ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ ​៧% ​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​រំពឹង​ថា ​នឹង​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ជាង ​៥% ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​ ១៩ ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ដែល​ធ្លាប់​ឡើង​ដល់…

រាជធានីភ្នំពេញ ៖ កម្ពុជា​រំពឹង​ថា ​នឹង​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ជាង ​៥% ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​ ១៩ ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ដែល​ធ្លាប់​ឡើង​ដល់ ​៧% បាន​ធ្លាក់​មក​នៅ​ក្រោម​ដក​សូន្យ​នោះ​ ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​រវាង​នៅ​ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី ​២៣ ខែវិច្ឆិកា​ឆ្នាំ​ ២០២១ ​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​ថា ​មានការ​ព្យាករណ៍​ខ្លះ​ថា ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ដល់​ជាង ​៦% ​ប៉ុន្តែ​សម្តេច​រំពឹង​ត្រឹម​ជាង ​៥% ​។

ការ​រំពឹង​របស់​ប្រមុខ​រដ្ឋាភិបាល​ដោយសារ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។ ក្នុង​នោះ​វិស័យ​កសិកម្ម មិន​ត្រឹម​មិន​ប៉ះពាល់​ដោយសារ​កូ​វី​ដ ​១៩ ​នោះ​ទេ ថែម​ទាំង​មាន​សន្ទុះ​ក្នុង​ការ​នាំ​ចេញ​កសិផល​ទៀត ​។ ចំណែក​ស្រូវ​នៅ​ឆ្នាំ​នេះ​បាន​ដាំ​ដុះ​បាន​ជាង​ ១១០%​ ។ ចំពោះ​វិស័យ​ឧស្សាហកម្ម ទោះបី​មានការ​ប៉ះពាល់​ ប៉ុន្តែ​ក៍​មាន​គម្រោង​វិនិយោគ​ថ្មី​បាន​ចូល​ក​ជំនួស ហើយ​វិស័យ​សេវា​ដែល​ប៉ះពាល់​ពី​កូ​វី​ដ​ ១៩​ ខ្លាំង​ជាងគេ​នោះ គឺ​វិស័យ​ទេ​ចរណ៍​នោះ ​។ ទេសចរណ៍​បាន​រស់​ឡើង​វិញ នៅ​ពេល​បុណ្យអុំទូក​កន្លង​ទៅ​នេះ ដោយសារ​សកម្មភាព​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​ក្នុងស្រុក ​និង​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា ​១ ​ម៉ឺន​នាក់​នោះ​ ។

តាម​ពិត​ទៅ​កន្លង​មក​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ ក្នុង​នោះ​មាន​ធនាគារពិភពលោក មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ រួម​នឹង​ធនាគារ​អ​ភី​វឌ្ឍន៍​អាស៊ី ក៍បាន​ព្យា​ការណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ ២០២២ ​នោះ​ដែរ ​។ សម្រាប់ ADB រំពឹង​ថា ​កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ងើបឡើង​វិញ​ក្នុង​កម្រិត ​៥,៥% នៅ​ឆ្នាំ​ ២០២២ ប្រហាក់ប្រហែល​នឹង IMF ដែរ​ ។

មុន​ផ្ទុះ​កូ​វី​ដ​ ១៩​ នៅ​ចុងឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​រង្វង់​ ៧%​ ជាប់​គ្នា​ការ​រំពឹង​ថា ​នឹង​មាន​កំណើន​ជាង ​៥% ​នៅ​ឆ្នាំ​ ២០២២​ ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​ឆ្ពោះទៅ​រក​អត្រា ​៧%​ វិញ​នៅ​ពេល​ខាង​មុខ​ ។ ជាមួយ​ក្តី​រំពឹង​ថា​ កំណើនសេដ្ឋកិច្ច​ខ្មែរ​នឹង​ងើប​វិញ​នៅ​ឆ្នាំ​ ២០២២ ក្នុង​រង្វង់​ប្រមាណ ​៥% សម្រាប់ IMF ដោយសារ​ការ​រំពឹង​ទុក​ការ​បន្ត​ងើបឡើង​នៃ​តម្រូវការ​សកល ការ​បន្ត​សក្តានុពល​កំណើន នៃ​វិស័យ​កាត់ដេរ និង​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ និង​ការ​កើនឡើង​សន្សឹម​ៗ នៃ​វិស័យ​គាំទ្រ​ផ្សេង​ទៀត ព្រមទាំង​ប្រសិទ្ធភាព នៃ​ការ​ដាក់​ចេញ​វិធានការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស «​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩» ។

ជា​ការ​កត់​សម្គាល់ថា ​ការ​នាំ​កសិផល​នៅ​ ៩ ​ខែ ​ឆ្នាំ ​២០២១​ នេះ​មានការ​នាំ​ចេញ​អង្ករ​មាន​ចំនួន ៣៤៩ លាន​ដុល្លារ ការ​នាំ​ចេញ​ស្រូវ​មាន​ចំនួន ៤២៨ លាន​ដុល្លារ​ និងការ​នាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​ មាន​ចំនួន ២ ៧១០ លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ក្រសួងកសិកម្ម​បញ្ជាក់​ថា ការ​នាំ​ចេញ​កសិផល​សរុប​ក្នុង​រយៈពេល ​៩ ​ខែ​ ឆ្នាំ​ ២០២១ មាន​កំណើន​ចំនួន ៨៨,៤៨% ក្នុង​នោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១០៧,៦៩% រីឯ​ការ​នាំ​ចេញ​អង្ករ​មានការ​ថយ​ចុះ​ចំនួន -១៥,៩៧% ដោយសារ កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​កង្វះ​ប្រភេទ​ទូរ​កុង​តេ​ន័​រដែ​ល​មាន​ទំហំ​ ២០ ​ហ្វីត​សម្រាប់​ផ្ទុក​អង្ករ និង​តម្លៃ​ដឹក​ជញ្ជូន​កើនឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ