ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ​នៅ​តែ​និយម​ធ្វើ​ដំណើរ​តាម​រ៉ឺ​មក​វែង​ៗ ដែល​អាច​ផ្ទុក​មនុស្ស​បាន​មិន​តិច​ជាង​ ៣០ ​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយ​ការ​សណ្តោង​ម៉ូតូ​កម្លាំង​ធំ​ៗ រ៉ឺ​ម៉ក​ដែល​មាន​ប្រវែង​ៗ​រហូត​ដល់ ​៥ ​ម៉ែត្រ ដែល​អាច​ដឹក​មនុស្ស​បាន​រហូត​ដល់​ ៣០​ នាក់ មិន​ចាញ់​រថយន្ត​ទ្រុង​នោះ​ឡើយ​…

រាជធានីភ្នំពេញ ៖ ជាមួយ​ការ​សណ្តោង​ម៉ូតូ​កម្លាំង​ធំ​ៗ រ៉ឺ​ម៉ក​ដែល​មាន​ប្រវែង​ៗ​រហូត​ដល់ ​៥ ​ម៉ែត្រ ដែល​អាច​ដឹក​មនុស្ស​បាន​រហូត​ដល់​ ៣០​ នាក់ មិន​ចាញ់​រថយន្ត​ទ្រុង​នោះ​ឡើយ​ ។ រ៉ឺ​ម៉ក​នេះ​បាន​ពេញ​និយម​ខ្លាំង កាលពី​ទស​វត្ស​រ៍ឆ្នាំ​ ៨០ ​និង ​៩០ ។ ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ជាតិ ដូច​ជា​ផ្លូវជាតិ​លេខ ​១ លេខ​ ២ លេខ​ ៣ ​និង​លេខ​ ៤ លេខ ​៥​ ជាដើម តែងតែ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​មួយ​នេះ​ទៅ​ផ្សារ ទៅ​ធ្វើការ​រោងចក្រ​ និង​ទៅ​សាលា​ជាដើម ​។

វា​វែង​អាច​ផ្ទុក​បាន​ច្រើន​ និង​មាន​តម្លៃ​ថោក​ ។ រហូត​មក​ដល់​សម័យនេះ​ដែល​មធ្យោបាយ​ធ្វើ​ដំណើរ​សម្បូរ​បែប មាន​ទាំង​ម៉ូតូ​កង់​បី នាំ​ចូល ដែល​គេ​ហៅ​ថា​ ទុក​ទុក និង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណ​ គឺ​រថយន្តក្រុង​ក្តី តែ​ពលរដ្ឋ​នៅ​តែ​និយម​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​វែង​ៗ​នេះ​ដដែល ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

លោក ​យូ ម៉ាត់​លី អាយុ​ជាង ​៣០ ​ឆ្នាំ ដែល​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បួន​នៅ​មុខ​ច្រកចូល​វិទ្យាល័យ​ឫស្សី​កែវ ផ្លូវជាតិ​លេខ ​៥ បាន​និយាយ​ឲ្យ​ដឹង​ថា លោក​ចាប់​មុខរបរ​រត់​ម៉ូតូ​កង់​បួន​នេះ​បាន​រយៈពេល​ជាង ​២០ ​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​ឪពុក​បាន​ស្លាប់​ និង​បន្សល់​ទុក​រ៉ឺ​ម៉ក​មួយ​គ្រឿង​ឲ្យ​លោក​នោះ ​។ លោក​ថា​ នៅ​រៀងរាល់ថ្ងៃ​នេះ​ពលរដ្ឋ​នៅ​តែ​ជិះ​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​នេះ ហើយ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​លោក​អាច​រក​ប្រាក់​សល់​ពី ​៤ ​ទៅ​ ៥​ ម៉ឺ​រៀល ក្រោយ​ពី​ទូទាត់​ថ្លៃ​សាំង​ហើយ​នោះ​ ។ អ្នក​រត់​រ៉ឺ​ម៉ក​ឲ្យ​ដឹង​​ថា ​នៅ​សម័យ​កូ​វី​ដ ​១៩ ​នេះ លោក​មិន​ហ៊ាន​ដាក់​មនុស្ស​ជិះ​ច្រើន​នោះ​ទេ ហើយ​ពលរដ្ឋ​ក៍​ចេះ​ប្រយ័ត្ន​ខ្លួនឯង​មិន​ហ៊ាន​អង្គុយ​ជាប់​គ្នា​ឡើយ ​។

លោក​ ញៀន ចំរើន អាយុ​ប្រហែលជា ​៦០​ ឆ្នាំ​រស់នៅ​សង្កាត់​ព្រែក​ព្នៅ បាន​រត់​រ៉ឺ​ម៉ក់​នេះ​តាំងពី​ឆ្នាំ​ ១៩៨០ ​មក​ម្ល៉េះ ​។ លោក​និយាយ​ថា​នៅ​ពេល​ចេញពី​របប​ប៉ុ​ល​ពត​ភ្លាម​ៗ​លោក​បាន​រត់​រ៉ឺ​ម៉ក់​នេះ កាល​ណោះ​លោក​លក់​មាស​មួយ​តម្លឹង​ដើម្បី​ទិញ​រ៉ឺ​ម៉ក​យក​ដឹក​មនុស្ស​និង​ទំនិញ ពី​ផ្សារ​ព្រែក​ព្នៅ​មក​ទៅ​ផ្សារ​តូច និង​ផ្សារ​ចាស់​ ។

តម្លៃ​ជិះ​រ៉ឺ​ម៉ក់​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ថ្លៃ​តែ​ ៥០០ ទៅ ​១០០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​ចន្លោះ​ផ្លូវ​ពី​ព្រែក​ភ្នៅ​មក​ផ្សារ​តូច​ ឬ​គល់​ស្ពាន​ជ្រោង​ចង្វារ​ ។ លោក ចំរើន បញ្ជាក់​ថា នៅ​តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​ជិះ​រ៉ឺ​ម៉ក​តូ​កង់​បួន​នេះ ​។ «កាល​ទស​វត្ស​រ៍ឆ្នាំ ​៨០-៩០ យើង​សប្បាយ​ដឹក​មនុស្ស​ណាស់ មាន​ពលរដ្ឋ​ពេញ​ៗ​រ៉ឺ​ម៉ក​ឡើង​ចុះ ហូរហែ លើ​ផ្លូវ​ពី​ផ្សារ​ព្រែក​ព្នៅ​ទៅ​ផ្សារ​តូច ។ តាម​ការ​សង្កេត​របស់ខ្ញុំ​នា​ពេល​បច្ចុប្បន្ន​នេះ​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បួន​នៅ​សល់​ប្រហែលជា ​៥០ ​គ្រឿង​ប៉ុណ្ណោះ​អ្នក​រត់​ភាគច្រើន​ជា​មនុស្ស​ចាស់​ហើយ​ពេល​ខ្លះ​ដឹក​តែ​អីវ៉ា​ន់​» ។

អ្នកស្រី​ លី ម៉ាស អាយុ​ជាង​ ៦០ ​ឆ្នាំ ពលរដ្ឋ​ខ្មែរឥស្លាម រស់នៅ​សង្កាត់​ច្រាំ​ងាំង​ចំរេះ​ទី ​១ ខណ្ឌឫស្សីកែវ បាន​និយាយ​ថា ពី​ដើម​មាន​តែ​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បួន​ទេ​ដែល​ដឹក​អ្នកដំណើរ​តាម​ផ្លូវជាតិ​លេខ ​៥ ​ពី​ព្រែក​ក្តាម​មក​ផ្សារ​ចាស់​ដឹក​មនុស្ស​ម្តង​មិន​តិច​ពី​ ៣០ ​នាក់​ឡើយ​ហើយ​ឡើង​ចុះ​ជា​បន្តបន្ទាប់​ ។​ អ្នកស្រី​ថា បងប្អូន​ឥ​ស្លា​ម​គីឡូម៉ែត្រ​លេខ ​៩ និយម​ជិះ​រ៉ឺ​ម៉ក​នេះ​ណាស់​ព្រោះ​ងាយ​ដឹកអី​វ៉ា​ន់ ដឹក​បាន​ច្រើន​ហើយ​តម្លៃ​ថោក ។ ​នៅ​ឥឡូវ​ទោះជា​សម្បូរ​ម៉ូតូ​កង់​បី​ថ្មី​ៗ ក៏​ពិតមែនតែ​បងប្អូន​ឥ​ស្លា​ម​នៅ​តែ​នាំ​គ្នា​ជិះ​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បួន​ជា​ដដែល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ