អ្នកពុទ្ធនិយមបានពន្យល់អំពីល្អនៃការគិតដែលប្រកបដោយទស្សនវិជ្ជមាន និងផលអាក្រក់នៃការគិតប្រកបដោយទស្សនអវិជ្ជមានយ៉ាងដូច្នេះថា ៖
![Picture]()
នៅពេលដែលយើងមានគំនិតអវិជ្ជមាននៅក្នុងអារម្មណ៍ វាអាចបង្កឲ្យមានផលអាក្រក់ជាច្រើនដល់សុខភាពរបស់យើងទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ឧទាហរណ៍ៈ ពេលដែលយើងព្រួយបារម្ភ ក្រោធខឹង ច្រណែន ស្អប់ខ្ពើម គុំកួនជាដើម អារម្មណ៍អវិជ្ជមានទាំងនេះ បង្កើតឲ្យយើងមានការតានតឹងចិត្ត ធ្វើឲ្យសាច់ដុំរបស់យើងឡើងតឹង បេះដូងដើរញាប់ បណ្ដាលឲ្យដំណើរឈាមមានចលនាប្រែប្រួលខុសធម្មតា ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ បង្កឲ្យមានការឈឺចាប់លើរាងកាយដូចជា ការឈឺក្បាល ឈឺ.ក អស់កម្លាំងកាយ ថប់ក្នុងអារម្មណ៍ពិបាកដកដង្ហើម ផ្ទៃមុខឡើងពណ៌ក្រហមជាដើម នេះជាផលមិនល្អនៃការគិតប្រកបដោយទស្សនអវិជ្ជមាន ។
![Picture]()
ចំណែកឯផលនៃការគិតប្រកបដោយទស្សនវិជ្ជមាន នៅពេលដែលយើងមានអារម្មណ៍វិជ្ជមាន ចិត្តរបស់យើងក៏ស្ងប់ស្ងាត់ សាច់ដុំរបស់យើងសម្រាកចុះ ហើយទទួលបាននូវអុកស៊ីសែនគ្រប់គ្រាន់ សម្ពាធឈាមទាប ហើយប្រការសំខាន់នោះ គឺអត្រាចង្វាក់ បេះដូងបានថយចុះ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រឲ្យរាងកាយយើងមានសុខភាពល្អប្រសើរ ។
ទន្ទឹមនេះដែរ ការគិតដោយគំនិតវិជ្ជមាន គឺជាមធ្យោបាយមួយកាត់បន្ថយនូវការតានតឹងផ្លូវចិត្ត អារម្មណ៍ស្ត្រេសជាហេតុនាំឱ្យមុខ ឈឺក្បាលយ៉ាងមានប្រសិទ្ធភាពបំផុត ។
![Picture]()
អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានបញ្ជាក់ថា នៅក្នុងជីវិតប្រចាំថ្ងៃ ការគិតប្រកបដោយទស្សនវិជ្ជមាននឹងធ្វើឲ្យយើងងាយបង្កើតបាននូវភាពយោគយល់ ផ្តល់អភ័យ និងការចុះសម្រុងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើង ព្រមទាំងបានបង្កើតទស្សនសុទិដ្ឋិនិយម ហើយមិនអស់សង្ឃឹមក្នុងការរស់នៅឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ