រាជធានីភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៦នេះ ត្រូវបានធនាគារពិភពលោកព្យាករណ៍មកនៅត្រឹម៦,៩%ប៉ុណ្ណោះ ខណៈក្នុងឆ្នាំ២០១៥កន្លងមក កំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង៧% ។ បើទោះបីជាមានការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៦,៩%ក្តី តែវានៅតែមានកំណើនខ្ពស់នៅឡើយ និងមិនទាន់មានអ្វីត្រូវព្រួយបារម្ភនោះទេ ។
ទោះបីជាយ៉ាងណា ការព្យាករទៅលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៦នេះថា វាមានកម្រិតទាបជាងឆ្នាំ២០១៥បន្តិចក្តី ហើយមានកត្តាមួយចំនួនដែលបានទាញឱ្យកំណើននេះធ្លាក់ចុះ ក្នុងនោះវិស័យកសិកម្មដែលជាវិស័យស្នូលមួយរបស់កម្ពុជា ក៏ជាកត្តារួមចំណែកធ្វើឱ្យកំណើននេះធ្លាក់ចុះបន្តិចដែរ ។
ថ្លែងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងក្រសួងសេដ្ឋកិច្ច នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ មេសា លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ៖ « ការធ្លាក់ចុះនៃវិស័យកសិកម្ម ក៏ជាការរួមចំណែកនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចផងដែរ ។ វិស័យកសិកម្ម ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះមានកំណើនខ្ពស់ជាង៥%ជាមធ្យម តែនៅរយៈពេលចុងក្រោយ២-៣ឆ្នាំនេះបានធ្លាក់ចុះ ដែលបណ្ដាលមកពីតម្លៃកសិផលធ្លាក់ចុះ កត្តាអាកាសធាតុប្រែប្រួល និងការយឺតយ៉ាវក្នុងការដោះស្រាយធ្វើអន្តរជាតិរចនាសម្ព័ន្ធមួយចំនួនក្នុងវិស័យកសិកម្ម » ។
លោកបន្តថា ៖ « តាមន័យធម្មជាតិ និងវិទ្យាសាស្ត្រ វិស័យកសិកម្មនៅតែដើរតួនាទីធំដដែល ដោយបានធ្វើជាជន្ទល់សេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ច និងសម្រាប់ដោះស្រាយបញ្ហាជាតិ ។ គ្រាន់តែវិស័យកសិកម្មកើនគឺល្អ ពីព្រោះវាបានធ្វើឱ្យទំនិញនានាចុះថោក ហើយធ្វើឱ្យវិស័យផ្សេងៗទៀតដូចជា ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍កើនឡើង ។ ប្រទេសមួយមិនអាចអភិវឌ្ឍន៍វិស័យឧស្សាហកម្មបានដោយសារតែទំនិញឡើងថ្លៃ ម្ហូបអាហារឡើងថ្លៃបានទេ គឺពិបាកណាស់ វាជះឥទ្ធិពលដល់កម្មករ តែបើសិនជាទំនិញចុះថោក គឺធ្វើឱ្យវិស័យផ្សេងទៀតល្អប្រសើរវិញ » ។
លោករដ្ឋលេខាធិការរូបនេះបន្ថែមថា ៖ « ការអភិវឌ្ឍវិស័យកសិកម្មឱ្យបានល្អ វានឹងជះឥទ្ធិពលល្អដល់វិស័យផ្សេងៗទៀត ។ កាលណាកសិកម្មអភិវឌ្ឍន៍ល្អ មានន័យថា មនុស្សមានការងារធ្វើច្រើន ទទួលបានចំណូលច្រើន និងចាយលុយច្រើន ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចទៀត ។ មួយវិញទៀត កាលណាប្រជាកសិករធ្វើកសិកម្មច្រើន តម្លៃអាចធូរ នឹងធ្វើឱ្យតម្លៃម្ហូបអាហារថោក ដែលជាការសម្រួលដល់ការចាយវាយរបស់មន្ត្រីរាជការ និងពលរដ្ឋ ដោយសារតែតម្លៃប្រើប្រាស់ថោក » ។
ចំណែកលោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ប្រចាំការិយាល័យកម្ពុជា ថ្លែងថា ៖ « គម្រោងការព្យាករកំណើនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០១៦ គឺមិនទាន់ដឹងច្បាស់ថា៦,៩% ឬ៦,៨%នោះទេ ដោយសារតែមិនទាន់ដឹងច្បាស់ថា វិស័យកសិកម្មរីកចម្រើនឡើងវិញឬយ៉ាងណា ដោយសារតែអាកាសធាតុមិនអំណោយផល ។ តែទោះយ៉ាងណា វិស័យផ្សេងៗទៀតនឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែល្អប្រសើរ » ។
លោកបន្តថា ៖ « ប្រទេសជឿនលឿន ឬប្រទេសដែលឡើងមកពីប្រទេសចំណូលទាប មកចំណូលមធ្យមកម្រិតទាប គឺតែងមានការថយចុះនៃការងារក្នុងវិស័យកសិកម្ម ហើយវាមិនមែនជាសញ្ញាអាក្រក់អីទេ ក្នុងពេលប្រទេសជឿនលឿនថយចុះក្នុងវិស័យកសិកម្ម ។ អុីចឹងហើយយើងឃើញបញ្ហាហ្នឹងកើតឡើង យើងគួរតែសប្បាយចិត្តទៅ ព្រោះថា ប្រទេសកាន់តែជឿនលឿន កសិករកាន់តែតិច ។ ជាក់ស្ដែងប្រទេសអាមេរិក វិស័យកសិកម្មគេផ្ដល់ការងារឱ្យកសិករតែជាង២%ប៉ុណ្ណោះ ចំណែកយើងវិញ វិស័យកសិកម្មផ្ដល់ការងាររហូតដល់ជាង៤៥,៣%ឯណោះ ។ ដូចនេះ ការថយចុះនេះជាការល្អ ប៉ុន្តែយើងត្រូវបង្កើនផលិតភាពកសិកម្ម គឺមានន័យថា យើងត្រូវបង្កើនទិន្នផលឱ្យបានខ្ពស់ ហើយទិន្នផលមិនបានខ្ពស់នាពេលនេះទេ គឺដោយសារតែអាកាសធាតុ » ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ធនាគារពិភពលោក កាលពីឆ្នាំ២០០៨កន្លងមក បានបង្ហាញថា វិស័យស្រូវអង្ករដែលជាផ្នែកមួយនៃវិស័យកសិកម្ម បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចប្រមាណ១៣,៧% ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ ស្រូវអង្ករបានរួមចំណែកប្រមាណតែ១,២%ប៉ុណ្ណោះ ។ រហូតមកដល់ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ ការរួមចំណែករបស់វិស័យស្រូវអង្ករ គឺបានធ្លាក់ចុះមកនៅត្រឹមតែ០,៦% ។
ទោះបីជាវិស័យស្រូវអង្ករដែលជាផ្នែកមួយនៃវិស័យកសិកម្មបានធ្លាក់ចុះក្តី ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះនោះដែរ ដោយសារតែវិស័យផ្សេងៗបានរីកចម្រើន និងជំរុញដល់កំណើនសេដ្ឋកិច្ចជំនួសឱ្យវិស័យស្រូវវិញ ដូចជា វិស័យកាត់ដេរ និងវិស័យសំណង់ ជាដើម ៕


ចែករំលែកព័តមាននេះ