ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញប្រើប្រាស់ គ្រឿងទេស ចំណី​សត្វ ជីក​សិ​កម្ម បន្ត​ឡើងថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ រួម​មាន​ទាំង​ចំណីអាហារ គ្រឿងទេស ​ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ រហូត​ដល់​ចំណី​សត្វ ជី​កសិកម្ម ដែល​ជា​វត្ថុធាតុដើម​ដែល​ជា​របស់​សំខាន់​ទ្រទ្រង់​ដល់​របរ​កសិកម្ម ផលិតកម្ម​របស់​ប្រជាពលរដ្ឋ​បាន​ឡើងថ្លៃ​បន្តបន្ទាប់…

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ រួម​មាន​ទាំង​ចំណីអាហារ គ្រឿងទេស ​ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ រហូត​ដល់​ចំណី​សត្វ ជី​កសិកម្ម ដែល​ជា​វត្ថុធាតុដើម​ដែល​ជា​របស់​សំខាន់​ទ្រទ្រង់​ដល់​របរ​កសិកម្ម ផលិតកម្ម​របស់​ប្រជាពលរដ្ឋ​បាន​ឡើងថ្លៃ​បន្តបន្ទាប់ ​។

អ្នកស្រី​ សុផល អ្នកលក់​គ្រឿងទេស​ម្នាក់​នៅ​ក្នុង​សង្កាត់​និរោធ​និយាយ​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​ទំនិញ​ជា​ច្រើន​មុខ​បានឡើង​ថ្លៃ និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក​លើ​ជីវភាព​ដោយសារ​ត្រូវចំណាយ​ប្រចាំ​ថ្ងៃ​កាន់តែ​ខ្ពស់ ​។ តាម​អ្នក​លក់ដូរ​ទំនិញ​រាយ​ និង​បោះ​ដុំ​រូប​នេះ​និយាយ​ឲ្យ​ដឹង​ថា ​ស្ក ខ្ទឹម ​ប៊ី​ចេ​ង ទឹក​សុទ្ធ បាន​ឡើងថ្លៃ​ទាំងអស់​ ។

​«ខ្ញុំ​ពិបាក​រៀបរាប់​ប៉ុន្តែ​ទំនិញ​បាន​ឡើងថ្លៃ​ទាំងអស់ ដូច​ជា​ទឹក​ធុង​ធំ ដែល​ពី​មុន​លក់​មួយ​ធុង​ ៥​ ពាន់​រៀល​ឥឡូវ​ឡើង​ប្រាំ​ពាន់​ប្រាំ​រយ​ទៅ​ប្រាំមួយ​ពាន់​រៀល ​។ ប៊ី​ចេ​ង មុន​មួយ​កញ្ចប់​ ៧​ ពាន់​ឥឡូវ​ ៨​ ពាន់​រៀល ​។ ពលរដ្ឋ​​ដែល​ជា​អ្នកទិញ​តែងតែ​ត្អូញ​ពី​ការ​ឡើងថ្លៃ​នេះ ពិសេស​កម្មករ​សំណង់ កម្មករ​រោងចក្រ ដែល​ពួក​គាត់​មាន​ចំណូល​តិច» ​។

អ្នកស្រី​ សុផល មិនដឹង​ពី​មូលហេតុ​នៃ​ការ​ឡើងថ្លៃ​នេះ​ទេ ប៉ុន្តែ​អ្នកស្រី​ថា ​ទំនង​ដោយសារ​ប្រេងសាំង​ឡើងថ្លៃ​ ។ អ្នកលក់​រូប​នេះ​និយាយថា ​ទំនិញ​ឡើងថ្លៃ​ខ្ពស់​​ជាងគេ គឺ​ប្រភេទ​ផលិតផល​នាំ​ចូល ទាំង​ទំនិញ​នាំ​ចូល​ពី​ថៃ​ និង​នាំ​ចូល​ពី​វៀតណាម រួម​ទាំង​ជី​កសិកម្ម ផង ​។

កន្លង​មក​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន​បាន​និយាយ​ឲ្យ​ដឹង​ថា ​ទាំង​កូនជ្រូក ទាំង​ចំណី​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម បាន​ឡើងថ្លៃ​ប្រមាណ ​៣០% ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ​។ ក្រ​សួង​កសិកម្ម​ និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​ក៍​ធ្លាប់​បាន​បញ្ជាក់​ពី​ការ​ឡើងថ្លៃ​វត្ថុធាតុដើម​នៅ​ក្នុង​ការ​ផលិត​ចំណី​សត្វ ចំណី​សត្វ​ និង​ការ​ដឹក​ជ​ញ្ជួ​ន​នេះ​ដែរ​ ។

បើ​តាម​ស្ថាប័ន​ជំនាញ តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​កើនឡើង​ប្រមាណ ​៣ ​ដង ​។ តម្លៃ​វត្ថុធាតុដើម​ដូច​ជា​ពោត ដំឡូង​ក្រៀម កាក​សណ្តែកសៀង ម្សៅ​ត្រី និង​សារធាតុ​បន្ថែម​សម្រាប់​ផ្សំ​ចំណី​សត្វ​បាន​កើនឡើង​នាំ​ឲ្យ​ថ្លៃដើម​ចំណី​សម្រេច​កើនឡើង​ប្រមាណ ​២០% ​ទៅ​ ៣០% ​។

លោកស្រី ម៉ា​ណា ស្ត្រី​មេផ្ទះបាន​ទទួលស្គាល់​ទំនិញ​បាន​ឡើងថ្លៃ ​។ ស្ត្រី​កូន​ ៣ ​នាក់​ក្នុង​បន្ទុក​រូប​នេះ​បញ្ជាក់​ថា ​ការ​ឡើងថ្លៃ​ទំនិញ​មួយ​មុខ ​៥០០ ​រៀល មួយ​មុខ​ ១​ ពាន់​រៀល​ វា​បាន​បង្កផល​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​របស់​ពលរដ្ឋ​ ។ ជា​ពិសេស​អ្នកស្រី​សង្កេត​ឡើង​ថា​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ស្រួល​ ប៉ុន្តែ​ចុះថ្លៃ​មក​វិញ​លំបាក​ណាស់​ ។ បើ​បានជា​ឡើងថ្លៃ​ហើយ​កម្រ​នឹង​ចុះ​វិញ​ណាស់ ខណៈ​ដែល​ចំណូល​របស់​ពលរដ្ឋ​មាន​តែ​ធ្លាក់​ចុះ​ ។

​«យើង​មិនបាច់​គិត​អ្វី​ទេ មួយ​រយៈពេល​ប្រេងសាំង​ឡើងថ្លៃ​រហូត​ឡើង​ម្តង ​១០០ ​ឬ​ ១៥០ ​រៀល ​ប៉ុន្តែ​បើ​ចុះ​វិញ​ចុះ ​៥០ ​រៀល​ប៉ុណ្ណោះ ​។ សាំង​ឡើងថ្លៃ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ទំនិញ​ឡើងថ្លៃ​» ពលរដ្ឋ​ខាងលើ​បាន​បញ្ជាក់ ​។ ពាក់ព័ន្ធ​ការ​ឡើងថ្លៃ​នេះ កសិករ​នៅ​ជនបទ​វិញ​ក៍បាន​ត្អូញ​ថា​ ស្រូវ អង្ករ​បាន​ធ្លាក់​ថ្លៃ​ខណៈ​ជី​កសិកម្ម​ឡើង​វិញ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ