រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ៉ីអេហ្វជី កម្ពុជា (EFG Cambodia) បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម ។ ក្រុមហ៊ុនសូមញ្ជាក់ថា សកម្មភាពទាំងនោះមិនមានអ្វីត្រូវលាក់បាំងនោះទេ ។ យើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ ។ គម្រោងនេះត្រូវបានរៀបចំឡើងក្រោមការយកចិត្តទុកដាក់បំផុត ហើយអ្វីដែលនឹងចូលមកដល់នាពេលខាងមុខនេះ គឺជាព័ត៌មាន ដែលលោកអ្នកកំពុងទន្ទឹងរង់ចាំផងដែរ ។

ក្រុមហ៊ុន អ៉ីអេហ្វជី កម្ពុជា សូមជម្រាបជូនថា ក្រោយប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំមកនេះ អាជីវកម្ម The Pizza Company ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវបានបិទបញ្ចប់ ។ សូមរំលឹកដែរថា ភោជនីយដ្ឋាន The Pizza Company បានរួមចំណែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលមានដូចជា ៖ ការជួបជុំញុំអាហាររបស់គ្រួសារនីមួយៗ ការជួបជុំនៅក្នុងកម្មវិធីអបអរសាទរ និងការជួបជុំក្រោយបញ្ចប់ការងារហត់នឿយពេញមួយថ្ងៃ មានតែភីហ្សាតែប៉ុណ្ណោះបានផ្តល់ភាពរីករាយទាំងនេះ ។ ប្រវត្តិទាំងអស់នេះហើយ គឺជាភាពជាក់ស្តែង ដែលក្រុមហ៊ុន អ៉ីអេហ្វជី កម្ពុជា ពិតជាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់គ្រប់អតិថិជនទាំងអស់ដែលបានរួមចំណែកកន្លងមក ។
ក្រុមហ៊ុន អ៉ីអេហ្វជី កម្ពុជា ក៏សូមរំលឹកជាថ្មីសម្រាប់បងប្អូនអតិថិជន និងសាធារណជនដែលមិនទាន់បានជ្រាបច្បាស់អំពីការផ្លាស់ប្តូរកម្មសិទ្ធិគ្រប់គ្រងអាជីវកម្មដែលបានជូនដំណឹងតាំងពីលើកដំបូងម្តងរួចមកហើយថា អ៉ីអេហ្វជី កម្ពុជា បានផ្លាស់ប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Palms Food International Pte. Ltd ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី មានបទពិសោធន៍ប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ជាង ៣ទសវត្សរ៍មកហើយ ។
អ្វីដែលនឹងមកដល់ក្នុងពេលខាងមុខនេះ គឺជាអ្វីដែល អ៉ីអេហ្វជី កម្ពុជា បានកសាងអស់រយៈពេលជាយូរមកហើយ ។ ទីផ្សារម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាបានកើនឡើង ឆ្ពោះទៅរកភាពបត់បែនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ។ ក្រុមហ៊ុន អ៉ីអេហ្វជី កម្ពុជា នឹងបើកសម្ពោធម៉ាកយីហោភីហ្សាថ្មីដែលជារបស់ប្រជាជនកម្ពុជា បង្កើតឡើងចាប់ពីចំណុចសូន្យ ហើយច្នៃប្រឌិតឡើងទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់អតិថិជនកម្ពុជា និងកាន់កាប់ផ្ទាល់ដោយកម្ពុជាទាំងស្រុង ។ នេះជាអ្វីដែលស្ថិតនៅក្នុងដំណើរការនៃការបង្កើតឡើង ហើយនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។
លោក Michael Chick អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Palms Food International បានមានប្រសាសន៍ថា «អតិថិជននៅទីនេះមានភាពជឿនលឿនជាងគេនៅក្នុងតំបន់ ពួកគាត់ទទួលបានព័ត៍មានពេញលេញ មានបទពិសោធន៏និងចំណេះដឹង និងធ្វើការជ្រើសរើសទទួលបទពិសោធន៏ដែលពួកគាត់ចូលចិត្ត ។ ទាំងនេះគឺជាអ្វីដែលជំរុញទឹកចិត្តក្រុមហ៊ុន អ៉ីអេហ្វជី កម្ពុជា បន្តបង្កើតអ្វីដែលអតិថិជនចង់បាន ។ អតិថិជនកម្ពុជាមិនត្រឹមបើកចិត្តទទួលយកបទពិសោធន៏ថ្មីៗ ពេលនេះពួកគាត់នឹងក្លាយជាម្ចាស់រួចស្រេចទៅហើយ ។ ហេតុនេះហើយ ទើបយើងបន្តនៅទីនេះ ហើយអ្វីដែល អ៉ីអេហ្វជី កម្ពុជា កំពុងតែរៀបចំប្រកាសនោះមានសារៈសំខាន់ជាងអាជីវកម្មរបស់ខ្លួន ។
លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG Cambodia លើកឡើងថា ៖ «ខ្ញុំបានឃើញការរីកលូតលាស់របស់ទីផ្សារទីនេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ហើយពួកយើងបានដឹងច្បាស់ពីអ្វីដែលអតិថិជនខ្មែរយើងចង់បាន យើងកំពុងតែបង្កើតឡើងសម្រាប់ពួកគាត់» ។ ម៉ាកយីហោថ្មីនេះ មិនមែនជាអ្វីដែលយើងបង្កើតឡើងត្រឹមរយៈពេលខ្លីនោះទេ វាជាលទ្ធផលដែលបានមកពីការស្តាប់ ការរៀនសូត្រ ការអនុវត្ត និងបទពិសោធន៍រាប់ឆ្នាំ ហើយយើងជឿជាក់ថា កម្ពុជាពិតជាស័ក្តិសមនឹងហៅរបស់នេះថា ជារបស់ខ្លួនយ៉ាងពិតប្រាកដ ។ ខ្ញុំមានមោទនភាព ចំពោះអ្វីដែលយើងត្រៀមនឹងបង្ហាញឆាប់ៗ ហើយខ្ញុំជឿជាក់ថា ប្រជាជនខ្មែរទាំងអស់នឹងមានមោទនភាពដូចខ្ញុំដែរ ។
ព័ត៌មានលម្អិតបន្ថែមអំពី ម៉ាកយីហោរថ្មីរបស់ EFG Cambodia នឹងត្រូវប្រកាសជូនលោកអ្នកនៅសប្តាហ៍បន្ទាប់ខាងមុខនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ