រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណ និងដឹកជញ្ជូនបានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដូចករណីឆ្លងរាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស ។

លោកស្រី មឹន មាណវីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ក្នុងពិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់អ្នកដំណើរនៅផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារគរគីនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា គ្រោះថ្នាក់ចរាចរណ៍គ្មានថ្នាំបង្ការដូចជា ជំងឺកូវីដ១៩នោះទេ ដូច្នេះសូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់យកចិត្តទុកដាក់ឲ្យខ្ពស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ខណៈជំងឺកូវីដ១៩ បានកាត់បន្ថយជាបន្តបន្ទាប់ ។

លោកស្រីបានលើកឡើងថា ក្នុងឱកាសបុណ្យអ៊ុំទូកខាងមុខនេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងខិតខំធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស ។
លោកស្រីបញ្ជាក់ថា ៖«យើងមិនមានគម្រោងចែកមួកចំនួនប៉ុន្មានទេ សម្រាប់បុណ្យអុំទូក ប៉ុន្តែយើងខិតខំផ្សព្វផ្សាយនៅតាមបណ្តាលដងផ្លូវ ។ ហើយការចែកមួកនឹងធ្វើតាមលទ្ធភាពដែលមកដល់ពេលនេះនៅបានធ្វើការចែកមួកនៅក្នុងមួយខេត្តបានប្រមាណ១០០០មួកដែលនៅទូទាំងប្រទេសបានចែកមួកប្រមាណជាង២ម៉ឺនមួកហើយ» ។

លោកស្រីក៏បានលើកឡើងថា ការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ក៏ដោយសារការបើកដំណើរការប្រទេសឡើងវិញ របស់រាជរដ្ឋាភិបាលបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាលក៏ធ្វើមានការមមាញឹកនូវចរាចរណ៍ផងដែរ ។ សម្រាប់ឱកាសបុណ្យអុំទូក លោកស្រីរដ្ឋលេខាធិការបានអំពាវនាវដល់អ្នកធ្វើដំណើរទាំងម៉ូតូ ឡាន ជិះកង់ ថ្មើជើងត្រូវមានការប្រុងប្រយ័ត្ន ។ ចំពោះអ្នកបើកបរ សូមកុំបើកបរលើសល្បឿនកំណត់ ក្នុងនោះត្រូវស្វែងយល់ពីសិទ្ធិអាទិភាពជាចាំបាច់ផងផដែរ ។
លោកស្រីបន្ថែមថា ៖«សូមមេត្តាយល់ថា ផ្លូវណាឆ្វេង ផ្លូវណាស្តាំហើយ យើងត្រូវប្រកាន់ស្តាប់ជានិច្ច កុំបត់ និងវ៉ាជែងក្នុងសណ្ឋានភាពគ្រោះថ្នាក់ហើយកុំពិសាគ្រឿងស្រវឹង ហើយទៅបើកបរ» ។

លោកស្រីរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា ៖«សូមប្រយ័ត្នទាំងកូវីដ១៩! ដោយចាំថា ពេលនិយាយថា កូវីដ គឺត្រូវគិតដល់គ្រោះថ្នាក់ចរាចរណ៍ ។ កូវីដ និងចរាចរណ៍ គឺទៅជាមួយគ្នាពីព្រោះថា វាស្លា.ប់ដូចគ្នា ។ កូវីដមានវ៉ាក់សាំងបង្ការ ប៉ុន្តែចរាចរណ៍គ្មានវ៉ាក់សាំងបង្ការទេ មានតែខ្លួនយើងម្នាក់ៗប្រុងប្រយ័ត្នក្នុងពេលធ្វើចរាចរណ៍តាមដងផ្លូវ» ។
ជាមួយគ្នានោះដែរ លោកស្រីក៏បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនមានមួកសុវត្ថិភាពនៅសល់ប្រមាណជាង១ម៉ឺនមួកទៀត ហើយក្រសួងបានណែនាំដល់មូលដ្ឋានទាំងអស់ធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដោយមានចែកមួកសុវត្ថិភាពតាមលទ្ធភាពផងដែរ ។

លោកស្រីថា បើមិនពាក់មួយកសុវត្ថិភាពប៉ូលិសនឹងផាក៦ម៉ឺនរៀលដែលមួកមានតម្លៃប្រមាណ៦ម៉ឺនរៀលដែរ ហើយពាក់មួកការពារក្បាល និងគោរពច្បាប់ ។
លោក ព្រំវន្ថា ប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូកគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនហើយជាប្រធានផ្នែកអប់រំផ្សព្វផ្សាយនឹងបណ្តុះបណ្តាលនៃអគ្គលេខាដ្ឋានគ.ស.ច.គបានឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នឹងធ្វើនៅទូទាំងរាជធានី ហើយធ្វើការផ្សព្វផ្សាយនៅតាមសាលារៀនដងផ្លូវ និងផ្សារជាដើម ។
លោកថា គិតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចែកមួកសុវត្ថិភាពចរាចរណ៍មកដល់ពេលនេះបានជិត៩ម៉ឺនមួកដែលគម្រោងចែក១០ម៉ឺនមួក ៕
ចែករំលែកព័តមាននេះ