ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​កសិកម្ម​​មាន ​៣០% ក្នុង GDP តែ​វិស័យ​នេះ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ ការ​ប្រើ​ជីគីមី និង​ការ​បាត់​គម្រប​ព្រៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ប្រើប្រាស់​ដី​កសិកម្ម ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់សត្វល្អិត ពិតជា​បាន​នាំ​ឱ្យ​មានគុណ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ​។ ជា​រួម…

រាជធានីភ្នំពេញ ៖ ការ​ប្រើប្រាស់​ដី​កសិកម្ម ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់សត្វល្អិត ពិតជា​បាន​នាំ​ឱ្យ​មានគុណ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ​។ ជា​រួម និង​មិន​អាច​ចៀសវាង​បាន ការ​បម្រែបម្រួល​អាកាសធាតុ​បាន​ជះ ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​កសិកម្ម​កម្ពុជា ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ហើយ​នៅ​ថ្ងៃ​អនាគត​សម្រាប់​រយៈពេល ២០២៥ – ២០៥០ តំបន់កសិកម្ម​ភាគច្រើន​នៃ​ប្រទេស​កម្ពុជា​អាច​បន្ត​ជួបនឹង​ហានិភ័យ​ដោយ​គ្រោះ​រាំង​ស្ងួត ហើយ​នៅ​ក្រោម​សេណា​រី​យ៉ូ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ខ្ពស់ (SREAS-A2) ទិន្នផល​កសិកម្ម​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ ជាក់ស្តែង​ផល​ប៉ះពាល់​លើ​វិស័យ​កសិកម្ម​បណ្តាល​មក​ពី​គ្រោះ​មហន្តរាយ ដោយ​ទឹកជំនន់​មាន​ប្រមាណ ៦២% និង​គ្រោះ​រាំង​ស្ងួត ៣៦% ជា​ពិសេស​កសិករ​ខ្នាត​តូច​ងាយ​រង​គ្រោះ ដោយសារ​ការ​ពឹងផ្អែក​លើ​ទឹកភ្លៀង និង​ការ​មិន​អាច​ផ្លាស់​ប្តូរ​មុខ​ដំណាំ​ឲ្យ​ស្រប​ទៅ​តាម​បម្រែបម្រួល​អាកាសធាតុ​ជាស​កល ​។

ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅ​សិក្ខា​ថ្នាក់​តំបន់​ស្តី​ពី «ដំណើរ​ផ្លាស់​ប្តូរ​កសិកម្ម​អេកូឡូស៊ី និង​ប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយ សុវត្ថិភាព ដើម្បី​ភាព​បៃតង ភាពរឹងមាំ និង​ការ​ងើបឡើង​វិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​ក្នុង​តំបន់​អាស៊ាន» ​។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​លើក​ឡើង​បន្ត​ថា កំណើនប្រជាជន​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ពី​គម្រប​ព្រៃឈើ​ទៅ​ជា​ដី​កសិកម្ម និង​ការ​បង្វែរ​កសិកម្ម​បែប​ប្រពៃណី​ទៅ​ជា​កសិកម្ម​ប្រពលវប្បកម្ម ឬ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ កំណើន​តម្រូវការ​កសិផល​នៅ​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​គម្រប​ព្រៃឈើ​ដែល​នៅ​សេសសល់​តិចតួច ជីវចម្រុះ ការ​សឹក​រេច​រិល និង​ការ​បាត់បង់​គុណភាព​ដី ហើយ​ពិត​ណាស់ បើ​គ្មាន​អន្តរាគមន៍​បន្ទាន់ ច្បាស់លាស់ ពិតប្រាកដ​ណាមួយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំងនេះ​ទេ ការ​ប្រែប្រួល​អាកាសធាតុ​នឹង​បន្ត​ឥទ្ធិពល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ថយ​ចុះ​នៃ​ទឹកភ្លៀង គ្រោះ​រាំង​ស្ងួត ការ​កើនឡើង​កំ​ដៅ ការ​ហូរ​ច្រោះ​ដី ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដែល​ជា​ហេតុ​ចំបង​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម​ជា​ប្រាកដ ផង​ដែរ​។

ទោះជា​មានការ​ប្រឈម​ដូច្នេះ ​តែ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា វិស័យ​កសិកម្ម​កម្ពុជា ​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ ​២០០០ ដោយ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់ GDP ប្រមា​ណេ​ជា ៣0% និង​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុងស្រុក​ប្រហែល ៦០%​ មុន​វិបត្តិ​កូ​វី​ដ​-១៩​ ។ កត្តា​វិជ្ជមាន​ទាំង​អស់នេះ បណ្តាល​មក​ពី​ការ​ពង្រីក​ដី​កសិកម្ម​ទាំង​នៅ​តំបន់​ទំនាប និង​តំបន់​ខ្ពង់រាប និង​ការ​កើនឡើង​នៃ​ផលិតភាព​ផលិតកម្ម​ដោយសារ​ការ​កើនឡើង​នៃ​ការ​ប្រើ​គ្រឿងយន្ត​កសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ ធាតុ​ចូល​កសិកម្ម​ដូច​ជា​ពូជ​សត្វ ពូជ​ដំណាំ និង​បន្លែ​គ្រប់​ប្រភេទ ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ ។​ល​។

ក្នុង​នោះ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម (២០១៩-២០២៣) ក្រសួងកសិកម្ម​ថា នឹងពង្រឹងសមត្ថភាព ​និង​សកម្មភាព ភាព​ធន់​នឹង​អាកាសធាតុ និង​និរន្តរភាព​គឺជា​គោលការណ៍​ស្នូល​ក្នុង​ការ​ដោះស្រាយ​ការ​បន្សាំ និង​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ទាក់ទង​នឹង​ធនធាន​ដី​កសិកម្ម ដោយ​ត្រូវ​បាន​ផ្តល់​ជា​អាទិភាព រួម​ទាំង​ផែនការមេ​នៃ​វិស័យ​កសិកម្ម​ឆ្នាំ ២០៣០ ក៏​បាន​រំលេច​នូវ​អាទិភាព​នៃ​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម ការ​ធ្វើ​ពិពិធ​កម្ម ប្រកបដោយ​និរន្តរភាព ទំនើបភាវូបនីយកម្ម និង​ពាណិជ្ជកម្ម តាម​រយៈ​ការ​បង្កើន​ផលិតកម្ម​ដំណាំ ព្រៃឈើ និង​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ