ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអតីតអ្នកតំណាង​រាស្ត្រ​បក្សប្រឆាំងម្នាក់ទៀត បង្កើតគណបក្សថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧ​បប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត អនុញ្ញាត​ឲ្យ​លោក ឃឹម ឡា​គី…

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧ​បប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត អនុញ្ញាត​ឲ្យ​លោក ឃឹម ឡា​គី អតីត​អ្នកតំណាងរាស្ត្រ​អតីត​គណបក្សប្រឆាំង បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះថា គណបក្ស​អនាគតជាតិ​។ លិខិតអនុញ្ញាត​នេះ ចេញ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់ពី​លោក ឃឹម ឡា​គី តំណាង​ស្ថាបនិក​គណបក្ស​អនាគតជាតិ បានដាក់​លិខិត​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​នេះ ទៅកាន់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា «​ផ្អែក​តាម​បញ្ញត្តិ​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត «​គណបក្ស​អនាគតជាតិ​» សរសេរ​ជា​អក្សរ​កាត់ «​គ​.​អ​.​ជ​» និង​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល ស្ថិតនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ ដូច្នេះ​ដើម្បី​ទទួលបាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​បាន ដោយ​ស្របច្បាប់ ក្នុងឋានៈ​ជា​នីតិបុគ្គល នៅក្នុង​រយៈពេល ១៨០​ថ្ងៃ បន្ទាប់ពី​បាន​បង្កើត​រួចហើយ គណបក្ស​អនាគតជាតិ ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​បញ្ញត្តិ​មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​»​។​

​សូម​រម្លឹកថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ យ៉ាងហោចណាស់ មាន​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ចំនួន ២៦​នាក់ ក្នុងចំណោម ១១៨​នាក់ រួមមាន​៖ ១-​លោក គង់ គាំ ២-​លោក គង់ បូរ៉ា ៣-​លោក ស៊ីម សុវណ្ណនី ៤-​លោក ច័ន្ទ សិលា ៥-​លោក រៀល ខេមរិន្ទ ៦-​លោកស្រី ទេព សុ​ទ្ធី ៧-​លោក កង គឹម​ហាក់ ៨-​លោក ជីវ កត្តា ៩-​លោក សុន ឆ័យ ១០-​លោក តាវ គឹម​ឈន ១១-​លោក វ៉ា សាម៉ុន ១២-​លោក ស៊ុន សុ​ភ័​ក្រ ១៣-​លោកស្រី លី ស្រី​វី​ណា ១៤-​លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥-​លោក ថាច់ សេដ្ឋា ១៦-​លោក យ៉ែម បុញ្ញឫទ្ធិ ១៧-​លោក មុត ចន្ថា ១៨-​លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩-​លោក ទួត យឿ​ត ២០-​លោក ឡា​ត់ លិ​តេ​យ្យ ២១-​លោក ឡុង គឹម​ឃ​ន ២២-​លោកស្រី យង់ ផាន់​ណេ​ត ២៣-​លោក ប៉ុល ហំ​ម ២៤-​លោក ផាន់ ច័ន្ទ​សាក់ ២៥-​លោក ឃឹម ឡា​គី និង​២៦-​លោក ម៉ៅ សុផល​។​

​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីត​ថ្នាក់ដឹកនាំ និង​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៧​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ​របស់លោក ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ៦-​គណបក្ស​បេះដូង​ជាតិ ដែលមាន​លោក សៀម ភ្លុក ជា​តំណាង និង​៧-​គណបក្ស​អនាគតជាតិ របស់លោក ឃឹម ឡា​គី​។

​ក៏ប៉ុន្តែ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បានចេញ​លិខិត ជម្រាបជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដោយ​ក្រសួងមហាផ្ទៃ សម្រេច​បដិសេធ​ក្នុង​ការសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​។ មូលហេតុ ក្រសួងមហាផ្ទៃ លើកឡើងថា ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ