ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទាញ​ការ​វិនិយោគ​ពី​អឺ​រុ​ប

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសារ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​បាន​ល្អ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ទ្វេភាគី​ និង​ពហុភាគី​នានា របស់​កម្ពុជា ​នោះ កម្ពុជា​បាន​កំពុង​ប្រែក្លាយទៅ​ជាទី​តាំង​ផលិតកម្ម ធុរកិច្ច និង​វិនិយោគ​មួយ​កាន់តែ​សំខាន់…

រាជធានីភ្នំពេញ ៖ ដោយសារ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​បាន​ល្អ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ទ្វេភាគី​ និង​ពហុភាគី​នានា របស់​កម្ពុជា ​នោះ កម្ពុជា​បាន​កំពុង​ប្រែក្លាយទៅ​ជាទី​តាំង​ផលិតកម្ម ធុរកិច្ច និង​វិនិយោគ​មួយ​កាន់តែ​សំខាន់ ​និង​មាន​សក្តានុពល​នៅ​ក្នុង​តំបន់ ហើយ​មាន​ទីផ្សារ​នាំ​ចេញ​កាន់តែ​ធំ ប្រកបដោយ​ភាព​ប្រកួតប្រជែង​សម្រាប់​វិនិយោគិន​ពី​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ពី​តំបន់​អឺរ៉ុប​ ។

ថ្លែង​ទៅ​កាន់វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី ​១ ដែល​មាន​ពាណិជ្ជករ​តំបន់​អាស៊ី​ និង​អឺរ៉ុប ចូលរួម​ក្រោម​មូលបទ «ការ​ផ្លាស់​ប្ដូរ​ទៅ​គន្លង​ប្រក្រតី​ភាព​ថ្មី ៖ ការ​លើកកម្ពស់​ការ​ចូលរួម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​សកល ពហុភាគី​និយម និង​បដិវត្តន៍​ឧស្សាហកម្ម​ទី ​៤» នា​ព្រឹក​ថ្ងៃ​ទី ​២៤ ខែវិច្ឆិកា ឆ្នាំ ​២០២១​ នេះ សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ​កម្ពុជា បាន​សម្រេចការ​ចាក់​វ៉ាក់សាំង​បាន​ក្នុង​អត្រា​ជាង​ ៨៨% ​នៃ​ចំនួន​ប្រជាជន​កម្ពុជា ​១៦ ​លាន​នាក់ ​។

Picture

ជាមួយ​គ្នា​នេះ​កម្ពុជា បាន​និង​កំពុង​ខិតខំ​រៀបចំ ​និង​ដាក់​អនុវត្ត​វិធានការ​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​បន្ថែម​ទៀត​តាម រយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កែ​លម្អ​ប្រព័ន្ធ​ដឹក​ជ​ញ្ជួ​ន ទាំង​ផ្នែក​ទន់​ និង​រឹង ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ឌី​ជី​ថ​ល​ និង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ។

រដ្ឋាភិបាល​បាន​ពង្រីក​ទីផ្សារ​នាំ​ចេញ​កាន់តែ​ទូលំទូលាយ តា​យ​រយៈ​ការ​បង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ក្នុង​នោះ​រួម​មាន កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​នឹង​ចូល​ជា​ធរមាន នា​ពេល​ឆាប់​ៗ​ខាង​មុខ ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សង្កត់ធ្ងន់​ថា «ជាមួយ​គ្នា​នេះ​កា​រវិ​វត្ត​ជា​វិជ្ជមាន​ទាំងនេះ​បាន​និង​កំពុង​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជាទី​តាំង​ផលិតកម្ម ធុរកិច្ច និង​វិនិយោគ​មួយ​កាន់តែ​សំខាន់ ​និង​មាន​សក្តានុពល​នៅ​ក្នុង​តំបន់ ហើយ​មាន​ទីផ្សារ​នាំ​ចេញ​កាន់តែ​ធំ ប្រកបដោយ​ភាព​ប្រកួតប្រជែង​សម្រាប់​វិនិយោគិន​ពី​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ពី​តំបន់​អឺរ៉ុប​» ។

Picture

នៅ​ក្នុង​បរិការណ៍​ដែល​ពិភពលោក​កំពុង​ត្រៀមខ្លួន​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​ ១៩ សម្តេច ​ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកចូលរួម​តាម​វី​ឌី​អូ​អន​ឡាញ ប្រទេស​អាស៊ី​ និង​អ៊ឺ​រ៉ុ​ប ​ត្រូវ​មាន​សាមគ្គីភាព ការ​បង្កើន​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ពិសេស​ការ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ស៊ីជម្រៅ ការ​ចាប់​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ការ​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ការ​អភិវឌ្ឍ​បៃតង​ឬ​ការ​អភិវឌ្ឍ​ដោយ​មិន​បំផ្លាញ​បរិស្ថាន ទើប​អាច​ស្តារ​សង្គម​និង​សេដ្ឋកិច្ច​អោយ​រឹង​មាំ​ឡើង​វិញ​បាន ​។

ទំហំ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​អាស៊ី​-​អ៊ឺ​រ៉ុ​ប គឺ​មាន​ច្រើន​លើស​ទំហំ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម សកល​ទៅ​ទៀត ​។ យោង​តាម​តួលេខ​ដែល​ប្រមុខ​រដ្ឋាភិបាល​លើក​ឡើង​នៅ​ក្នុង​វេទិកា ទំហំ​សេដ្ឋកិច្ច​អាស៊ី​-​អ៊ឺ​រ៉ុ​ប មាន​ចំនួន​ ៦៥% នៃ​សេដ្ឋកិច្ច​សកល ​។ ចំណែកឯទំហំ​ពាណិជ្ជកម្ម​អាស៊ី​-​អ៊ឺ​រ៉ុ​ប​វិញ មាន​ចំនួន ៥៥% នៃ​សេដ្ឋកិច្ច​សកល ​។

វេទិកា​សេដ្ឋកិច្ច​ និង​ធុរកិច្ច​អាស៊ី​-​អ៊ឺ​រ៉ុ​ប​លើក​ទី ​១ ជា​ព្រឹត្តិការណ៍​អម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អ៊ឺ​រ៉ុ​ប​លើក​ទី ​១៣ (ASEM13) ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី ​២៥ ​វិច្ឆិកា​នេះ​ ៕