ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះ «គណបក្សកម្ពុជានិយម» របស់លោក យ៉ែម បុញ្ញឫទ្ធិ ក្នុងបញ្ជីគណបក្សនយោបាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទីបំផុត នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ​៖ ទីបំផុត នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា លើ​លិខិត សម្រេច​ចុះឈ្មោះ «​គណបក្ស​កម្ពុជា​និយម​» របស់លោក យ៉ែម បុញ្ញឫទ្ធិ ក្នុង​បញ្ជី​គណបក្សនយោបាយ​។​

​លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្រេច​ថា «​ត្រូវបាន​ចុះឈ្មោះ គណបក្ស​កម្ពុជា​និយម សរសេរ​ជា​អក្សរ​កាត់ ( ប​.​ក ) ដោយមាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល ស្ថិតនៅ​ផ្ទះ​លេខ​៥២-៥៤ ផ្លូវ​បេតុង ៩​ម៉ែត្រ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ​។ គណបក្ស​កម្ពុជា​និយម ត្រូវធ្វើ​សកម្មភាព ស្របតាម​ច្បាប់ ស្តីពី គណបក្សនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​»​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បានចេញ​លិខិត ជម្រាបជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដោយ​ក្រសួងមហាផ្ទៃ បដិសេធ​ក្នុង​ការសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​។ មូលហេតុ ក្រសួងមហាផ្ទៃ លើកឡើងថា ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​។​

​គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ចំនួន ២៦​នាក់ រួមមាន​៖ ១-​លោក គង់ គាំ ២-​លោក គង់ បូរ៉ា ៣-​លោក ស៊ីម សុវណ្ណនី ៤-​លោក ច័ន្ទ សិលា ៥-​លោក រៀល ខេមរិន្ទ ៦-​លោកស្រី ទេព សុ​ទ្ធី ៧-​លោក កង គឹម​ហាក់ ៨-​លោក ជីវ កត្តា ៩-​លោក សុន ឆ័យ ១០-​លោក តាវ គឹម​ឈន ១១-​លោក វ៉ា សាម៉ុន ១២-​លោក ស៊ុន សុ​ភ័​ក្រ ១៣-​លោកស្រី លី ស្រី​វី​ណា ១៤-​លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥-​លោក ថាច់ សេដ្ឋា ១៦-​លោក យ៉ែម បុញ្ញឫទ្ធិ ១៧-​លោក មុត ចន្ថា ១៨-​លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩-​លោក ទួត យឿ​ត ២០-​លោក ឡា​ត់ លិ​តេ​យ្យ ២១-​លោក ឡុង គឹម​ឃ​ន ២២-​លោកស្រី យង់ ផាន់​ណេ​ត ២៣-​លោក ប៉ុល ហំ​ម ២៤-​លោក ផាន់ ច័ន្ទ​សាក់ ២៥-​លោក ឃឹម ឡាក់​គី និង​២៦-​លោក ម៉ៅ សុផល​។​

​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីត​ថ្នាក់ដឹកនាំ និង​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ​របស់លោក ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ និង​៦-​គណបក្ស​បេះដូង​ជាតិ ដែលមាន​លោក សៀម ភ្លុក ជា​តំណាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ