ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា និង​សុខ សុវណ្ណ ចាំ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​រេញ​SEA-TV

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​កាន់តែ​កៀក​មក​ដល់​នោះ គេ​កត់​សម្គាល់ថា កីឡាករ​កម្ពុជា​២​រូប​គឺ ឃី​ម បូ​រ៉ា និង​សុខ សុវណ្ណ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​នៃ​ប្រទេស​កម្ពុជា ហាក់​មានការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ។

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​កាន់តែ​កៀក​មក​ដល់​នោះ គេ​កត់​សម្គាល់ថា កីឡាករ​កម្ពុជា​២​រូប​គឺ ឃី​ម បូ​រ៉ា និង​សុខ សុវណ្ណ ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​នៃ​ប្រទេស​កម្ពុជា ហាក់​មានការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ។ បើ​យោង​តាម​ការ​អះអាង​របស់​គ្រូបង្វឹក និង​អ្នក​រៀបចំ​កម្មវិធី គឺ​កីឡាករ​ទាំង​ពីរ​ហាក់​មាន​ទំនុកចិត្ត​ជាង​មុន​សម្រាប់​ស្វាគមន៍​កីឡាករ​ថៃ​ជា​គូប្រកួត ។

លោក ហេង ប៊ុ​ន​ឃី​ម ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​បាន​អះអាង​ថា កូនសិស្ស​របស់​ខ្លួន​គឺ​ឃី​ម បូ​រ៉ា មិន​ដែល​បាន​ដើរទៅ​ណា​ឱ្យ​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថាបើ​ទោះជា​កីឡាករ​វ័យក្មេង​រូប​នេះ មាន​សមត្ថភាព​និង​មាន​កម្លាំង​ពេញ​ខ្លួន​ប្រកបដោយ​ភាព​ជឿជាក់​ក៏​គេ​នៅ​តែ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​សម្រាប់​ការ​ចូល​ក្លិប​ហ្វឹកហាត់​មុន​ថ្ងៃ​ប្រកួត​ចាប់ផ្ដើម​ដែរ ។ លោក​ថា នៅ​ថ្ងៃ​សៅរ៍​ទី​៣០ មេ​សា នេះ កីឡាករ ឃី​ម បូ​រ៉ា នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV)​ក្នុង​ពេល​រសៀល​ដែល​មានឈ្មោះ​ថា យ៉​ត ស៊ី​ង ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ ការ​ប្រឹងប្រែង​របស់​កូនសិស្សលោក​គឺ​ដើម្បី​កុំឱ្យ​ស្ពឹក​ស្រពន់​ដៃជើង និង​ដើម្បី​បំប៉នកម្លាំង​ឲ្យ​កាន់តែ​មាន​សមត្ថភាព​ក្រោយ​ការ​រំលឹក​ក្បាច់គុន​បាន​ល្អ​។ យ៉ាងណា​ក៏​ដោយ លោក​ហាក់​មិន​ហ៊ាន​រំពឹង​ណាស់ណា​នោះ​ទេ ចំពោះ​ជ័យជម្នះ​របស់​កីឡាករ ឃី​ម បូ​រ៉ា ដោយសារ​តែ​គូប្រកួត​របស់​គេ​ក៏​ល្អ​មិនធម្មតា​ដែល​មិន​អាច​មើល​ស្រាល​ដោយ​គ្រាន់តែ​មាន​ទំនុកចិត្ត​ចំពោះ​ការ​ប្រុង​ប្រយ័ត្ន​របស់​កូនសិស្ស​ជាង​មុន​បន្តិច​នោះ ។

លោក​នៅ​តែ​យល់​ឃើញ​ការ​ប្រកួត​ចាញ់​ឈ្នះ​ស្ថិត​នៅ​លើ​សំណាង​ហេងស៊យ គឺ​មិន​អាច​កំណត់​ថា​ការ​ហ្វឹកហាត់​ដែល​បាន​ត្រៀមខ្លួន​របស់​កូនសិស្ស នឹង​អាច​ឱ្យ​កីឡាករ​រូប​នេះ មាន​ជ័យជម្នះ​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ពិតជា​បាន​ត្រៀមខ្លួន​ក្នុង​រយៈពេល​មុន​ប្រកួត​បែប​នេះ​ដូច​គ្នា ។ លោក​ថា កីឡាករ​ឃី​ម បូ​រ៉ា និង​កីឡាករ យ៉​ត ស៊ី​ង ស្ថិត​នៅ​ផ្លូវ​ឆ្ងាយ​ក្នុង​ការ​ធ្វើ​ដំណើរ​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​កូនសិស្ស​របស់​លោក​ត្រូវធ្វើ​ដំណើរ​ចុះ​ពី​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់​នឹង​ព្រំដែន​ថៃ ហើយ​កីឡាករ​ថៃ​ក៏​ត្រូវធ្វើ​ដំណើរ​ចេញពី​ថៃ​មក​កាន់​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​បញ្ហា​សុខភាព​ថា​អ្នក​ណា​នឹង​អាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន​ល្អ​ជាង​ក៏​ជា​រឿង​ចម្បង​ដែល​នឹង​ផ្ដល់​លទ្ធផល​ខុស​គ្នា​ផង​ដែរ ។ មិន​ខុស​គ្នា​ពី​ការ​អះអាង​របស់​ប្រធាន​ក្លិប​ល្បីឈ្មោះ​មួយ​នេះ លោក​ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​ក៏​យល់​ឃើញ​ស្រ​ដៀង​គ្នា​នោះ​ដែរ ។ លោក​និយាយ​ថា បញ្ហា​ធ្វើ​ដំណើរ​របស់​កីឡាករ​ឃី​ម បូ​រ៉ា និង​កីឡាករ​ថៃ​មិនសូវ​ខុស​គ្នា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​គឺ​ត្រង់​ការ​ហ្វឹកហាត់​ដិត​ដល់ និង​បញ្ហា​កម្លាំង​ថាមពល​ក្នុង​ពេល​មក​ដល់​ភ្នំពេញ​ប៉ុណ្ណោះ ។

លោក​និយាយ​ថា​៖«​ការ​ពិត កីឡាករ​ពីរ​នាក់​ហ្នឹង​កម្លាំង​ក៏​ប្រហែល​គ្នា ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក៏​មិន​ខុស​គ្នា ហើយ​ការ​ហ្វឹកហាត់​ត្រៀម​ទុក​ក៏​មើលទៅ​មិន​ខុស​គ្នា​នោះ​ដែរ​ប្រសិន​បើ​​បូ​រ៉ា​ពិតជា​បាន​ហ្វឹកហាត់​ច្រើន​មែន ។ សម្រាប់​ខ្ញុំ​ពីរ​នាក់​ហ្នឹង​គឺ​សមត្ថភាព​ប្រហែល​គ្នា លើកលែងតែ​សុខភាព​របស់​អ្នក​ណា​ម្នាក់​ដែល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មាន​បញ្ហា​ប៉ះពាល់​ចាញ់​អាកាសធាតុ​ប៉ុណ្ណោះ​ទើបនឹង​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​មាន​ប្រៀប​!» ។ លោក​ថា កីឡាករ​ទាំង​ពីរ​បើ​មាន​សុខភាព​ប្រក្រតី​ដូច​គ្នា គឺ​មាន​ន័យ​ថា ការ​ប្រកួត​របស់​ពួក​គេ​គឺ​ពិតជា​អាច​ប្រកួត​អស់ពី​សមត្ថភាព ហើយ​ធ្វើ​ឱ្យ​ការ​ប្រដាល់​នៅ​រសៀល​ថ្ងៃ​សៅរ៍​កក្រើក ។ លោក​មាន​ប្រសាសន៍​ថា ឃី​ម បូ​រ៉ា គឺជា​កីឡាករ​ពេញកម្លាំង ហើយ​កីឡាករ​ថៃ ក៏​មាន​ស្នាដៃ​រាប់​មិន​អស់​មិន​អន់​ផង​ដែរ​នៅ​ក្នុង​អាជីព​ប្រដាល់​កន្លង​មក ។

យោង​តាម​កំណត់​ត្រា កីឡាករ​ថៃ យ៉​ត ស៊ី​ង ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៥​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ខណៈ​ដែល​ឃី​ម បូ​រ៉ា ធ្លាប់​ប្រកួត​បាន​៨៥​លើក ឈ្នះ​៧២​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ ក៏​ត្រូវ​គេ​អះអាង​ថា​បាន​ត្រៀម​ជាង​មុន​សម្រាប់​ស្វាគមន៍​កីឡាករ​ថៃ​នោះ​ដែរ។ គូប្រកួត​របស់​កីឡាករ​រូប​នេះ​គឺ​កីឡាករ​ថៃ​ឈ្មោះ ណុំ សា​តឹក ដែល​មាន​ប្រវត្តិ​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦២​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក​។ លោក​តឹក ឡៃ និង​ឡុ​ង ស៊ី​លី​ន សុទ្ធតែ​បង្ហាញ​អារម្មណ៍​ជឿជាក់​ចំពោះ​កីឡាករ​រូប​នេះ បន្ទាប់​ពី​កីឡាករ​សុខ សុវណ្ណ ក៏​ត្រូវ​បាន​ហ្វឹកហាត់​ដិត​ដល់​។ យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មើលឃើញ​ថា​កីឡា​ករ​ថៃ​ដែល​គេ​ត្រូវ​ប៉ះ​ជាមួយ​មិនមែន​ស្រួល​ស៊ី​នោះ​ទេ ដោយសារ​តែ​កីឡាករ​សុខ សុវណ្ណ ហាក់​មិនសូវ​នឹង​ដៃ​សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​។ ក្រុម​អ្នកគាំទ្រ​នៅ​តែ​មើលឃើញ​ពី​ចំណុច​ខ្វះចន្លោះ​របស់​កីឡាករ​កម្ពុជា​គូ​នេះ​ច្រើន​ជាង​ចំណុចខ្លាំង ប៉ុន្តែ​មួយ​ក្រុម​ផ្សេង​ទៀត​ក៏​យល់​ថា​អ្វី​ដែល​កីឡាករ​សុខ សុវណ្ណ មាននៅ​ក្នុង​ខ្លួន​នឹង​អាច​ធ្វើ​ឲ្យ​កីឡាករ​ថៃ​បាក់មុខ​ដោយ​មិន​ពិបាក​នោះ​ដែរ ថ្វី​ដ្បិតតែ​គេ​ទើប​ប្រកួត​បាន​៦៩​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក តិច​ជាង​កីឡាករ​ថៃ​ក្ដី​៕