ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តួអង្គ​ស្រី​ស្អាត អមរា ទេវី ក្នុង​រឿង​«​នគរ​មាស​» កំពុង​សម្លឹង​មើល​គោលដៅ​ថ្មី​ៗ​ថែម​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​រឿង «​នគរ​មាស​» ដែល​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CTN ប្រាកដ​ជាមួយ​ស្គាល់​នូវ​តួអង្គ​នាង អមរា ទេវី ដែល​ជា​ភរិយា​របស់​រៀម​ដែល​មានឈ្មោះ​ពិត​ថា

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​រឿង «​នគរ​មាស​» ដែល​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CTN ប្រាកដ​ជាមួយ​ស្គាល់​នូវ​តួអង្គ​នាង អមរា ទេវី ដែល​ជា​ភរិយា​របស់​រៀម​ដែល​មានឈ្មោះ​ពិត​ថា ពៅ សុវណ្ណ​ម៉ា​រី​តា ដែល​ជាតា​រា​ជើង​ថ្មី​មួយ​កំពុង​សម្លឹង​មើល​ការ​សម្តែង​ថ្មី​ម្តងទៀត បន្ទាប់​ពី​ខកខាន​ដោយសារ​ផ្តោត​លើ​ការ​សិក្សា​។

ជា​អ្នកស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ពៅ សុវណ្ណ​ម៉ា​រី​តា ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​ចូលរួម​ប្រឡង​បវរ​កញ្ញា​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ដោយសារ​ជាប់​ភារកិច្ច​នៅ​ក្នុង​ការ​សិក្សា ទើប​ធ្វើ​ឲ្យ​តារា​រូប​នេះ​សម្រេច​ផ្ចឹ​ប​អាជីព​សិល្បៈ​ចោល​មួយ​រយៈ​។

យ៉ាងណា​នា​ពេល​នេះ តារា​ស្រី​ដែល​មាន​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​តាម​រយៈ​រឿង​ភាគ​ដំបូង «​នគរ​មាស​» ដែល​កំពុង​ចាក់​ផ្សាយ ខណៈ​ពេល​នាង​រំពឹង​ថា ក្រោយ​ពី​ការ​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​ជា​លើក​ដំបូង​នេះ នាង​នឹង​អាច​មានឱកាស​បញ្ចេញ​សមត្ថភាព​សម្តែង​នៅ​ក្នុង​រឿង​ថ្មី​ៗ​បន្ថែម​ទៀត​។

ពៅ សុវណ្ណ​ម៉ា​រី​តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា រឿង «​នគរ​មាស​» គឺជា​រឿង​ដំបូង​ក្នុង​អាជីព​សិល្បៈ​ដែល​នាង​បាន​ចូល​សម្តែង បន្ទាប់​ពី​នាង​បញ្ចប់​ការ​សិក្សា និង​កំពុង​បំពេញការងារ​ជា​អ្នកបម្រើ​តាម​យន្តហោះ​អោយ​ក្រុម​អាកាសចរណ៍​ឯកជន​មួយ​។
នាង​បញ្ជាក់​ថា កន្លង​មក ក្រោយ​ពី​នាង​បាន​ប្រឡង​បវរកញ្ញា​កម្ពុជា​ចប់ នាង​មានការ​ចេញ​សម្តែង​ខ្លះ​ៗ​ដូច​ជា​ការ​ដើរ​ម៉ូត និង​ថត​ជា​លក្ខណៈ Fashion ជាដើម ប៉ុន្តែ​ដោយសារ​នាង​មិន​អាច​បោះបង់​ចោលការ​សិក្សា​បាន ទើប​នាង​សម្រេច​បោះបង់​អាជីព​សិល្បៈ​នេះ​មួយ​រយៈ​សិន​។

នាង​បន្ត​ថា ក្រោយ​ពី​បញ្ចប់​ការ​សិក្សា នាង​ក៏​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ប៉ុន្តែ​អំឡុង​ពេល​នោះ​មាន​អ្នក​ស្គាល់​រូប​នាង​បាន​មក​ទាក់ទង​នាង​ឲ្យ​សាកល្បង​ចូល​ធ្វើតេស្ត​សម្តែង​នៅ​ក្នុង​ភាពយន្ត​បុរាណ​មួយ ដោយសារ​ពួក​គាត់​បាន​ស្គាល់ និង​ដឹង​ពី​ទេព​កោ​ល​ស្យ​សិល្បៈ​ដែល​នាង​មាន​ពី​កំណើត​។

ក្រោយមក នាង​ក៏​មានការ​ចាប់អារម្មណ៍​ខ្លះ​ៗ​លើ​ការ​សម្តែង​នេះ ព្រោះ​តាម​ចំណង់​ចំណូលចិត្ត គឺ​នាង​ស្រឡាញ់​ការងារ​ដើរ​ម៉ូត​ជាង​ការ​សម្តែង ប៉ុន្តែ​ដោយសារ​មានការ​ជម្រុញ នាង​ក៏​បាន​មក​ធ្វើតេស្ត ហើយ​ក៏​បាន​ជាប់​តួអង្គ​មួយ​រូប​នៅ​ក្នុង​រឿង «​នគរ​មាស​» នេះ​តែ​ម្តង​។

យ៉ាងណា បើ​តាម ពៅ សុវណ្ណ​ម៉ា​រី​តា ថា បន្ទាប់​ពី​នាង​បាន​ថត​បញ្ចប់រឿង «​នគរ​មាស​« នេះ​នាង​ក៏​កំពុង​បន្ត​ថត​រឿង​ភាគ​ថ្មី​មួយទៀត ហើយ​រឿង​ភាគ​ថ្មី​ដែល​នាង​ចូលរួម​សម្តែង​នេះ គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN ដូច​គ្នា ប៉ុន្តែ​នាង​សុំ​លាក់​ចំណងជើង​សិន​។

ពៅ សុវណ្ណ​ម៉ា​រី​តា បាន​លើក​ឡើង​ទៀត​ថា ការងារ​សិល្បៈ គឺ​នាង​មានការ​ស្រឡាញ់​ចូល​ចិត្ត​តាំងពី​ដើម ប៉ុន្តែ​សម្រាប់​ការងារ​ដែល​នាង​កំពុង​បម្រើ​ការ​សព្វថ្ងៃ​ក៏​នាង​ចូល​ចិត្ត​ដូច​គ្នា ហេតុនេះ​ទាំង​សិល្បៈ និង​ការងារ​នាង​មិន​អាច​ចោល​មួយ​ណា​បាន​ឡើយ ពោល​គឺ​នាង​ចង​ចាប់​យក​ទាំង​ពីរ​។

នាង​បញ្ជាក់​ថា ប្រសិនបើ​ក្នុង​ករណី​ការងារ​មានការ​មមាញឹក​ខ្លាំង នោះ​នាង​អាច​នឹង​ដកឃ្លា​ពី​សិល្បៈ ប៉ុន្តែ​ប្រសិនបើ​អាច​នាង​នៅ​តែ​ព្យាយាម​ឆ្លៀតពេល​សម្រាប់​ទទួលយក​ការ​សម្តែង​ថ្មី​ៗ​បន្ថែម ព្រោះ​ការងារ​សិល្បៈ​នេះ ក៏​នាង​មានការ​ចូល​ចិត្តខ្លាំង​ណាស់​ដែរ។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ស្នេហា​វិញ បច្ចុប្បន្ន ពៅ សុវណ្ណ​ម៉ា​រី​តា នៅ​មិន​អាច​ជ្រើសរើស​បាន​នូវ​បុរស​ដែល​ត្រូវចិត្ត​នាង​នៅឡើយ​ទេ ខណៈ​ពេល​នាង​ក៏​មិន​ទាន់​បាន​គិតគូ​ពី​ជីវិត​គូ​នៅ​ពេល​នេះ​នៅឡើយ​ទេ ដោយសារ​នាង​ចង់អោយ​ទាំង​ការងារ និង​អាជីព​សិល្បៈ​ទទួល​បាន​ជោគជ័យ​តាម​គោលដៅ​ដែល​នាង​ចង់​បានជា​មុន​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ