ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ពន្យារពេល​សវនាការ​ករណី​ពលរដ្ឋ​៦​គ្រួសារ​ជាប់ចោទ​រស់នៅ​លើ​ដីសហគមន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ

2 ឆ្នាំ មុន
  • ស្វាយរៀង

ចៅក្រម​សាលាដំបូង ខេត្ត បាន​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដែល​ជាប់ចោទ​ពី​បទ​ចូល​ទៅ​កាន់កា.ប់​ដី​សហ​គម​ន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ ស្ថិត​ក្នុងភូមិ

ខេត្តស្វាយរៀង ៖ ចៅក្រម​សាលាដំបូង ខេត្ត បាន​កោះហៅ​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដែល​ជាប់ចោទ​ពី​បទ​ចូល​ទៅ​កាន់កាប់​ដី​សហ​គម​ន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ដើម្បី​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ដេញដោល​ប្រមា​ណ​២​ម៉ោង តុលាការ​ក៏​លើក​ពេល​សវនាការ ហើយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ តាម​សំណើ​របស់​លោក​មេធាវី​ការពារ​ក្តី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​៦​គ្រួសារ​នោះ​បាន​រស់នៅ​លើ​ដី​លំនៅ​ឋាន ដែល​ពួក​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ​ដោយ​ស្របច្បាប់ ។

ទាក់ទិន​នឹង​ករណី​នេះ លោក សេង សិលា អភិ​បាល​រង​ខេត្ត បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា តុលាការ​បាន​លើក​ពេល​សវនាការ ហើយ​រុញ​ករណី​នេះ​មក​ឲ្យ​អាជ្ញាធរ​ខេត្ត​សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​លោក​មេ​ធា​វី​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​សាលាខេត្ត​សម្របសម្រួល​ដោះស្រាយ ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​៥-៦​គ្រួ​សារបាន​កាន់​កាប់​រស់នៅ​ស្របច្បាប់ ។ ឯការ​សម្រេច​ថា​ឲ្យ​ឬ​មិន​ឲ្យ ពុំ​មែន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ទេ គឺ​ដី​នេះ​ជា​ដី​ព្រៃឈើ​ត្រូវ​អភិរក្ស គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​ករណី​នេះ​ដែរ រដ្ឋបាល​ខេត្ត​បាន​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​ទៅ​ក្រសួងកសិកម្ម ដូច្នេះ​ការ​​សម្រេច​ឲ្យ​ឬ​មិន​ឲ្យ​គឺ​លើ​ក្រសួង​ជា​អ្នក​សម្រេច ។ រដ្ឋបាល​ខេត្ត​គ្រាន់តែ​សម្របសម្រួល​មើល​ច្បាប់ និង​ការ​ចូល​កាន់កាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​ឬ​យ៉ាងណា ?

កាលពីដើម​ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុមការងារ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា ពុំ​មែនមាន​តែ​៦​គ្រួសារ​ទេ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត បាន​កាន់កាប់​ដី​លើស​ចូល​ទៅ​ក្នុង​ដី​ព្រៃ​សហគមន៍ ។ ក្រសួងកសិកម្ម​បាន​ស្នើ​ឲ្យ​ខេត្ត​ចុះ​វាស់វែង​ព្រំប្រទល់​ដី​ព្រៃ ដើម្បី​ចុះបញ្ជី​«​ដី​ព្រៃ​សហគមន៍​ចម្ការ​កូន​គគីរ​» ហើយ​ក្រុមការងារ​បាន​រៀបចំ​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ព្រៃ ក៏​ប៉ុន្តែ​ដោយ​មាន​ភ្លៀង​ធ្លាក់ទឹក​ច្រើន​ទើប​ផ្អាក ។

លោក សេង សិលា បន្ត​ទៀត​ថា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ តាម​អនុក្រឹត្យ​កំណត់​១៣០​ម៉ែត្រ​ពី​អក្ស​ផ្លូវ គឺជា​ដី​សហគមន៍ព្រៃឈើ​ចម្ការ​កូន​គគីរ ដែល​មាន​ទំហំ​៤០៤​ហិ​ក​តា ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ជា​ច្រើន​គ្រួសារ បាន​កាន់កាប់​ដី​លើស​ចូល​ទៅ​ក្នុង​ដី​ព្រៃ​អភិរក្ស ។ ចំណែក​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ គឺ​ពិនិត្យ​ឃើញ​ថា ពិតជា​មានការ​ខ្វះខាត​មែន គ្មាន​ដី​សង់​លំនៅ​ឋាន​និង​គ្មាន​ដីស្រែ​ទេ ហើយ​រដ្ឋបាល​ខេត្ត​បាន​សម្របសម្រួល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​កន្លែង​ផ្សេង ក៏​ប៉ុន្តែ​ពួក​គាត់​មិន​ព្រម ពួក​គាត់​សុំ​ចង់​រស់នៅ​លើ​ដី​ដែល​ពួក​គាត់​រស់នៅ​សព្វថ្ងៃ ចង់​នៅ​ដី​ក្នុង​ក្រុង ។ ចំណែក​នៅ​ស្រុក​រមាស​ហែក ប្រជា​ពល​រដ្ឋ​បាន​រស់នៅ​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​របស់​រដ្ឋ អាជ្ញាធរ​ខេត្ត​បាន​សុំ​គោលការណ៍​ទៅ​ក្រសួង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច កាត់​ឆ្វៀល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ ។

ចំពោះ​ប្រជាពលរដ្ឋ​៦​គ្រួសារ​នេះ គឺ​នៅ​ពេល​ទឹក​ស្រក ក្រុមការងារ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នឹង​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ព្រៃ​សហគមន៍​ដើម្បី​ចុះបញ្ជី និង​ធ្វើ​របាយការណ៍​រៀបចំ​គោលការណ៍​ស្នើ​សុំ​ទៅ​ក្រសួងកសិកម្ម សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ឲ្យ​ចប់​ជាមួយ​គ្នា ហើយ​លទ្ធផល​យ៉ាងណា​នោះ គឺជា​ការ​សម្រេច​របស់​ក្រសួងកសិកម្ម ។

ចំណែក​ប្រជាពលរដ្ឋ​វិញ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​៦​គ្រួសារ បាន​កាន់កាប់​ដី​សង់​លំនៅ​ឋាន​សព្វ​ថ្ងៃនេះ គឺ​១​គ្រួសារ​ទំហំ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ ខ្លះ​១០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ សម្រាប់​សង់ផ្ទះ​ខ្ទម​រស់នៅ និង​ដាំ​បន្លែ​ផ្គត់ផ្គង់​ជីវភាព ។ មុខរបរ​រដូវប្រាំង​គោះ​ពងអង្ក្រង​លក់ ដើមខែ​វស្សា​ដក​ផ្សិត​ផ្ចា​ក់ ពេល​មានទឹក​រក​ត្រី កូន​ៗ​ធ្វើការ​នៅ​រោងចក្រ គ្រាន់​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ