រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានបញ្ជាក់ថា សត្វរញីប្រផេះជាប្រភេទសត្វរងគំរាមកំហែងបន្តធ្លាក់ចុះនៅលើពិភពលោក។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា សត្វរញីមានពីរប្រភេទគឺ រញីប្រផេះ និងរញីភ្លើង ។ សត្វរញីពីរប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទងាយរងគ្រោះថ្នាក់ ។ គ្រោះថ្នាក់ដោយសារតែវាកំពុងរងគ្រោះដោយសារតែការបរបាញ់ទាក់ចាប់ និងការធ្វើអាជីវកម្ម ។

មន្ត្រីដដែលថា ពលរដ្ឋមួយចំនួនមានជំនឿថា រញីជាប្រភេទសត្វយកមកត្រាំស្រា ធ្វើជាថ្នាំកែរោគផ្សេងៗ ប៉ុន្តែតាមអ្នកជំនាញវេជ្ជសាស្ត្រ សត្វព្រៃដទៃទៀតពុំមានលក្ខណៈវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ ។

តាមការស្រាវជ្រាវកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានយកសត្វឆ្មាដែលមានរូបរាងដូចនឹងសត្វរញី មកក្លែងបន្លំធ្វើជាសត្វរញីឆ្អើរដាក់លក់នៅតាមទីតាំងឧសថបុរាណមួយចំនួន ឬដើរលក់តាមភូមិនានា ។

មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាបបានឲ្យដឹងថា រហូតមកទល់ពេលនេះ មិនមានទិន្នន័យណាមួយបញ្ជាក់ពីចំនួនសត្វរញីនៅលើពិភពលោកពិតប្រាកដឡើយ ។ សម្រាប់ប្រទេសកម្ពុជា សត្វរញីប្រផេះជាប្រភេទសត្វកម្រ និងស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុសញ្ញាសាយតេសដែលមានរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ សត្វរញីប្រផេះមាននិន្នាការធ្លាក់ចុះនៅលើពិភពលោករួមទាំងនៅកម្ពុជាផងដែរ។

ប្រភពបន្តបន្តថា រញីប្រផេះជាទូទៅវាមានពណ៌ផ្សេងៗគ្នាចាប់ពីត្នោត ប្រផេះ ព្រលែត ទៅក្រហម ត្នោត និងមានឆ្នូតពណ៌ ត្នោតចាប់ពីក្បាលរហូតដល់ពាក់កណ្តាលខ្នង ឬដល់គល់កន្ទុយ និងមានលក្ខណៈស្រដៀងគ្នាទៅនឹងរញី ភ្លើងដែរ។ វាមានពណ៌ត្នោតចាស់ពទ្ធ័ជុំវិញរង្វង់ភ្នែកទាំងពីរ និងមានរោមឆ្នូតពណ៌សតាមបណ្តោយខ្ទង់ច្រមុះ។
លក្ខណៈជីវសាស្ត្រ៖ រញីប្រផេះជាសត្វរាត្រីចររស់នៅនិងរកស៊ីនៅពេលយប់នៅតាមដើមឈើតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងអាចមានវត្តមាននៅតាមចម្ការផងដែរ។ អាហាររបស់វាមានសត្វល្អិត សត្វស្លាប និងផ្លែឈើ។ រញីប្រផេះជាសត្វចូលចិត្តរស់នៅឯកឯង ហើយធ្វើចលនាបម្លាស់ទីយឺតៗមិនសូវ រហ័សរហួន ដូចសត្វដទៃ។ រញីប្រផេះអាចរស់នៅបានរហូតដល់អាយុ១៤ឆ្នាំ។
រប៉ាយរស់នៅ៖ រញីប្រផេះមានវត្តមានស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាពិសេសវត្តមានវាសម្បូរនៅតំបន់ខាងលិចទន្លេមេគង្គ នៅប្រទេសឥណ្ឌាភាគឦសាន្ត រហូតដល់ប្រទេស ភូមា ភាគខាងត្បូងនៃប្រទេសចិន និងប្រទេសថៃ ។
ក្រសួងបរិស្ថានបន្តយកចិត្តទុកដាក់លើកិច្ចការពារ និងអភិរក្សសត្វកម្រទាំងនេះជាមួយអង្គការដៃគូនានាដែលបាន និងកំពូងផ្តល់ជំនួយបច្ចេកទេសក្នុងការងារអភិរក្សតំបន់ការពារធម្មជាតិដែលជាទីជម្រក និងកន្លែងរកចំណីអាហាររបស់សត្វព្រៃ ។
ជាមួយគ្នានេះ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រសួងបរិស្ថានបន្តបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ និងការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ បានខិតខំដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិដើម្បីសង្គ្រោះសត្វព្រៃ នៅពេលចុះល្បាត៕
ចែករំលែកព័តមាននេះ