ឯកឧត្តមហ៊ុន ម៉ានី សម្ដែងនូវការកោតសរសើរចំពោះក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា បង្កើតកំណត់ត្រាថ្មីជូនជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីដំណើរបេសកកម្មអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ឆ្នាំ២០២៦ នៅទីក្រុងអាយជិ-ណាហ្គោយ៉ា ប្រទេសជប៉ុន ពេលនេះក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។
ទន្ទឹមនឹងនេះដែរ គេបានសង្កេតឃើញវត្តមានឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្តមសុខ សប្បាយណា ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជនិងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត អញ្ជើញទៅទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្នុងដំណើរមាតុភូមិនិវត្តន៍របស់ក្រុមប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមហ៊ុន ម៉ានី បានសម្ដែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីតស៊ូលះបង់ របស់បងប្អូនអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលបានបង្កើតស្នាដៃ និងកំណត់ត្រាថ្មីគួជាទីមោទនៈជូនជាតិ ។ ជាមួយគ្នានេះដែរ យើងសូមចូលរួមអបអរសាទរចំពោះកីឡាករវ៉ាន់ វ៉ុន ដែលបានខិតខំតស៊ូប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញរហូតដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿង ជូនជាតិមាតុភូមិ លើវិញ្ញាសាប្រណាំងរទេះប្រភេទ (T54) ចម្ងាយ១០០ម៉ែត្របុរស ដោយប្រើថេរវេលា១៤.៩០វិនាទី ។ នេះជាមោទនភាពថ្មីមួយទៀតសម្រាប់កីឡាប៉ារ៉ាឡាំពិកកម្ពុជា។
គួរម្លឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍៤ឆ្នាំម្ដងនេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១៧នាក់ ឱ្យទៅចូលរួមប្រកួតលើ៥ប្រភេទកីឡា ។ ទីបំផុតកីឡាករវ៉ាន់ វ៉ុន អាចដណ្ដើមបានមេដាយសំរឹទ្ធជូនជាតិ ៕





ចែករំលែកព័តមាននេះ