ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (National TVET E-Learning Platform…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ (National TVET E-Learning Platform ) ។

Picture

ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ នា​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ឯកឧត្តម​ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ដែល​ផ្ដល់​នូវ​មធ្យោបាយ​ក្នុង​ការ​សិក្សា​តាម​រយៈ​ការ​មើល​វី​ដេ​អូ និង​ឯកសារ​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​ដោយ​ខ្លួនឯង​ផ្ទាល់​តាម​រយៈ​កុំព្យូទ័រ ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។

Picture

ប្រព័ន្ធ​ជាតិ​នេះ មាន​៣​តួអង្គ​សំខាន់​ៗ​ដែល​រួម​មាន ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រឹះស្ថាន អ​.​ប​.​វ​. និង​សិក្ខាកាម សិស្ស និស្សិត ដែល​ក្នុង​នោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ មាន​ភារកិច្ច​គ្រប់គ្រង ថែទាំ និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ជាតិ​ទាំងមូល​, ផលិត​របាយការណ៍​រួម ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​ការ​អនុវត្ត​ការងារ​របស់​គ្រឹះស្ថាន អ​.​ប​.​វ​។
គ្រឹះស្ថាន អ​.​ប​.​វ​. មាន​ភារកិច្ច​បង្កើត មាតិកា​មេរៀន​, វី​ដេ​អូ​បង្រៀន​, ឯកសារ​មេរៀន​, គ្រប់គ្រង​ការ​បង្រៀន និង​រៀន​របស់​ខ្លួន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ៗ រីឯ​សិក្ខា​មកា​ម សិស្ស និស្សិត មាន​ភារកិច្ច​ចូល​រៀន​, ធ្វើ​កិច្ចការ​, ប្រឡង និង​ស្វ័​យ​វាយតម្លៃ​ការ​សិក្សា​របស់​ខ្លួន ។

Picture

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​បញ្ចប់​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រឹមនេះ​ទេ គឺ​ក្រសួង​មាន​ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​ជាតិ​ធ្វើតេស្ត​បញ្ជាក់​សម ត្ថភាព​តា ម​អន​ឡាញ ឬ​ពី​ចម្ងាយ (E-RPL), អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​គ្រឹះស្ថាន អ​.​ប​.​វ​. (School Management System), រៀបចំ និង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center), បន្ត​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​, ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ និង​សាស្ត្រាចារ្យ គ្រូ​បច្ចេកទេស និង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នៅ​តាម​គ្រឹះស្ថាន អ​.​ប​.​វ​. ជាដើម ។

ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ទាមទារ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ចូលរួម​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គាំទ្រ​ទាំង​ធនធាន​បច្ចេកទេស និង​ហិរញ្ញវត្ថុ ។

ចំណែក​លោកស្រី NADIA OTTIGER បាន​មាន​មតិ​ថា ទីភ្នាក់ងារ​ស្វី​ស​សម្រាប់ ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ (SDC) នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា និង​បន្ត​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន ឡាញ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ពេញលេញ និង​គ្រប់គ្រាន់​ស្រប​តាម​តម្រូវ​ការងារ​របស់ អ្នក​ប្រើប្រាស់ និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​។

សូម​ជម្រាប​ជូន​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​មាន​៖ – គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ចំនួន​៥៧ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ជាតិ​នេះ​សម្រាប់​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ – សិក្ខាកាម សិស្ស និស្សិត​ចំនួន ៣១ ៥២៩​នាក់​បាន​ចូល​រៀន​ក្នុង​ប្រព័ន្ធ​ជាតិ – មាតិកា​មេរៀន និង​វី​ដេ​អូ​មេរៀន​ចំនួន ៣ ៥២២ ត្រូវ​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ជាតិ – ចំនួន​អ្នក​ទាញ​យក​កម្មវិធី TVET E-Learning ដាក់​ក្នុង​ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​ពី AppStore (iOS), Play Store (Android) និ​បង​AppGallery (Huawei) សរុប​ប្រមាណ​ជិត ១​ម៉ឺន​នាក់​។

ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ មាន​គោលបំណង និង​សារៈសំខាន់​រួម​មាន​៖ ១)​ផ្តល់​នូវ​ឱកាស​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​បន្តបន្ទាប់ និង​បត់បែន​បាន​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ២)​បង្កើន​ការ​ទទួល​បាន​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ប្រកបដោយ​សមធម៌​ក្នុង​ចំណោម​យុវជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៣)​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា​សម្រាប់​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​អន​ឡាញ និង​៤)​កែ​លម្អ​គុណភាព TVET ឱ្យ​មានការ​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ការងារ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ អ្នក​ប្រើប្រាស់​ចូល​តាម​គេហទំព័រ​ឈ្មោះ www.tvet-elearning.com និង​តាម​រយៈ​កម្មវិធី​ឈ្មោះ TVET E-Learning អាច​ទាញ​យក​ពី AppStore សម្រាប់ iOS, Play Store សម្រាប់ Android និង AppGallery សម្រាប់ Huawei៕