ខេត្តពោធិ៍សាត់ ៖ ជនជាតិចិនម្នាក់ បានអះអាងថា ត្រូវបានជនជាតិចិនដូចគ្នា ឆបោកពីប្រទេសចិន ឲ្យមកបម្រើការងារដោយខុសច្បាប់ នៅក្រុមហ៊ុន Internet Investment Park នៅខេត្តពោធិ៍សាត់ ដែលនៅទីនោះមានការគំរាមកំហែង និងបិទសិទ្ធិសេរីភាពទៀតផង ហើយបុរសជនជាតិចិនរូបនេះ បានផ្ញើសារចូលក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
បើតាមមានខ្លឹមសារ ខមិន(បកប្រែក្រៅផ្លូវការ) បានអោយដឹងថា «សួស្តីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំគឺជាជនជាតិចិនម្នាក់ ដែលត្រូវបានគេឆបោកពីប្រទេសចិន ឲ្យមកធ្វើការនៅក្រុមហ៊ុនវិនិយោគផ្នែកអ៊ីនធឺណិត (Internet Investment Park) នៅខេត្តពោធិ៍សាត់ ។ នៅទីនេះ មានគេឲ្យខ្ញុំកុហកអ្នកដទៃ ប៉ុន្តែខ្ញុំខ្លាចមិនហ៊ាននិយាយនោះទេ។ ខ្ញុំបានព្យាយាមស្វែងរកការសង្គ្រោះដោយសម្ងាត់ អស់រយៈពេលជាង ២ខែមកហើយ ប៉ុន្តែពុំទាន់មានដំណឹងនោះឡើយ។ បច្ចុប្បន្ន ខ្ញុំមានជំងឺធ្ងន់ធ្ងរ និងពុំអាចទៅធ្វើការបាននោះទេ ខ្ញុំបាត់បង់តម្លៃសម្រាប់ពួកគេ(ជនជាតិចិនដូចគ្នា)ហើយ ។ មនុស្សម្នាក់អ្នក ដែលធ្លាប់បានកុហកខ្ញុំនោះ និយាយថា នឹងលក់ខ្ញុំឲ្យទៅអ្នកដទៃ ខ្ញុំខ្លាចខ្លាំងណាស់ និងគ្មានជំនួយទេ។ ខ្ញុំសង្ឃឹមថា សម្ដេច អាចជួយសង្គ្រោះខ្ញុំបាន» ។
បន្ទាប់ពីខមិនសារបែបនេះ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីស្រាវជ្រាវ នឹងមានចំណាត់ការលើករណីនេះ ។
យោងតាមរបាយការណ៍បឋមពីក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់
កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅពិនិត្យផ្ទាល់ និងធ្វើកិច្ចប្រតិបត្តិការតាមនីតិវិធីជំនាញពាក់ពន្ធ័ ព្រមទាំងធ្វើការ ប្រគល់-ទទួលយកជនរងគ្រោះ ជាជនជាតិចិនម្នាក់ ឈ្មោះ Xiong Liqiang អាយុ២៣ឆ្នាំ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងមនាការចូលរួមពីតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ផងដែរ ។
បច្ចុប្បន្ន ជនរងគ្រោះ ជាជនជាតិចិនខាងលើ ត្រូវបានប្រគល់ជូនបន្តទៅមន្ត្រីអន្តោប្រវេសន៍ ដើម្បីអនុវត្តវិធានការជំនាញ ស្របតាមនីតិវិធីច្បាប់ ៕







ចែករំលែកព័តមាននេះ