ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ វណ្ណឌីន ទទួលលិខិតសរសើរ​ពីអាមេរិក ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុងឱកាស​ខួប​អតីត​និស្សិត​អាហារូបករណ៍ ហ្វូ​ល​ប្រាយ កម្ពុជា (75th Anniversary of Fulbright Cambodian Alumni)…

ភ្នំពេញ​៖ ក្នុងឱកាស​ខួប​អតីត​និស្សិត​អាហារូបករណ៍ ហ្វូ​ល​ប្រាយ កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លើក​ទី​៧៥ នា​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) បានទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់ និង​លើកសរសើរ​ស្នាដៃ​លេចធ្លោរ​របស់លោក​ស្រី ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​និង​ការជំរុញ​គោលដៅ​នៃ​កម្មវិធី​អាហារូបករណ៍​ហ្វូ​ល​ប្រាយ (Fulbright scholarship)​។​

​ពិធី​ប្រកាស​ទទួលស្គាល់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង និង​ប្រគល់ជូន​ដោយ​លោក ប៉ា​ទ្រី​ក មើ​ស​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​គេហដ្ឋាន​របស់លោក​ឯក​អគ្គរដ្ឋទូត ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ប៉ា​ទ្រី​ក មើ​ស​ហ្វី បាន​រម្លឹក​ពី​ចំណងទាក់ទង​ការទូត និង​ការផ្តល់​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​របស់​សហរដ្ឋអាមេរិក ដល់​និស្សិត​កម្ពុជា ក្នុង​រយ​:​ពេលកន្លងមក ដែល​ថ្ងៃនេះ គឺជា​ខួប​លើក​ទី​៧៥ នៃ​អតីត​និស្សិត​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​កម្ពុជា ហើយ​មាន​និស្សិត​កម្ពុជា សរុប​ប្រមាណ​ជា ២២០​នាក់​ហើយ ដែល​បានទទួល​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​នេះ ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​បាន​វិល​ត្រឡប់មក​បម្រើ​ការងា​រ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ក្នុងចំណោម​នោះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏​ជា​អតីត​និស្សិត​អាហារូបករណ៍​ហ្វូ​ល​ប្រាយ ជំនាន់​ដំបូង​គេ ដែល​បាន​ទៅ​សិក្សា នៅ​សហរដ្ឋអាមេរិក ផ្នែក​សុខភាព​សាធារណ​: នៅ​សាកលវិទ្យាល័យ យែ​ល (Yale University, USA) នៃ​រដ្ឋ​ខុន​និ​ច​ធី​ខាត់ (Connecticut) ក្រោយ​ថ្ងៃ​រំដោះ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។​

​ក្រោយពី​បានទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ស្នាដៃ​លេចធ្លោ​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​រួចមក លោកស្រី​រដ្ឋលេខាធិការ ឱ វណ្ណឌី​ន បាន​លើកឡើងថា ការទទួលស្គាល់​ស្នាដៃ​លេចធ្លោ​នាពេលនេះ គឺ​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​ការចិញ្ចឹម​បីបាច់​ថែបំប៉ន និង​ផ្តល់ឱកាស​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្លាំង​នោះឡើយ​។  

​លោកស្រី ឱ វណ្ណឌី​ន លើកឡើងថា «​ខ្ញុំ​នៅ​ចងចាំ​បាន​ថា ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ ដែល​បានទទួល​អាហារូបករណ៍ Fulbright ដ៏​មាន​កិត្យានុភាព​មួយ​នេះ ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​យេ​ល (Yale University) នៃ​សហរដ្ឋអាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ​របស់ខ្ញុំ ពី​ពាក់កណ្តាល​ឆ្នាំ​១៩៩៤ ដល់​ពាក់កណ្តាល​ឆ្នាំ​១៩៩៦​។ បទពិសោធន៍​រៀនសូត្រ ដែល​ខ្ញុំ​ទទួលបាន​ពី​កម្មវិធី​នេះ បាន​បង្កើន​ឡើង​នូវ​សមត្ថភាព​របស់ខ្ញុំ​យ៉ាងខ្លាំង ដែល​ជំនាញ និង​ចំណេះដឹង​របស់ខ្ញុំ ត្រូវបាន​វិវឌ្ឍន៍​គ្រប់ពេលវេលា​ជាមួយនឹង​ក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និង​ភាពស្មោះត្រង់ ការជឿទុកចិត្ត​ពី​មនុស្សម្នា​ទាំងឡាយ ហើយ​សំខាន់​ជាងនេះទៅទៀត​នោះ ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ អន្តរ​កម្ម​ដែល​ខ្ញុំ​មាន គឺ​ខ្ញុំ​បានធ្វើ​អ្វីៗ រួមទាំង​ការលះបង់​ជីវិត​គ្រួសារ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ជាមួយ​ប្រជាជន​របស់ខ្ញុំ​ផ្ទាល់ ក្នុង​ការជួយ​ពួកគេ​រាល់ថ្ងៃ មិន​ថា​ពេល​ថ្ងៃ ឫ​យប់ ទោះបី​ខ្ញុំ​កម្រ​បាន​សម្រាក​គ្រប់គ្រាន់​ក៏ដោយ​»​។

​លោកស្រី​វេជ្ជបណ្ឌិត បន្តថា «​ខ្ញុំ​មិនអាច​ភ្លេច​បានទេ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចិញ្ចឹម និង​ជួយ​ខ្ញុំ ដើម្បីឱ្យ​ខ្ញុំ​បាន​ចេញពី​ជ្រលង​មរណៈ និង​គ្រោះ​អវិជ្ជា បន្ទាប់ពី​សម័យ​ប៉ុលពត ហើយ​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ បាន​រៀនសូត្រ​បន្ថែមទៀត និង​រួមចំណែក​ជួយ​ប្រជាជន​ខ្ញុំ ដែល​ទឹកចិត្ត​ខ្ញុំ​គឺ​នៅ​ជាមួយ​ប្រជាជន ក្តីបារម្ភ​របស់ខ្ញុំ​គឺ​សុខភាព​ប្រជាជន ការយកចិត្តទុកដាក់​របស់ខ្ញុំ​គឺ​ដើម្បី​ប្រជាជន ហើយ​ទង្វើ​របស់ខ្ញុំ​គឺ​ជួយ​ប្រជាជន​របស់ខ្ញុំ​។  នោះ​ជា​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បានធ្វើ និង​អ្វីដែល​កម្មវិធី Fulbright បាន​ជះឥទ្ធិពល​មកលើ​ខ្ញុំ ដែល​ខ្ញុំ​អាច​ឈរ​បាន​រហូតមកដល់​ពេលនេះ​។ ខ្ញុំ​កំពុង​បន្តដំណើរ​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នកដឹកនាំ​ផ្នែក​សុខភាព​សាធារណៈ​មួយរូប ហើយ​ខ្ញុំ​នឹងធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាចធ្វើ​បាន  ដើម្បី​ជួយ​ប្រជាជន និង​ប្រទេស​របស់ខ្ញុំ​។ សូម​អរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បានផ្តល់​អាហារូបករណ៍​ដ៏​ល្បីល្បាញ​នេះ​ដល់​រូបខ្ញុំ ដល់​និ​សិ​ត្ស​កម្ពុជា និង​សូម​អរគុណ​ដល់​អតីត​និ​សិ​ត្ស​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​ទាំងអស់ ដែល​បាន​បោះឆ្នោត ទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ជួយ​ប្រទេសជាតិ និង​ជួយ​ប្រជាជន​កម្ពុជា​របស់ខ្ញុំ ជាពិសេស​ក្នុងកំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ និង​សូមឱ្យ​អ្នក​ទាំងអស់គ្នា​ដែលមាន​វត្តមាន​ក្នុងថ្ងៃនេះ និង​ប្រជាជន​កម្ពុ​ជាមាន​សេចក្តីសុខ សុខភាព​ល្អ និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ