អភិបាលខេត្តមណ្ឌលគិរី «កីឡាមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីឈ្នះ ប៉ុន្តែជាការបណ្តុះបណ្តាលចរិតលក្ខណៈ វិន័យ និងសុខភាពរាងកាយ»
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ «កីឡា គឺមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីឈ្នះនោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលចរិតលក្ខណៈ ដូចជា បញ្ញាស្មារតី សាមគ្គីភាព ការគោរពវិន័យ ការទទួលខុសត្រូវ ការអត់ធ្មត់ សុខភាពរាងកាយ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម»។ នេះជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់ កីឡាប៊ូល និងប៉េតង់ ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ការប្រកួតឆ្នាំនេះទទួលបានជោគជ័យយ៉ាងល្អប្រសើរ និងមានភាពពិសេសដោយបានបន្ថែមប្រភេទកីឡាប៊ូល និងប៉េតង់ ដែលជាការឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» និង «កីឡារស់ក្នុងសន្តិភាព»។ ជាមួយគ្នានេះ គុណតម្លៃនៃវិស័យកីឡាក៏ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ទុក «មនុស្ស» ជាគន្លឹះនៃការអភិវឌ្ឍជាតិ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ពិធីបិទការប្រកួតដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋានខេត្ត (សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ) ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ ប្រតិភូកីឡា កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បើតាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតនេះមានកីឡាបាល់ទាត់ (១៣ក្រុម) និងកីឡាប៊ូល-ប៉េតង់ (៧ក្រុម) ចូលរួមប្រកួតប្រជែង។ ចំពោះលទ្ធផលជ័យលាភីរួមមាន កីឡាប៊ូល និងប៉េតង់ (វិញ្ញាសាបុរស ២នាក់ ទល់ ២នាក់) លេខ១ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លេខ២ ក្រុមបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ និងលេខ៣ ក្រុមរដ្ឋបាលក្រុងសែនមនោរម្យ។
កីឡាប៊ូល និងប៉េតង់ (វិញ្ញាសាចម្រុះ ៣នាក់ ទល់ ៣នាក់) លេខ១ ក្រុមរដ្ឋបាលក្រុងសែនមនោរម្យ, លេខ២ ក្រុមបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ និងលេខ៣ ក្រុមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។
កីឡាបាល់ទាត់៖ លេខ១ ក្រុមសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា, លេខ២ ក្រុមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងលេខ៣ ក្រុមចំការតែ FC៕








ចែករំលែកព័តមាននេះ