ខេត្តបន្ទាយមានជ័យ ៖ ត្បិតកន្លងមក អាជ្ញាធរបានចេញលិខិតជូនដំណឹងដល់ម្ចាស់គោក្របីមិនឲ្យលែងអនាធិបតេយ្យ ប៉ុន្តែមកទល់ពេលនេះ គេឃើញហ្វូងគោនៅតែដេក, ដើរព្រោងព្រៀតបង្កជាក្តីបារម្ភដល់អ្នកដំណើរទាំងយប់ទាំងថ្ងៃនៅក្រុងប៉ោយប៉ែត ដដែល។
គោគ្មានខ្សែ ឬកាឡុះ ដែលទំនងជាគ្មានអ្នកគង្វាលឲ្យបានត្រឹមត្រូវនៅក្រុងប៉ោយប៉ែត ហាក់មានច្រើនហ្វូង។ ពេលខ្លះហ្វូងគោទាំងនេះ ដើរពេញដងផ្លូវធ្វើឲ្យអ្នកបើកបរយានយន្តក្តៅក្រហាយ ព្រោះធ្វើឱ្យកកស្ទះចរាចរណ៍មិនអាចបើកបរបានលឿន។

បើតាមអ្នកស្រុកបានលើកឡើងថា ពេលខ្លះហ្វូងគោទាំងនេះ ដើរស៊ីតាមគំនរសំរាម ហើយទៅផឹកទឹកពាងពួកគាត់ និងពេលខ្លះស៊ីផលដំណាំដែលពួកគាត់ដាំបានបន្តិចបន្តួចទៀតផង។
តាមប្រភពពីគ្រួសាមួយរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក៏បានប្រាប់ដែរថា ពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាពចរាចរណ៍ ជាពិសេសពេលយប់ ព្រោះពេលខ្លះចំកន្លែងគ្មានភ្លើង ឬមេឃងងឹត ហើយកំពុងបើកបរម៉ូតូ ស្រាប់តែវាក់អឺនឹងហ្វូងគោដេកតាមផ្លូវ ជាន់ហ្វ្រាំងស្ទើរតែមិនទាន់។
ពួកគាត់លើកឡើងទៀតថា បើចំអ្នកបើកបរលឿនវិញ ប្រាកដជាចូលពេទ្យទាំងគ្មានអ្នកទទួលខុសត្រូវឡើយ។

ទោះជាបែបនេះក្តី មួយរយៈកន្លងមកនេះ គេបានឃើញសមត្ថកិច្ចបានចាប់ហ្វូងគោដេកដើរយ៉ាងអនាធិបតេយ្យយកទៅប៉ុស្តិ៍ ដើម្បីអប់រំម្ចាស់គោជាបន្តបន្ទាប់ដែរ។
គួរបញ្ជាក់ថា ហ្វូងគោខ្លះ ក៏មានអ្នកតាមកៀង ឬឃ្វាល ដើម្បីបញ្ចៀសរាល់បញ្ហាតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចខុសពីលើកមុនៗ។ ហើយអ្នកស្រុកចង់ឃើញចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចឲ្យខ្លាំងជាងពេលមុនៗ ដើម្បីបំបាត់នៅហ្វូងគោដើរដេកអនាធិបតេយ្យទាំងនេះ ជាពិសេសបញ្ចៀសការរិះគន់ ព្រោះតែរឿងដដែលៗ៕












ចែករំលែកព័តមាននេះ