកអំណោយទៅប្រគល់ជូន៤ ទៅ៥ដងរួចហើយ ដោយម្តងៗគិតជាប្រាក់មិនក្រោមពី150$ ទៅ200$នោះទេ ។លោកគាត ហ៊ុល បញ្ជាក់ថា ដោយសារគ្រួសារមួយនេះ ចល័តទីលំនៅម្តងទៅនេះម្តងទៅនោះ ទើបអាជ្ញាធរពិបាកក្នុងការតាមរក ។
យ៉ាងណាក៏ដោយ គ្រួសារខាងលើបានសម្តែងការត្រេកអរយ៉ាងខ្លាំង នៅពេលឃើញអាជ្ញាធរ និងសប្បុរសជន មានទាំងព្រះសង្ឃយកអំណោយទៅចែកជូនពួកគាត់ ដែលកំពុងជួបនូវកង្វះខាត និងផ្ទុកមេរោគអេដស៍ផងនោះ ។ គ្រួសារមួយនេះ បានបួងសួងសុំឱ្យវត្ថុស័ក្តិសិទ្ធិ ក្នុងលោកជួយបីបាច់ថែរក្សាដល់គ្រប់ម្ចាស់អំណោយ ឱ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចំរើនរកទទួលទានមានបាន និងមានសុភមង្គលគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា គ្រួសារក្រីក្រខាងលើ ប្តីឈ្មោះសុខ វៃ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះបេង មុំ អាយុ៣១ឆ្នាំ និងមានកូនស្រី២នាក់ម្នាក់ឈ្មោះសុខ លីណា អាយុ៦ឆ្នាំ និងម្នាក់ឈ្មោះសុខ ចាន់រ៉ា អាយុ១ឆ្នាំ ។ គ្រួសារមួយនេះ មានផ្ទុកមេរោគអេដស៍ រហូតដល់ទៅ៣នាក់ លើកលែងតែកូនស្រីច្បង ។
ចែករំលែកព័តមាននេះ