ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នៅ​មិន​ទាន់​ហ៊ាន​ទិញ​ម្រេច​កំពត​ទទួលទាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អឺរ៉ុប​នៅ​តែ​ជាទី​ផ្សារ​សំខាន់​សម្រាប់​ម្រេច​កំពត​ដែល​មានគុណ​ភាពល្អ តម្លៃ​ខ្ពស់ ខណៈ​ដែល​ប្រទេស​ចិន​ទោះជាបាន​ទទួល​ទិញ​កសិផល​ខ្មែរ​ជា​ច្រើន​មុខ​ក្តី តែ​ចិន​នៅ​មិន​ទាន​ហ៊ាន​ទិញ​ម្រេច​កំពត​ទទួលទាន​នោះ​ទេ​ ។ លោក ​ងួ​ន ឡាយ…

រាជធានី​ភ្នំពេញ ​៖ អឺរ៉ុប​នៅ​តែ​ជាទី​ផ្សារ​សំខាន់​សម្រាប់​ម្រេច​កំពត​ដែល​មានគុណ​ភាពល្អ តម្លៃ​ខ្ពស់ ខណៈ​ដែល​ប្រទេស​ចិន​ទោះជាបាន​ទទួល​ទិញ​កសិផល​ខ្មែរ​ជា​ច្រើន​មុខ​ក្តី តែ​ចិន​នៅ​មិន​ទាន​ហ៊ាន​ទិញ​ម្រេច​កំពត​ទទួលទាន​នោះ​ទេ​ ។ លោក ​ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​ចិន ភាគច្រើន​ទទួល​ទិញ​ម្រេច​ដែល​ដាំ​ដុះនៅ​ខេត្ត​ផ្សេង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ម្រេច​កំពត បន្ទាប់​ពី​លោក​បាន​ជួប​ក្រុមហ៊ុន​ជា​ច្រើន ដើម្បី​សិក្សា​នាំ​ចេញ គឺ​មិន​មាន​ទេ ពីព្រោះ​ពួក​គាត់​មិន​ហ៊ាន​ទទួលដោយសារ​ម្រេច​កំពត​មាន​តម្លៃ​ថ្លៃ ដែល​ខុស​ពី​ម្រេច​មក​ពី​ខេត្ត​ដទៃ ដូច​ជា ៖ មេមត់ រតនគិរី មណ្ឌលគិរី​ នោះ ​។

ម្រេច​ខេត្ត​ផ្សេង​ក្រៅពី​ខេត្តកំពត មាន​តម្លៃ​ពី ​២ ទៅ ​៤ ​ដុល្លារ ក្នុង​ ១ ​គីឡូក្រាម ចំណែក​ម្រេច​កំពត គ្រាន់តែ​ម្រេចខ្មៅ​តម្លៃ ​១៥​ដុល្លារ ម្រេច​ក្រហម ​២៥​ដុ ល្លារ និង​ម្រេចស ២៨ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ​។ ម្រេច​កំពត​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ និង​ទទួលស្គាល់​គុណភាព​ដោយ​សហគមន៍​អឺរ៉ុប​ ។ លោក ​ងួ​ន ឡាយ និយាយ​ថា ម្រេច​កំពត​ដែល​នាំ​ចេញ​ទៅ​ចិន បើ​សម្រាប់​ជាប​ញ្ជើ​រ មាន​ប្រមាណពី​ ៤ ​ទៅ ​១០ ​គីឡូក្រាម តែបើ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម គឺ​មិន​មាន​ទេ ដោយសារ​តម្លៃ​ថ្លៃ​ ។ «ទីផ្សារ​ដែល​យើង​ធ្វើ​បាន​កន្លង​មក មាន​តែ​ទៅ​ខាង​ប៉ែក​អឺរ៉ុប មាន ៖ ​អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​អាម៉េរិក ហុងកុង តៃវ៉ាន់ ជប៉ុន ជាដើម​ ។ បច្ចុប្បន្ន​កម្ពុជា​កំពុង​សិក្សា​បន្ថែម​ទៀត​ទីផ្សារ​នៅ​អ៊ុយ​ក្រែ​ន​» ។

នៅ​ក្នុង​បរិបទ​កូ​វី​ដ ​១៩ ម្រេច​កំពត​នៅ​តែ​មាន​ទីផ្សារ​ល្អ​ដដែល ដោយសារ​ម្រេច​កំពត​នៅ​តែ​រក្សា​បាន​នូវ​គុណ​ភាពល្អ ហើយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ។ ទាក់ទិន​នឹង​គោលនយោបាយ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ជា​ពិសេស​រាល់​អ្វី​ដែល​ជា​កិច្ចសន្យា​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​នោះ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត បាន​ស្វាគមន៍​និង​គាំទ្រ​លើ​ទស្សនវិស័យ​អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​រៀបចំ​ផលិតផល​នាំ​ចេញ​ទៅ​ចិន ។

លោក អុ​ន ប៊ុត អ្នក​ដាំ​ម្រេច​កំពត​មួយ​រូប​បានឱ្យ​ដឹង​ថា កាល​មួយ​រយៈពេល​មុន​ទីផ្សារ​ម្រេច​កំពត​ហាក់​មាន​បញ្ហា​បន្តិច ធ្វើ​ឱ្យ​កសិករ​ត្រូវ​រក​ទីផ្សារ​សម្រាប់​លក់​ដោយ​ខ្លួនឯង តែ​ក្រោយមកក៏​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​EU Land បាន​សន្យា​ជួយ​ទិញ​ម្រេច​ពី​កសិករ​ក្នុង​ខេត្តកំពត ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ម្រេច​កំពត​មាន​ទីផ្សារ​ឡើង​វិញ ។ លោក​បន្ត​ថា ក្រុមហ៊ុន​នេះ នឹង​ទិញ​ម្រេច​ពី​កសិករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​ផ្ទាល់ ហើយ​ឆ្នាំ​ដំបូង​ៗ​ពួក​គេ​ទិញ​ក្នុង​បរិ​មាន​តិចតួច​បន្ទាប់​មក​គេ​នឹង​បង្កើន​បរិមាណ​ទំនិញ​កាន់តែ​ច្រើន​ឡើង​ៗ​ថែម​ទៀត ​។

លោក ​អុ​ន ប៊ុត ជឿជាក់​ថា​ ទីផ្សារ​ម្រេច​កំពត ​ជា​ពិសេស​ម្រេច​កំពត ​នឹង​មាន​ទីផ្សារ​ឡើង​វិញ​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ ពេល​កន្លង​មក​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​ ១៩​ ផង​នោះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ