រាជធានីភ្នំពេញ ៖ តាមពិតតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ និងអ្នកវេជ្ជសាស្ត្រ បានបញ្ជាក់ថា ឈាម ឬស្រកា ឬក៏ផ្នែកណាមួយនៃសត្វពង្រូលក៏ដូចជាសត្វព្រៃដទៃទៀតពុំមានលក្ខណៈវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ ។

យោងតាមរបាយការណ៍ នៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ស្រកាបង្រូលប្រមាណ ២០៦,៤ តោន ត្រូវបានរឹបអូសក្នុងប្រតិបត្តិការចំនួន ៥២ លើកផ្សេងគ្នា ។ ជាមួយស្រកាពង្រូលដ៏ច្រើននេះ គេជឿថា សត្វពង្រូលរាប់លានក្បាលត្រូវបានជួញដូរ និងសម្លាប់ ។ ជាក់ស្តែង កាលពីឆ្នាំ ២០១៩ ប្រទេសសិង្ហបុរីបានចាប់កុងតឺន័រដឹកសំណាកសត្វព្រៃដែលក្នុងនោះមានស្រកាពង្រូលប្រមាណជាង ១២ តោនដែលមានតម្លៃជាង ៣៨,១ លានដុល្លារសហរដ្ឋអាម៉េរិក ហើយស្រកាទាំងនេះត្រូវបានគេជឿថា ប្រមូលពីសត្វពង្រូលសរុបប្រមាណ ២០ ០០០ ក្បាល ។ ស្រកាពង្រូលទាំងនេះមានប្រភពភាគច្រើនមកពីបណ្តាប្រទេសនៅអាហ្វ្រិក ។

សម្រាប់ប្រទេសកម្ពុជា មិនមានទិន្នន័យពីការជួញដូរឡើយ តែជារឿយៗមានការរឹបអូសបានប្រភេទសត្វដែលបានជួញដូរមួយចំនួននៅក្នុងស្រុក ។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាដោយមានការសហការជាអន្តរជាតិក៏បានចាប់ និងរឹបអូសសំណាកសត្វព្រៃដែលនាំចូលឆ្លងដែនមកក្នុងប្រទេសកម្ពុជាបានមួយចំនួនដែរ ។

អង្គការ IUCN បានកំណត់សត្វពង្រូលក្នុងបញ្ជីក្រហម ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Critically endangered) ឈានទៅរកការផុតពូជ នៅលើពិភពលោក ។ គេមិនមានទិន្នន័យពិតប្រាកដថា នៅលើពិភពលោកមានសត្វពង្រូលប៉ុន្មានក្បាលនោះទេ តែចំនួនសត្វពង្រូលត្រូវបានគេជឿថា មានការថយចុះច្រើន ។ កម្ពុជាបានចាត់ទុកសត្វពង្រូលថា ជាប្រភេទសត្វកម្រ និងមិនមានការបញ្ជាក់ពីចំនួនពិតប្រាកដឡើងនៅទូទាំងប្រទេសឡើយ តែមានការកត់កម្គាល់ថា ប្រភេទសត្វនេះក៏មានការថយចុះនៅក្នុងប្រទេសកម្ពុជាដែរដោយសារតែការបរបាញ់ ដាក់អន្ទាក់ និងធ្វើអាជីវកម្ម ៕

ចែករំលែកព័តមាននេះ