ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១ បិទបញ្ចប់​ក្រោមស្មារតី លើកកម្ពស់ភាពជាដៃគូសភា ដើម្បី​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់ពី​ពិធី​បើក​កិច្ចប្រជុំ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​លើក​ទី ១១ (ASEP11) ដ៏​អធិកអធម​ជាមួយនឹង​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ដ៏​មាន​អត្ថន័យ​ខ្លឹមសារ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា…

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់ពី​ពិធី​បើក​កិច្ចប្រជុំ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​លើក​ទី ១១ (ASEP11) ដ៏​អធិកអធម​ជាមួយនឹង​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ដ៏​មាន​អត្ថន័យ​ខ្លឹមសារ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​សភា​សហគមន៍​អឺរ៉ុប​រួចមក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ផ្ទេរសិទ្ធិ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ លើក​ទី​១ នៃ​កិច្ចប្រជុំ ASEP11 ជូន​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ជាតិ ASEP11 ដើម្បី​បន្ត​ដឹកនាំ​ដំណើរការ​នៃ​កិច្ចប្រជុំ​។​

​ជាមួយគ្នានេះ កិច្ចប្រជុំ​បានជ្រើសរើស​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​ដោយ​ស្ម័គ្រចិត្ត​ចំនួន​ពីររូប​ទៀត មាន​លោកជំទាវ ស៊ី​រី​ន ស្សា​មីន ឆូត​ឌូ​រី (Shiirin Sharmin Chaudhury) ប្រធានសភា​បង់​ក្លា​ដេ​ស និង​លោកជំទាវ ហី​ត​ឌី អូ​តា​ឡា (Heidi HAUTALA) អនុប្រធាន​សភា​សហគម​ន៍​អឺរ៉ុប ជា​តំណាង​ប្រធានសភា​សហគមន៍​អឺរ៉ុប​។ ដោយឡែក របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ លើក​ទី​១ នាពេលនេះ រួមមាន​៖ ការ​ជម្រាបជូន​អង្គប្រជុំ​នូវ​របាយការណ៍​អំពី​នីតិវិធី​នៃ​ការប្រព្រឹត្តទៅ​របស់​កិច្ចប្រជុំ ASEP11 សេចក្តីថ្លែងការណ៍​រប​ស់​ថ្នាក់ដឹកនាំ​ជា​តំណាង​សភា​នៃ​ប្រទេស​សមាជិក ASEP ដែល​បាន​ចុះឈ្មោះ​ឡើង​ថ្លែង និង​ការ​បូកសរុប​វាយ​តំលៃ​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ ASEP​។​

​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ បាន​សម្តែង​នូវ​គាវរ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ចូលរួម​របស់​គណៈប្រតិភូ​មកពី​ទ្វីប​ទាំងពីរ​អាស៊ី អឺរ៉ុប ស្ថាប័ន​ជា​ដៃគូរ និង​ភ្ញៀវកិត្តិយស​នាពេលនេះ ដែល​បានបង្ហាញ​អំពី​សារៈសំខាន់​ដ៏​មាន​តំលៃ​របស់​កិច្ចប្រជុំ ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ស្រប​ពេលដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ និង​ការរាំងស្ទះ​ផ្សេងៗ​កើតឡើង​ដោយសារតែ​មេរោគ​រាតត្បាត​សកល​កូ​វីត​-១៩​។​

​កិច្ចប្រជុំ​នាពេលនេះ មានការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក ASEP ចំនួន ៣២ ប្រទេស ដៃគូរ​ចំនួន ២ (​សហភាព​អឺរ៉ុប និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន​) និង​ស្ថាប័ន​ជា​ភ្ញៀវកិត្តិយស​ចំនួន ២ (​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​(UPF) និង​មជ្ឈមណ្ឌល​សភា​អាស៊ី (PCAsia)​។ សូម​គូសបញ្ជាក់​ផងដែរ​ថា មាន​ឥស្សរជន​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​សភា ក៏ដូចជា​ប្រធាន​ប្រតិភូ​តំណាង​សភា​នីមួយៗ​មកពី ១៩ ប្រទេស បាន​ចុះឈ្មោះ​ថ្លែង​បទ​អន្តរាគមន៍ ដែល​ក្នុងនោះ ឋានៈ​ជា​ប្រធានសភា​ចំនួន ៣ និង​អនុ​ប្រធានសភា​ចំនួន ៣ ។

​លោកជំទាវ បាន​បន្ត​ជម្រាបជូន​អង្គប្រជុំ​ពាក់ព័ន្ធ​ទៅនឹង​ការ​គណៈកម្មាធិការ​រៀប​ចំ​សេចក្តីព្រាង​សេចក្តីប្រកាស​រួម (ASEP11 Joint-Declaration) ដោយ​ប្រទេស​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​បានសម្រេច​ចាត់តាំង ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​សេចក្តីព្រាង​សេចក្តីប្រកាស​រួម​។​

​មុននឹង​ផ្តល់​វេទិកា​អោយ​ប្រតិភូ​អញ្ជើញ​ឡើង​ថ្លែង លោកជំទាវ ឃួន សុ​ដា​រី បាន​អញ្ជើញ​សហប្រធាន​ទាំងពីរ អញ្ជើញ​មានមតិ​ដោយ​ធ្វើការ​ណែនាំ​ខ្លួន និង​ចំណាប់អារម្មណ៍​ជា​សង្ខេប​។ សហប្រធាន​មកពី​បង់​ក្លា​ដេ​ស និង​សភា​សហគមន៍​អឺរ៉ុប បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សភា​កម្ពុជា ដែល​បានរៀបចំ​កិច្ចប្រជុំ​នាពេលនេះ​បានល្អ​ឥតខ្ចោះ ហើយ​យើងទាំងអស់គ្នា​មានការ​ចាប់អារម្មណ៍​ចំពោះ​របៀប​គ្រប់គ្រង​របស់​កម្ពុជា​ក្នុងការ​ជម្នះ​នូវ​រាល់​ឧបសគ្គ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​នេះ​ដោយ​វិជ្ជាជីវៈ ទោះបី​ទទួលបន្ទុក​ជាច្រើន​ដែល​បណ្តាលមកពី​ភាពមិនច្បាស់លាស់​នៃ​ជំងឺ​រាតត្បាត​ក៍ដោយ​”​។​

​ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​កម្ពុជា​និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា បាន​លើកឡើងថា សង្គម​អាស៊ី និង​អឺរ៉ុប​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បាន​ជះឥទ្ធិពល​ដោយផ្ទាល់​ដល់​ជីវិត និង​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​។ បញ្ហា​ប្រឈម​ទាំងនោះ​គឺមាន ភេរវកម្ម ជម្លោះ​ចាស់ និង​ថ្មី ជនភៀសខ្លួន ការធ្វើ​ចំណាកស្រុក ការប្រែប្រួល​អាកាសធាតុ វិសមភាព​សង្គម និង​យេនឌ័រ ឧក្រិដ្ឋកម្ម​រៀបចំ​ទុកជាមុន គ្រោះធម្មជាតិ​គម្លាត​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​បញ្ហាសំខាន់ៗ​ដទៃទៀត​។ បញ្ហា​ប្រឈម​ទាំងនោះ​មាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។

​ឯកឧត្តម បាន​លើកឡើងថា បញ្ហា​ទាំងនោះ​អាច​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​បាន​លុះត្រាតែ​តំបន់​ទាំងពីរ អាស៊ី និង​អឺរ៉ុប​ត្រូវ​រួបរួមគ្នា និង​ធ្វើការ​ជាមួយគ្នា​នៅលើ​វេទិកា​អន្តរជាតិ​នានា​។​

​ប្រធាន​ប្រតិភូ​សភា​កម្ពុជា បាន​គូសបញ្ជាក់ថា មូលបទ​នាពេលនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពិភពលោក​យើង​សព្វថ្ងៃ​។ មូលបទ​នៃ​កិច្ចប្រជុំ​មាន​ភាព​ពាក់ព័ន្ធ​ទៅនឹង​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព  ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ហើយ​ដែលជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​តំបន់ និង​ពិភពលោក​ទាំងមូល​។

​ឯកឧត្តម បាន​គូសបញ្ចាក់ថា ភាពជា​ដៃគូ​ដែល​បាន​បង្កើតឡើង​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ពិភាក្សា និង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​បញ្ហា​ពាក់ព័ន្ធ​សកល​លើ​វិស័យ​នយោបាយ​។​

​គួរកត់សម្គាល់​ផងដែរ​ថា កិច្ចប្រជុំពេញអង្គ​លើក​ទី ១ នេះ គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់ ដែល​ប្រតិភូ​តំណាង​សភា​ប្រទេស​នីមួយៗ​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​មូលបទ “​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុងសម័យ និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩”​។

​ប្រតិភូ​នីមួយ​បាន​ន្លែ​ង​កោតសរសើរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ប្រកបដោយ​អត្ថន័យ​និង​ដំណើរ​ដ៏​រលូន​របស់​សភា​កម្ពុ​ជា ព្រមទាំង​បានធ្វើ​សេចក្តីថ្លែងការណ៍​យ៉ាង​ក្បោះក្បាយ និង​ស៊ីជម្រៅ​លើ​បញ្ហា​សកល ក្នុង​គោលបំណង​រិះរក​នូវ​យុទ្ធសាស្ត្រ និង​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ ដោយ​ផ្អែកលើ​ពហុភាគី​និយម ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​ភាពជា​ដៃគូ​។ ក្នុង​បទ​អន្តរាគមន៍​សុទ្ធសឹងតែ​បានបង្ហាញ​នូវ​ក្តី​បំណងប្រាថ្នា​រួម បម្រើ​នូវ​ផលប្រយោជន៍​រួម ព្រមទាំង​បន្ត​ពង្រឹង​ភាពជា​ដៃគូ​សភា សម្រាប់​សន្តិភាព និង​ការ​អភិ​ឌ្ឍ​ដោយ​ចីរភាព​។​

​មុននឹង​បិទ​បញ្ចប់​កិច្ចប្រជុំពេញអង្គ​លើក​ទី ១ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​មានមតិ​បូកសរុប ដោយបាន​កោតសរសើរ និង​ធ្វើការ​វាយ​តំលៃ​ខ្ពស់​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​ភាពជា​ដៃគូ​របស់​សភា​សម្រាប់​ស​ន្តិ​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុងអំឡុងពេល និង​ក្នុង​យុគសម័យ​ក្រោយ​ជំងឺ​រាតត្បាត​។

​លោកជំទាវ បា​នស​ង្ត​ត់​ធ្ងន់​ថា ជំងឺ​រាតត្បាត Covid-19 បាន​ប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នៃ​សង្គម និង​សេដ្ឋកិច្ច​របស់​យើង​ជាខ្លាំង  ហើយ សន្តិភាព និង​ស្ថិរភាព​ក៏​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ជំងឺ​រាតត្បាត​ផងដែរ​។ លោកជំទាវ បាន​គូសបញ្ជាក់​បន្ថែមថា នៅក្នុង​បរិបទ​នៃ​ភាពមិនប្រាកដប្រជា និង​ការប្រែប្រួល​កាន់តែខ្លាំង​ឆាប់រហ័ស​នៃ​ពិភពលោក យើងទាំងអស់គ្នា​ត្រូវ​បន្ត​ពូន​ជ្រុំ​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព ដើម្បី​សម្រេចបាន​នូវ​ការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​។ ជាមួយគ្នានេះ​ផងដែរ យើង​ក៏ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ភាពជា​ដៃគូ ដែល​ក្នុងនោះ​ការទូត​សភា និង​ភាពជា​ដៃគូ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​ពិភពលោក​ក្រោយ​ជំងឺ​រាតត្បាត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ