អ្នកទស្សនវិជ្ជាពុទ្ធសាសនា គឺព្រះមហាស៊ឹម សានិត បានមានថេរដីកាថា បើអ្នកដទៃធ្វើគុណ ធ្វើសេចក្តីល្អមកលើខ្លួន ចូរចងចាំជាប់ក្នុងចិត្តជានិច្ច និងមិនត្រូវយកទោសទៅសងគុណឡើយ បើមិនអាចតបស្នងសងគុណគេវិញទេនោះ ។ ខាងក្រោមនេះជាទស្សនទាន៩ចំណុចដែលខេមរជនគ្រប់រូបគួរសិក្សាឈ្វេងយល់ឱ្យណាស់៖

១. បើអ្នកដទៃធ្វើគុណ ធ្វើសេចក្តីល្អមកលើខ្លួន ចូរចងចាំ និងត្រូវតបស្នងសងគុណបុគ្គលនោះវិញ បើអាចធ្វើបាន ។
២. បើអ្នកដទៃធ្វើគុណ ធ្វើសេចក្តីល្អមកលើខ្លួន ចូរចងចាំ និងមិនត្រូវយកទោសទៅសងគុណឡើយ បើមិនអាចតបស្នងសងគុណគេវិញទេ ។
៣. បើគេទុកចិត្តយើង ចូរកុំធ្វើឱ្យគេបាត់បង់នូវទំនុកចិត្តនោះឱ្យសោះ ។
៤. បើគេស្រលាញ់អ្នកដោយភាពស្មោះត្រង់ ចូរអ្នកកុំតបនូវសេចក្តីស្រលាញ់ដោយសេចក្តីស្អប់ខ្ពើម ឬទង្វើណាមួយដែលអាចធ្វើឱ្យគេខកចិត្ត ។

៥. បើចង់ឱ្យមនុស្សល្អ និងមានសមត្ថភាពនៅក្បែរអ្នក ឬនៅជាមួយនឹងអ្នក អ្នកក៏ត្រូវតែខិតខំ ព្យាយាម ប្តេជ្ញាចិត្ត សាងខ្លួនឯងឱ្យក្លាយទៅជាមនុស្សល្អ និងមានសមត្ថភាពម្នាក់ដូចគេដែរ ។
៦. ត្រូវខិតខំ ព្យាយាម ធ្វើនូវទង្វើល្អ ដោយកាយ វាចា និងចិត្ដ ព្រមទាំងសេពគប់តែកល្យាណមិត្ត វៀរចាកនូវបាបមិត្ត និងអំពើអបាយមុខផ្សេងៗ ។

៧. នៅក្នុងស្ថានភាពដ៏អាក្រក់បំផុត បើសិនជាអ្នកត្រូវតែក្បត់ អ្នកអាចក្បត់នរណាៗបានទាំងអស់ ប៉ុន្តែចូរកុំក្បត់មនសិការ ឬឧត្តមគតិរបស់ខ្លួនឯង គឺកុំក្បត់ខ្លួនឯង កុំក្បត់ប្រទេសជាតិ ឬជាតិសាសន៍របស់ខ្លួនឯងឱ្យសោះ ។
៨. បើសិនជាអ្នកទៅរស់នៅក្នុងប្រទេសណា ចូរកុំបង្កអសន្តិសុខ ឬភាពគ្មានសណ្តាប់ធ្នាប់ និងចូរកុំប្រព្រឹត្តបំពានច្បាប់ ឬវិន័យនៅក្នុងប្រទេសនោះឱ្យសោះ ពីព្រោះច្បាប់មិនត្រូវបំពាន និងគុណផ្តល់ជម្រកស្នាក់អាស្រ័យ រស់នៅដោយសមស្របក្នុងតម្លៃជាមនុស្ស ។

៩. នៅក្នុងទំនាក់ទំនងល្អ មិនមានភាគីណាមួយដែលត្រូវបង់ខាតជាងភាគីណាមួយដទៃទៀតឡើយ ។
សូមជួយពិចារណានិងស្វែងយល់ឱ្យបានហ្មត់ចត់និងបែបស៊ីជម្រៅទៅក្នុងទស្សនៈទាំង៩ចំណុចនេះ ដើម្បីបានជាគុណប្រយោជន៍ដល់ខ្លួនឯងផង និងអ្នកដទៃផង ៕ សាន សារិន
ចែករំលែកព័តមាននេះ