ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករដឹកស្រូវ យកទៅលក់នៅប្រទេស​វៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា សំណូមពររាជរដ្ឋាភិបាល…

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ ក្រុមអាជីវករដឹកស្រូវ យកទៅនៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ដើរប្រមូលទិញស្រូវបងប្អូនប្រជាពលរដ្ឋ​ពីបណ្តាខេត្តនានា ១គីឡូក្រាម…

ខេត្តព្រៃវែង៖ ក្រុមអាជីវករដឹកស្រូវ យកទៅនៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ដើរប្រមូលទិញស្រូវបងប្អូនប្រជាពលរដ្ឋ​ពីបណ្តាខេត្តនានា ១គីឡូក្រាម ក្នុងតម្លៃ ៧៩០៛-៨៣០៛ ឬ៨៤០៛ ទៅតាមប្រភេទស្រូវ​។ ​ក្នុង១ ថ្ងៃៗ ខ្លះប្រមូលទិញបានចាប់ពីជាង ១០តោន ទៅ ៥០តោន ដឹកយកមកលក់បន្តអោយឈ្មួញជនជាតិវៀតណាម ក្នុង ១គីឡូក្រាម តម្លៃ​ជាង ៨០០៛ ទៅ ១០០០៛ ប៉ុណ្ណោះ។ ឆ្នាំមុនៗ ស្រូវលក់អោយឈ្មួញវៀតណាម ក្នុង ១គីឡូក្រាម បានជាង ៩០០៛ ទៅជាង ១០០០៛ឯណោះ។

អាជីវករបន្តទៀតថា ដោយសារជំងឺកូវីដ-១៩ ធ្វើអោយច្រកទ្វារព្រំដែន ត្រូវបានបិទផ្អាកចរាចរណ៍ចេញ-ចូលមួយរយៈ។ ទើបតែបើកដំណើរប្រទេសឡើងវិញ ក៏ច្រកទ្វារព្រំដែនអន្តរជាតិកោះរកានេះ ក៏បានបើកដំណើរការ​ប្រហែលជា ៦ ទៅ ៧ថ្ងៃនោះទេ។ ហេតុដូច្នេះ ទើបពួកគាត់នាំគ្នាដឹកស្រូវ យកមកលក់អោយឈ្មួញវៀតណាម តាមច្រកមួយនេះ ដោយឈប់​ឡានចតបន្តកន្ទុយគ្នា ចម្ងាយរាប់គីឡូដី ដើម្បីរង់ចាំភាគីខាងវៀតណាម អោយឡានដឹកស្រូវបើកចូល​ទៅតាមលំដាប់លំដោយ ក្រោមការសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ពីមន្ត្រីស្នាក់ការខេត្ត ប្រចាំច្រក សហការជាមួយ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ច្រក បានជួយកត់ឈ្មោះ កត់ស្លាកលេខឡាន និងអោយឈប់ចត នៅម្ខាងផ្លូវ ដើម្បីបញ្ជៀស កុំអោយប៉ះពាល់ដល់អ្នកធ្វើដំណើរ។

ប៉ុន្តែទោះបីយ៉ាងណា ការកកស្ទះចរាចរណ៍លើដងផ្លូវ នៅតែកើតមានដដែល ដោយសារមានអ្នកកាងបេនមួយចំនួន រត់ជ្រែ អោយឡានដឹកស្រូវរបស់ខ្លួន ដែលនៅក្រោយគេ បើកវ៉ាជែង ឡើងមកមុខគេ។

អាជីវករបញ្ជាក់បន្ថែមថា ចំពោះឡានដឹកស្រូវ បើកចូលទៅត្រឹមចំណុចសូន្យ គឺដូរតៃកុងខ្មែរចុះ អោយតៃកុងវៀតណាម បើកឡានយើង ចូលទៅក្នុងស្រុកគេ រហូតទម្លាក់ស្រូវចុះអស់ ទើបវៀតណាម បើកឡានយកមកត្រឹមចំណុចសូន្យ អោយតៃកុងខ្មែរ បើកចេញមកវិញ។                                

ក្រុមអាជីវករសូមសំណូមពរដល់អាជ្ញាធរខេត្ត ជាពិសេសរាជរដ្ឋាភិបាល មេត្តាជួយបើកច្រកទ្វារព្រំដែនអោយ​បានច្រើន ដើម្បីអោយទីផ្សារស្រូវ បានថ្លៃ និងជួយរៀបចំឡាន អោយចូលតាមលំដាប់លំដោយ ស្មើភាពគ្នា កុំអោយមានអ្នកកាងបេន រត់ការជ្រែឡានដូច្នេះ។

លោក សាំ សារុំ ប្រធានស្នាក់ការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ច្រកទ្វារអន្តរជាតិកោះរកានេះ ត្រូវបានឯកឧត្តម​អភិបាលខេត្ត បើកអោយដំណើរប្រទេសឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជួយសម្រួលចរាចរណ៍ស្រូវអាជីវករ យកទៅលក់នៅប្រទេសវៀតណាម។

លោកបន្តថា សម្រាប់ស្រូវខ្មែរ នាំចេញទៅលក់នៅលក់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកានេះ ក្នុង ១ថ្ងៃ ប្រមាណចាប់ពីជាង ៦០០តោន ទៅជាង ១០០០តោន។ ក្នុងនាមស្នាក់ការប្រចាំច្រក លោកក៏បានសហការជាមួយនគរបាល​អន្តោប្រវេសន៍ច្រក កត់ឈ្មោះតៃកុងឡាន លេខទូរស័ព្ទ និងកត់ស្លាកលេខឡាន ដើម្បីងាយស្រួលគ្រប់គ្រង មិនអោយមានការយកលុយពីអាជីវករឡើយ និងនៅពេលដែលភាគីវៀតណាម យកឡាន មកដល់ចំណុចសូន្យ តេរកតៃកុងខ្មែរ មកបើកឡានចេញ កុំអោយស្ទះ។

លោកប្រធានស្នាក់ការបន្តថា ការចាលឡានដឹកស្រូវនៅខាងដីខ្មែរច្រើន បន្តកន្ទុយគ្នា រាប់គីឡូដីនោះ គឺដោយ​សារបេនឡានខាងវៀតណាមតូចចង្អៀតពេក។ ដោយឡែក បញ្ហាអ្នកកាងបេនជ្រែឡាន ក្នុងនាមស្នាក់ការ និងនគរបាលអន្តោប្រវេសន៍ បានរាយការណ៍ជូនថ្នាក់លើហើយ។

ទោះបីយ៉ាងណា លោកបន្ថែមថា ការអនុវត្តតាមវិធានការសុខាភិបាល នៅតែបន្ត ហើយការរដោះដូរតៃកុងឡាន ទៅវិញទៅមក បានន័យថា ពេលឡានទំនិញវៀតណាមឡើងមកខ្មែរ ត្រឹមចំណុចសូន្យ អោយតៃកុងខ្មែរ បើកចូលមក ពេលទំនិញចុះទៅវៀតណាម ក៏ត្រឹមចំណុចសូន្យ ដូរតៃកុងវៀតណាម បើកទៅម្តង​។

​​ប្រភពព័ត៌មាន លួចបង្ហើបអោយដឹងថា សព្វថ្ងៃ នៅមានប៉ូលិសវរៈការពារព្រំដែន និងគយច្រកកោះរកា នៅតែ​កំណត់​ទារលុយពីពលរដ្ឋខ្មែរ ដឹកស្រូវ ទៅនៅវៀតណាមដដែល។ ក្នុងនោះ នៅច្រកទ្វារព្រំដែនមួយនេះ កំពុងកើតមានបេន​ជាច្រើនកន្លែង ដែលគេសង្ស័យថា ខ្លះគ្មានច្បាប់នោះទេ ហើយសូម្បីតែពេលទូកទំនិញឡើងពីវៀតណាម ចូលមកបេន​ក្នុងដីខ្មែរ ក៏ម្ចាស់បេន មិនសហការអនុញ្ញាត អោយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកោះរកា ធ្វើការត្រួត​ពិនិត្យដែរ៕ ស៊ឹម សាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ