រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រោលគោល និងភូមិស្ពានខ្ពស់ក្នុងសង្កាត់កីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ បានមានប្រតិកម្មនិងខឹងសម្បារជាខ្លាំងចំពោះអាជីវកម្មរថយន្តដឹកដីស្អុយយកមកចាក់ហាលនៅក្រោយ «វត្តទួលអស់លោក» បណ្តាលអោយដីជាប់កង់ ជ្រុះ ប្រឡាក់ផ្លូវ ពេលភ្លៀងរអិល ពេលថ្ងៃក្តៅស្ងួតដីហុយ សំពោង ស្ទើរមើលផ្លូវលែងឃើញ ។ ទន្ទឹមការបង្កអោយប៉ះពាល់ដល់បរិស្ថាននេះប្រជាពលរដ្ឋ ក៏ធ្លាប់ស្នើសុំទៅលោក អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលខណ្ឌឬស្សីកែវចាស់អោយជួយអន្តរាគមន៍ តាមបណ្តាញសង្គមដែរ តែគ្មានប្រសិទ្ធភាព។
![Picture]()
តាមប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវខាងលិចស្ពានវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក បានអោយដឹងថា រយៈពេលប្រមាណ២ ទៅ៣ឆ្នាំមកហើយ ដែលរថយន្តជាច្រើនគ្រឿងរបស់ឈ្មោះវែង បានដឹកដីស្អុយមកចាក់ហាលនៅក្នុងដីវាលមួយកន្លែងនៅតំបន់នោះ ហើយពេលស្ងួតក៏បានដឹកដីនោះយកចេញទៅលក់ចាក់ក្នុងដីឡូត៍នានា ។ លុះក្រោយមក រថយន្តនោះក៏បានប្តូរទីតាំងដឹកដីស្អុយមកចាក់នៅជាប់របងវត្តទួលអស់លោកវិញ និងចាក់លើដីផ្លូវជាប់មាត់ប្រឡាយអូរវែង ។នៅក្នុងការដឹកដីស្អុយបណ្តាលអោយដីធ្លាក់រាយប៉ាយពេញផ្លូវ បង្កជាភក់នៅរដូវភ្លៀងហើយពេលរាំងដីហុយសំពោង ដោយមិនបានបំពេញកាតព្វកិច្ចគ្របលាងផ្លូវនោះទេ បង្កអោយប៉ះពាល់រស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញក៏ដូចជាអ្នកដំណើរឆ្លងកាត់យ៉ាងខ្លាំង។
![Picture]()
ប្រជាពលរដ្ឋក៏បានអោយដឹងទៀតថា កន្លងមក ពួកបានសំណូពរទៅអាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដើម្បីមានវិធានការទប់ស្កាត់ដើម្បី លើកកម្ពស់បរិស្ថានក៍ដូចជាសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែប្រសើរតែអាជ្ញាធរហាក់ដូចជាមើលមិនឃើញ ចេះតែបណ្តែតបណ្តោយអោយរថយន្តដឹកដីទាំងធ្វើអាជីវកម្ម បំផ្លាញបរិស្ថានទៅវិញ។ ប្រជាពលរដ្ឋ បានសំណូមពរជាថ្មីម្តងទៀត សូមអោយលោកឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ដែលទើបទៅកាន់ថ្មី មេត្តាជួយមានវិធានការទប់ស្កាត់ រថយន្តដឹកដីទាំងនោះនិងមានវិធានការយ៉ាងតឹងរឹង ចំពោះម្ចាស់ រថយន្ត ដឹកដីណាមិនស្តាប់តាមការណែនាំ មិនគ្រប ធ្វើអោយដីជ្រុះហើយមិនលាងផ្លូវនោះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ