ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​អី​ក៏​ប្លន់​យ៉ាងនេះ នៅ​ខណ្ឌ​សែន​សុខ…!

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ខណ្ឌ​សែន​សុខ​មាន​ករណី​ប្លន់​យក​ម៉ូតូ​២​យប់​ជាប់​គ្នា ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមេសា មាន​ជនសង្ស័យ​៤​នាក់​

រាជធានី​ភ្នំពេញ ៖ នៅ​ខណ្ឌ​សែន​សុខ​មាន​ករណី​ប្លន់​យក​ម៉ូតូ​២​យប់​ជាប់​គ្នា ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមេសា មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់​ម៉ាក​Zoomer-X បាន​សម្រេច​តាម​ផ្លូវ​រ៉ា​ដា ភូមិ​ពោងពាយ ស្ថិត​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ជន​រង​គ្រោះ​មានឈ្មោះ មុំ វិសាល អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៥៣៦  ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ជិះ​ម៉ូតូ​ម៉ាក​Zoomer-X ស្លាក​លេខ​1FT 4713​។ រីឯ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​មានឈ្មោះ ង៉ូ​យ តិ​ត​តុលា អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅ​កន្លែង​យាម​ម្តុំ​វត្ត​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​ទៅ​អុជ​ធូប បន់ស្រន់ បួងសួង​នៅ​ព្រះ​អង្គ​ដ​ង្កើ​នៅ​មុខ​ព្រះ​បរមរាជវាំង រួច​ហើយ​បាន​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ លុះ​មក​ដល់​ផ្លូវ​រ៉ា​ដា ដែល​ជា​ផ្លូវ​ទៅ​ផ្ទះ ក៏​មាន​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង តាម​មក​ពីក្រោយ ពេល​មក​ដល់​ពីក្រោយ​រូបគេ​បាន​ទាញ​ដាវ​កាប់​មក​លើ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​មើលឃើញ​តាម​កញ្ចក់​មើល​ក្រោយ បាន​គេច​បន្តិច តែ​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ចុង​កាំបិត​ស្នាម​មុត​រយះ​ចេញ​ឈាម​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ដួល​ម៉ូតូ​ហើយ​រត់ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​រត់ តែ​ជន​រង​គ្រោះ​ស្រែក និង​រត់​ដេញ​តាម​ពីក្រោយ ។

ដោយសារ​ទីនោះ​ជា​ផ្លូវ​ក្នុងភូមិ ហើយ​ជា​ភូមិសាស្ត្រ​ស្មុគស្មាញ​ធ្វើ​អោយ​ជនសង្ស័យ​រក​ផ្លូវ​ជិះ​ម៉ូតូ​រត់​មិនឃើញ ទៅ​ដល់​ចំណុច​បឹង​ពោងពាយ​ជា​ទឹក​បឹង​កំប្លោក ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់  ហើយ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជនល្មើស​លោត​ចូល​ក្នុង​ទឹក ទើប​កម្លាំង​បាន​ឡោម​ព័ទ្ធ​ជុំវិញ​ក្បែរ​ទីនោះ អស់​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​ឃើញ​ជនសង្ស័យ និង​ភិនភាគ​ដើរ​តាម​ផ្លូវ​ក៏​ដាក់​ការ​សង្ស័យ ធ្វើការ​ឃាត់​យក​មក​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី ចំណែក​បក្ខពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​មក​មើល​មុខ​ជនសង្ស័យ ត្រូវ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ពិតជា​គេ​ម្នាក់​នឹង​ហើយ ទើប​សមត្ថកិច្ច​ធ្វើ​ឯកសារ​កសាង​សុំ​ណុំ​រឿង បញ្ជូន​ខ្លួន​ចាត់ការ​តាម​នីតិវិធី ។ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមេសា កន្លង​មកនេះ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​មាន​ករណី​ភ្ជង់​ប្លន់​យក​ម៉ូតូ MSX មួយ​គ្រឿង​បាន​សម្រេច​ដែរ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​តែ​សង្ស័យ​ថា​អាច​ជា​ករណី​បំប៉ោង​សភាពការណ៍ ពីព្រោះ​ក្រោយ​ពេល​សមត្ថកិច្ច ដេញដោល​សួរនាំ​ច្រើន​ទៅ​ជន​រង​គ្រោះ​បាន​សុំ​ដក​ពាក្យបណ្តឹង​វិញ ៕