ខេត្តបាត់ដំបង ៖ ដូនជីវ័យ៧០ឆ្នាំផ្លាយម្នាក់ដែលព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត រួមទាំងពុទ្ធិបរិស័ទចំណុះជើងវត្តផង បានសន្មត់ថា «ជាដូនជីក្លែងបន្លំបួសជាភិក្ខុនី» បានស្វះស្វែងរត់រកខ្សែបណ្ដោយឲ្យជួយអន្តរាគមន៍ ដើម្បីបានជ្រកកោណក្រោមដំបូលសាសនា លួចកឹបកេងបច្ច័យ និងទ្រព្យសម្បត្តិនៅក្នុងវត្តបន្តទៀត ក្រោយពីដឹងថា ខ្លួនត្រូវបានព្រះសង្ឃ គណៈកម្មការអាចារ្យនៅក្នុងវត្តចេញសេចក្ដីជូនដំណឹងជាសាធារណៈ ប្រកាសបដិសេធឈប់ទទូលស្គាល់ជា«ដូនជីស្នាក់នៅក្នុងវត្ត»បន្តទៀត។
បើតាមគណៈកម្មការវត្តបានប្រាប់ថា បុគ្គលដែលតែងស្លៀកពាក់ឈុតពណ៌ឈាមជ្រូក ដូចភិក្ខុនីរូបនេះមានឈ្មោះ ជា ស៊ីលៀង អាយុជាង៧០ឆ្នាំ មានស្រុកកំណើតនៅស្រុកឯកភ្នំ ។ សព្វថ្ងៃ គាត់តាំងខ្លួនជាដូនជី ឬជាភិក្ខុនី ស្នាក់នៅក្នុង «វត្តអរិយផល ឬវត្តភ្នំនាងលេម» ស្ថិតក្នុងភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ។ ព្រះសង្ឃដែលគង់នៅក្នុងវត្តអរិយផល ក្រុមគណៈកម្មការវត្ត និងអាចារ្យវត្ត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផង សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នា ពីប្រវត្តិដ៏អាក្រក់របស់ឧបាសិកា ជា ស៊ីលៀង ដែលក្លែងខ្លួនជាភិក្ខុនីជ្រកក្រោមដំបូលសាសនា ស្រវ៉ាកិបកេងតែទ្រព្យនៅក្នុងវត្តខាងលើនេះ។

គណៈកម្មការវត្ត និងតាអាចារ្យបានផ្ដល់បទសម្ភាសន៍នេះផ្ទាល់ជាមួយកោះសន្តិភាព កាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ថា «យាយ ជា ស៊ីលៀង បានតាំងខ្លួនជាដូនជី ស្នាក់នៅសមាធិសីលក្បែរព្រះសង្ឃរាប់សិបអង្គនៅក្នុងព្រៃទីនោះ ចាប់តាំងពីវត្តអរិយផលនេះ នៅជាអាស្រមក្នុងព្រៃជាប់ជើងភ្នំនាងលេម កាលពីអំឡុងឆ្នាំ២០០៨មកម្ល៉េះ ។ លុះនៅអំឡុងឆ្នាំ២០១៤ ទើបអាស្រមនេះ ត្រូវបានច្បាប់អនុញ្ញាតឲ្យរៀបចំសាងសង់ជាវត្តពេញលេញ» ។ ចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ ឧបាសិការូបនេះ ត្រូវបានគេសង្កេតឃើញថា គាត់បួសកាន់សីលតែសម្បកក្រៅ តែក្នុងចិត្តពោរពេញទៅដោយទោសៈ មោហៈ មានមហិច្ឆិតាលោភលន់ បន្លំកិបកេងទ្រព្យសម្បត្តិក្នុងវត្ត គ្រប់គ្រងសិទ្ធិសេរីភាព ទាំងគណៈកម្មការ អាចារ្យ និង ព្រះសង្ឃនៅក្នុងវត្តទាំងអស់ ។

ពោលគឺគាត់ជាអ្នកចាត់ចែងទាំងអស់ការងារក្នុងវត្ត។ សូម្បីតែព្រះសង្ឃមន្តចេញទៅសូត្រមន្តក្នុងពិធីផ្សេងៗរបស់ពុទ្ធបរិស័ទនៅក្រៅវត្តក៏យាយស៊ីលៀង មិនអនុញ្ញាតឲ្យនិមន្តចេញដែរ ។ មិនតែប៉ុណ្ណោះ បើតាមប្រភពដដែលបានបញ្ជាក់ថា សម្ភារប្រើប្រាស់ ឬបច្ច័យដែលពុទ្ធបរិស័ទចូលរួមកសាងសមិទ្ធិផលនៅក្នុងវត្ត ឬបច្ច័យដែលបានមកពីការធ្វើបុណ្យទាននៅក្នុងវត្ត។ ដូចជាពិធីបុណ្យចូលឆ្នាំ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឬបុណ្យកឋិនទាន ឬពិធីបុណ្យផ្សេងៗដែលពុទ្ធបរិស័ទរៀបចំធ្វើនៅក្នុងវត្ត ក៏ដូនជី ស៊ីលៀង គ្រប់គ្រងទាំងអស់ ហើយថែមទាំងលាក់លៀមមិនឲ្យក្រុមគណៈកម្មការ អាចារ្យវត្ត ឬ ព្រះគ្រួចៅអធិការវត្តដឹងដែរ ពិតមែនតែព្រះសង្ឃដែលគង់ក្នុងវត្តនេះមិនកាន់បច្ច័យក្ដី ។ គណៈកម្មការនិងអាចារ្យវត្តដដែលនេះ បានបញ្ជាក់ថា ដោយសារតែគំនិតពុតត្បុត គ្មានសីលនៅក្នុងខ្លួន មានតែភាពលោភលន់បន្លំកិបកេងទ្រព្យសម្បត្តិនៅក្នុងវត្តបែបនេះហើយ ទើបធ្វើភិក្ខុ សាមណេរ គ្រូចៅអធិការវត្តជាច្រើនអង្គ មិនអាចគង់នៅក្នុងវត្តនេះបាន។

បើតាមប្រភពដដែលនេះបានអះអាងថា តាំងពីចាប់ផ្ដើមបង្កើតវត្តអរិយផល ឬវត្តភ្នំនាងលេម ពេញលេញរហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ គឺព្រះសង្ឃដែលធ្លាប់គង់នៅក្នុងវត្តនេះចំនួន៧០អង្គ និងគ្រូចៅអធិការវត្តចំនួន០៧អង្គ ត្រូវបានផ្លាស់ប្ដូរ និងចាកចេញជាបន្តបន្ទាប់ ដោយសាររងនូវគំនាបគ្រប់បែបយ៉ាងពីដូនជីស្លៀកពាក់ពណ៌ឈាមជ្រូក ជា ស៊ីលៀង នេះ។ ប៉ុន្តែប្រហែលជិតកន្លះឆ្នាំកន្លងមកនេះ វត្តភ្នំនាងលេមនេះ ត្រូវបានប្ដូរព្រះគ្រូចៅអធិការមួយអង្គថ្មីទៀត គឺជាការប្ដូរលើកទី០៨ ដែលព្រះអង្គនាម ជា និវត្ត ព្រះជន្ម៤៨វស្សា ។ បច្ចុប្បន្ន ព្រះអង្គ ជា និវត្ត ត្រូវបានតែងតាំងជាគ្រូចៅអធិការស្ដីទី វត្តអរិយផលនៅឡើយទេ ។ ភិក្ខុសាមណេរគ្រប់អង្គ អាចារ្យ គណៈកម្មការវត្តនេះ រួមទាំងពុទ្ធបរិស័ទគ្រប់ទិសទីផងទទូលស្គាល់ថា ព្រះអង្គជាអ្នកចេះដឹង បានបួសរៀនច្រើនវស្សា និងជាអ្នកបួសដែលមិនកាន់បច្ច័យ ហើយគេរំពឹងថា ព្រះអង្គមានសមត្ថកិច្ចគ្រប់គ្រាន់អាចដឹកនាំកសាងវត្តភ្នំនាងលេមឲ្យរីកចំរើនបាន។

ជាពិសេស ព្រះអង្គមានជំហររឹងមាំ ដែលអាចធ្វើឲ្យយាយ ជា ស៊ីលៀង បោះបង់ភាពលោភលន់ ឬ បោះបង់គំនិតទុច្ចរិតបានទៀតផង។ ប៉ុន្តែយ៉ាងណាក្ដី ចរិតដ៏វិនាសរឹងរូសរបស់ដូនជី ជា ស៊ីលៀង ហាក់មិនងាយស្រូលអប់រំ ឬ បង្ក្រាបបាន ដូចការគិតរបស់ពុទ្ធបរិស័ទនោះទេ។ នេះបើតាមសង្ឃដីកាព្រះតេជគុណ ជា និវត្ត ចៅអធិការស្ដីទី ដែលបានផ្ដល់បទសម្ភាសន៍ផ្ទាល់ជាមួយកោះសន្តិភាព កាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ។

ព្រះតេជគុណ ជា និវត្ត បានមានសង្ឃដីកាយ៉ាងដូច្នេះថា «តាមពិតអាត្មាទើបនិមន្តចូលមកកាន់វត្តភ្នំនាងលេមនេះ ទើបបានប្រហែលរយៈពេល៥ខែប៉ុណ្ណោះ តែអាត្មាបានជ្រាបច្បាស់អំពីទង្វើ និងចរិតដ៏វិនាសរបស់ឧបាសិកា ជា ស៊ីលៀង»។ ព្រះអង្គ បានបន្តថា «អាត្មាបានអប់រំណែនាំគាត់ច្រើនលើកហើយ អំពីទង្វើមិនគប្បីនានា ដែលគាត់បានប្រព្រឹត្តនៅក្នុងវត្ត។ ដូចជា ការកាប់បំផ្លាញដើមឈើនៅក្នុងវត្ត ប្រើចំពាមកៅស៊ូបាញ់ ឬធ្វើទ្រុងដាក់ចាប់សត្វស្វាក្នុងវត្ត បាញ់សម្លា.ប់សត្វប្រចៀវ នៅក្នុងល្អាងភ្នំ បាញ់សម្លា.ប់សត្វឆ្មាក្នុងវត្ត ឬជេរប្រមាថព្រះសង្ឃយ៉ាងអសីលធម៌ទៀតផង។ល។ តែគាត់មិនដែលស្ដាប់ទេ។ ហើយថ្មីៗនេះ គាត់ត្រូវបានគេសង្ស័យថា បានបន្លំកិបកេងយកបច្ច័យសង្កត់ត្រៃយក្នុងអង្គកឋិនទានរបស់ពុទ្ធបរិស័ទថែមទៀតផង» ។ ព្រះអង្គ ជា និវត្ត បានបញ្ជាក់ថា ដោយសារតែទង្វើមិនគប្បីរបស់គាត់ ដែលគាត់បានប្រព្រឹត្តច្រើនឆ្នាំកន្លងមកនេះ ទើបវត្តនេះអស់ពុទ្ធបរិស័ទចូលមកធ្វើបុណ្យ ហើយព្រះសង្ឃរាប់សិបអង្គត្រូវបង្ខំចិត្តចាកចេញពីវត្តជាបន្តបន្ទាប់ ។

ឥឡូវសូម្បីតែព្រះអង្គអប់រំណែនាំគាត់តាមផ្លូវធម៌ផង តាមផ្លូវសាសនាផង គ្រប់បែបយ៉ាងហើយ នៅតែគាត់មិនព្រមស្ដាប់ទៀត។ គាត់នៅតែផ្គើនលើសដើម។ ដូច្នេះ មានតែព្រះអង្គមូលមតិជាមួយព្រះសង្ឃនៅក្នុងវត្ត ក្រុមគណៈកម្មការ អាចារ្យ ដូនជីតាជី និង ពុទ្ធបរិស័ទចំណុះជើងវត្ត សម្រេចចេញសេចក្ដីជូនដំណឹង ប្រកាសជាសាធារណៈ «បដិសេធមិនទទូលស្គាល់ ឧបាសិកា ជា ស៊ីលៀង» នេះតែម្ដងទៅ ។ ពីព្រោះឧបាសិកា ស៊ីលៀងនេះ គាត់ប្រព្រឹត្តប្រាសចាកពីធម៌វិន័យ និងសាសនាព្រះពុទ្ធឆ្ងាយពេកអប់រំមិនកែប្រែ ។ ហើយលិខិតនេះ ព្រះអង្គក៏បានចែកជួនអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធមួយចំនួនរួចរាល់ហើយដែរ។ យោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០២១ របស់ព្រះតេជគុណ ជា និវត្ត ចៅអធិការស្ដីទី វត្តអរិយផល ឬ វត្តភ្នំនាងលេម ដែលកោះសន្តិភាពទទួលបាន គឺមានខ្លឹមសារយ៉ាងដូច្នេះ «អាត្មាភាពព្រមទាំងគណៈកម្មការ អាចារ្យវត្តសូមប្រកាសបដិសេធមិនទទូលស្គាល់ ឧបាសិកា ជា ស៊ីលៀង ដែលជាដូនជីស្នាក់នៅក្នុងវត្តអរិយផល ឬ វត្តភ្នំនាងលេម ចាប់ពីថ្ងៃនេះតទៅ ដោយដូនជី បានប្រព្រឹត្តកំហុសដដែលៗ ច្រើនលើកច្រើនសារ» ។

ការសម្រេចប្រកាសសេចក្ដីជូនដំណឹងបដិសេធមិនទទូលស្គាល់ដូនជី ជា ស៊ីលៀង ពីសំណាក់ព្រះសង្ឃ គណៈកម្មការ តាអា ចារ្យវត្តខាងលើនេះ បើពិនិត្យលើសេចក្ដីជូនដំណឹង គឺសំអាងទៅលើកំហុសចំនួន០៦ចំណុច ដែល ដូនជី ស៊ីលៀង បានប្រព្រឹត្ត ខណៈខ្លួនកំពុងសំងំជ្រកកោណក្រោមដំបូលសាសនា ។ កំហុសទាំង០៦ចំណុចដែលដូនជីចិត្តលោភបានសាងនោះរួមមាន៖ ១-កាប់បំផ្លាញព្រៃឈើរក្នុងវត្ត ប្រទូស្ដជាសត្វក្នុងវត្ត មានសត្វស្វា សត្វឆ្មា សត្វប្រជៀវជាដើម (ហៅអ្នកនៅក្រៅវត្តមកចាប់ ប្រើអំពូលភ្លើងកំដៅខ្លាំងបាញ់បង្អើលប្រជៀវឲ្យចេញពីក្នុងស្អាងភ្នំ)។ ២-ប្រមាថគំរាមបណ្ដេញព្រះសង្ឃ វាយព្រះសង្ឃ និងគំរាមបណ្ដេញដូនជីដទៃទៀត ។ ៣-មិនស្ដាប់ឱវាទគ្រូចៅអធិការវត្ត ប្រើប្រាស់គរុភ័ណ្ឌខុសធម៌វិន័យ មិនមានការព្រមព្រៀងពីព្រះសង្ឃ។ ៤-ប្រើអំណាចគ្រប់គ្រងព្រះសង្ឃ ដោយមិនអនុញ្ញាតឲ្យព្រះសង្ឃចេញទេសនាតាមការនិមន្តរបស់បរិស័ទ។ ៥-ចាត់ ចែងរបស់របរក្នុងវត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហួងហែងរបស់របរផ្សេងៗទៀត ដែលជារបស់សង្ឃ។ ៦-ទង្វើខុសឆ្គងចុងក្រោយថ្មីៗនេះ គឺហួងហែងគ្រប់គ្រងត្រៃចីវរក្នុងអង្គកាឋិនទានចំនួន២៤ត្រៃ និងបានប្រគល់បច្ច័យសង្កត់ត្រៃត្រឹមតែចំនួន៨០៥,០០០រៀលប៉ុណ្ណោះ ដោយមិនព្រមប្រកាសក្នុងកម្មវិធីបុណ្យឲ្យម្ចាស់ទានដឹងច្បាស់លាស់។

សេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ចុងក្រោយថា «សេចក្ដីដូចបានប្រគេននិងជំរាបជូនខាងលើ រាល់សកម្មភាពរបស់ដូនជី ជា ស៊ីលៀង មិនតំណាងឲ្យដូនជី និងព្រះសង្ឃ វត្តអរិយផល ចាប់ពីថ្ងៃចេញប្រកាសជូនដំណឹងនេះតទៅ»។ ពាក់ព័ន្ធកំហុសឆ្គងរបស់ដូនជី ជា ស៊ីលៀង បើតាមលោក យ៉ាត កំសត់ ដែលទើបទទូលតំណែងជាថ្មី ប្រធានអាចារ្យវត្តអរិយផលនេះ បាននិយាយថា បើនិយាយពីកំហុសដែលដូនជី ស៊ីលៀងនេះបានប្រព្រឹត្ត គឺច្រើនអនេកណាស់ ចាប់តាំងពីគាត់មកស្នាក់នៅក្នុងវត្តជាង១០ឆ្នាំកន្លងទៅនេះ ។ លោកអាចារ្យបានបន្តថា ក្រៅពីប្រព្រឹត្តខុស០៦ចំណុចខាងលើ យាយលៀង បានធ្វើខុសធម៌វិន័យសាសនាធ្ងន់ធ្ងរទៀត ។ ដូចជា កិបកេងប្រាក់ដែលពុទ្ធបរិស័ទចូលកសាងវត្តរាប់ពាន់ដុល្លារ ។ គាត់លាក់លៀមមិនឲ្យចៅអធិការ ឬ គណៈកម្មការដឹង ហើយម្ចាស់ទានគេមិនបានដឹងអំពីគំនិតដ៏អាក្រក់របស់យាយលៀងទេ ព្រោះសំដីគាត់ល្អ តែគំនិតអាក្រក់ ។ យាយលៀង តែងតែលួចលក់សម្ភារនានា មិនថា ជារបស់ក្នុងវត្ត ឬរបស់សង្ឃទេ។ សូម្បីតែទឹកសុទ្ធ ទឹកត្រី ទឹកស្អៀវ ឬ គ្រៀងអាហារផ្សេងៗ ដែលពុទ្ធបរិស័ទយកទៅប្រគេនព្រះសង្ឃ គឺ យាយ លៀង ដឹកយកទៅលក់ទាំងអស់ មិនទុកធ្វើចង្ហាន់ព្រះសង្ឃទេ ។

ព្រោះរូបលោកជាអ្នកធ្លាប់ត្រូវយាយលៀង ប្រើឲ្យដឹកយកទៅលក់ឲ្យគាត់ផ្ទាល់។ តាអាចារ្យ បានបកអាក្រាតយាយលៀង ដែលបានកិបកេងបច្ច័យអង្គកឋិនទាន កាលពីប៉ុន្មានថ្ងៃមុននេះថា «យាយលៀង អាចលួចកិបកេងប្រាក់សង្កត់ត្រៃអង្គឋិនទាន ដែលមានលើសពី២៤ត្រៃ ។ គាត់និយាយថា នៅចុងម៉ោងនៃពិធីបុណ្យ យាយ លៀង បានព្យាយាមគេចវែសមិនព្រមប្រគល់ត្រៃ ឬប្រាក់សង្កត់ត្រៃឲ្យទៅគណៈកម្មការ ដើម្បីប្រកាសនៅចំពោះមុខម្ចាស់ទានទេ រហូតទាល់តែគណៈកម្មការបង្ខំទាមទារ ទើបគាត់ព្រមប្រគល់ត្រៃចំនួន២៤ត្រៃ និងប្រាក់សង្កត់ត្រៃចំនួន៨០៥,០០០រៀលប៉ុណ្ណោះ ដែលស័ក្តសមនឹងប្រាក់សង្កត់ត្រៃ ដែលម្ចាស់ទានបានធ្វើនោះទេ ។ លោក យ៉ាត កំសត់ បានបញ្ជាក់ថា ដោយសារតែចំនួនប្រាក់សង្កត់ត្រៃដែលមិនគួរឲ្យជឿនេះ ក្រោយបញ្ចប់កម្មវិធីបុណ្យម្ចាស់ទាន២នាក់ បានអះអាងថា គាត់ទាំង២នាក់ បានដាក់ប្រាក់សង្កត់ត្រៃក្នុងម្នាក់ៗចំនួន១០០ដុល្លារ ចុះហេតុអីបានជាត្រៃរហូតដល់ទៅ២៤ត្រៃ បែរជាមានទទូលបានប្រាក់សង្កត់ត្រែត្រឹមតែជាង៨០ម៉ឺនរៀលទៅវិញ ?

ត្រង់ចំណុចនេះ ទាំងម្ចាស់ទាន ទាំងពុទ្ធបរិស័ទដទៃទៀត និងគណៈកម្មការវត្តផង បានដាក់ការសង្ស័យថា «យាយលៀងប្រាកដជាលួចកឹបកេងបច្ច័យអង្គកឋិនទាននេះរាប់លានរៀលហើយ»។ យ៉ាងណាក្ដី ងាកមកមើលសកម្មភាព ដូនជី ជា ស៊ីលៀង វិញ ក្រោយពីផ្ទុះរឿងអាស្រូវបាត់បច្ច័យអង្គកឋិនទាន និង បន្ទាប់ពីដឹងថា ព្រះសង្ឃ គណៈកម្មការ និង អាចារ្យវត្ត ចេញសេចក្ដីប្រកាសបដិសេធមិនទទូលស្គាល់គាត់ជាដូនជី នៅក្នុងវត្តបន្តទៀត ស្រាប់តែគេឃើញដូនជីរូបនេះ បានស្ទុះស្ទាររត់ទៅសុំជំនួយពីមន្ត្រីសង្ឃ មន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលស្និតនឹងគាត់ ដើម្បីអន្តរាគមន៏ក្នុងរឿងនេះ។ ជាពិសេសគាត់បានទៅសុំជំនួយពីលោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល ដើម្បីឲ្យជួយគាត់បានរស់នៅក្នុងវត្តអរិយផលបន្តទៀត។ នៅរសៀលថ្ងៃទី ២៣ វិច្ឆិកា លោក គុយ វណ្ណូ បានកោះអញ្ជើញមន្ត្រីពាក់ព័ន្ធ និងផ្នែកសាសនាប៉ុន្មាននាក់ មានទាំងមន្ត្រីសង្ឃនៅក្នុងស្រុក ព្រះតេជគុណ ជា និវត្ត ចៅអធិការស្រីទី វត្តអរិយផល និង ដូនជី ជា ស៊ីលៀង ឲ្យចូលជួបដោះស្រាយគ្នាពីបញ្ហាវិវាទនេះ នៅក្នងសាលាស្រុក។

ប៉ុន្តែបើតាមព័ត៌មានជំនួបរកដំណោះស្រាយនេះ គឺភាគីខាងព្រះតេជគុណ ជា និវត្ត ត្រូវបានលោកចៅហ្វាយស្រុក អនុញ្ញាតចូលតែមួយអង្គឯងប៉ុណ្ណោះ បើទោះជាមានព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត អមដំណើរមកជាមួយប៉ុន្មាននាក់ទៀត ក៏គេមិនឲ្យចូលស្ដាប់ដែរ រីឯភាគីខាងយាយ លៀង ក៏មានម្នាក់ឯងដែរ តែក្រុមអ្នកតាមដាន បានអះអាងថា មន្ត្រីប៉ុន្មាននាក់ ក្នុងនោះមានលោកចៅហ្វាយស្រុក ចៅហ្វាយស្រុករង រួមទាំងមន្ត្រីសង្ឃមួយអង្គទៀត សុទ្ធតែស្ថិតនៅខាងភាគីយាយលៀងទាំងអស់។

ពីព្រោះពេលចាប់ផ្ដើមពិភាក្សា គឺ មន្ត្រីទាំងនោះសុទ្ធតែនិយាយលំអៀងទៅខាងយាយលៀង បើទោះជាព្រះតេជគុណ ជា និវត្ត បានទាញហេតុផល នៃកំហុសរបស់យាលៀង និង ភស្ដុតាងគ្រប់គ្រាន់យ៉ាងណាក្ដី ក៏មន្ត្រីប៉ុន្មាននាក់នោះ នៅតែទទូចសុំឲ្យមានការអនុគ្រោះដល់យាយលៀងដែរ ។ ពោល គឺ មន្ត្រីប៉ុន្មាននាក់នោះ មិនចង់ឲ្យមានការបណ្ដេញយាយលៀង ចេញពីវត្ត ។ ដោយសារដំណោះស្រាយហាក់មានភាពលំអៀងបែបនេះហើយ ទើបពុទ្ធបរិស័ទមួយចំនួន ដាក់ការសង្ស័យថា អាជ្ញាកណ្ដាលទំនង ជាអាចបានសើមមាត់ សើម.កពីយាយលៀងខ្លះៗហើយ ទើបបានជាមើលកំហុសយាយលៀងជាង១០ឆ្នាំកន្លងទៅនេះ មិនឃើញបែបនេះ។

កោះសន្តិភាព មិនទាន់អាចសុំការបំភ្លឺពីលោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌលបាននៅឡើយទេ ជុំវិញការជួបរកដំណោះស្រាយនេះ។ ប៉ុន្តែព្រះតេជគុណ ជា និវត្ត ចៅអធិការស្តីទី វត្តអរិយផល បានមានសង្ឃដីកាថា បើតាមស្ដាប់ការលើកឡើងរបស់អ្នកចូលរួមរកដំណោះស្រាយ គឺគេនាំគ្នាគាបសង្កត់ព្រះអង្គ មិនឲ្យបណ្ដេញយាយលៀងចេញពីវត្ត តែគេមិនបានពិចារណាទៅលើកំហុសយាយលៀងទេ។

លោកអភិបាលស្រុកបានស្នើសុំឲ្យព្រះអង្គយោគយល់ដល់យាយលៀង ដោយបញ្ឈប់សកម្មភាពយាយលៀង មិនឲ្យធ្វើអ្វីផ្តេសផ្ដាស់ទៀតទេ គឺសុំឲ្យគាត់ស្នាក់នៅក្នុងវត្តដូចធម្មតា។ ព្រះអង្គបានចាត់ទុកការរៀបចំជំនួបបែបនេះថា វាខុសនឹងច្បាប់សង្ឃ ដែលរឿងរ៉ាវសាសនា គួរតែត្រូវដោះស្រាយ ដោយមន្ទីរសាមី មិនមែនដោះស្រាយនៅសាលាស្រុក ដឹកនាំដោយលោកចៅហ្វាយស្រុកដូច្នេះទេ។ ប៉ុន្តែយ៉ាងណា ព្រះអង្គមិនទាន់បានសម្រេចយ៉ាងណា ដោយអង្គឯងតាមការស្នើសុំរបស់លោកចៅហ្វាយស្រុកទេ គឺស្ថិតនៅលើការប្រជុំពិភាក្សាគ្នារបស់ព្រះសង្ឃ គណៈកម្មការ អាចារ្យ និង ពុទ្ធបរិស័ទ តើត្រូវមានវិធានការបែបណាចំពោះ ដូនជី ជា ស៊ីលៀង ?




ចែករំលែកព័តមាននេះ