ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​បញ្ចប់​ដោយ​មាន​អ្នកចូលរួម​ជាង​1​លាន​នាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​អបអរសាទរ​ទទួល​ពរ​ជ័យ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំវក អដ្ឋស័ក

ខេត្តសៀមរាប ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដើម្បី​អបអរសាទរ​ទទួល​ពរ​ជ័យ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ​២៥៦០ គ្រិស្តសករាជ​២០១៦ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៦ នៅ​បរិវេណ​ប្រាសាទបាយ័ន ដែល​តាម​តួលេខ​ពី​ក្រសួងទេសចរណ៍​បាន​ប្រកាស​ថា មាន​អ្នកទេសចរ​ចូលរួម​អង្គរ​សង្ក្រាន្ត​១​លាន​៣​សែន​នាក់ ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា យើង​គួរតែ​សង្កេត​មើល​ថា តើ​ហេតុ​អ្វី​ទៅ​ដែល​យើង​អាច​បង្កើត​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​នៅ​កន្លែង​នេះ នៅ​ទី​នេះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ប្រជាពលរដ្ឋ​ក៏​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ និង​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​នៅ​គ្រប់​ទីកន្លែង​ផ្សេង​ទៀត ។ មាន​មូលហេតុ​៥​យ៉ា​ង ដែល​ចាំបាច់​យក​មក​គិតគូរ​ជាមួយនឹង​អ្វី​ដែល​បាន​និង​កំពុង​កើត​មាននៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ។

ទី​១-​សុខ​សន្តិភាព​មាន​ពេញលេញ​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំងមូល ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។ នៅ​មុន​ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​យើង​បាន​ខ័​ណ្ឌ​ជា​របង ខ័​ណ្ឌ​ចែក​ជា​តំបន់​គ្រប់គ្រង​ខុស​ៗ​គ្នា ។ បើ​និយាយ​ពី​មុន​ឆ្នាំ​១៩៩៨ ប្រទេស​របស់​យើង​ត្រូវ​បាន​បែងចែក​ជា​តំបន់​ត្រួតត្រា​៤ មាន​កងកម្លាំងប្រដាប់អាវុធ​៤​ដែរ ដែល​ក្នុង​នោះ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ព្រំដែន​រស់នៅ​តំបន់​ណា គឺ​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​។ បើ​ឆ្លង​ដែន​ត្រូវ​ជួប​ប្រទះ​នូវ​ការ​ប៉ះ​គ្រាប់​មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ ឬ​ត្រូវ​ទទួល​រង​នូវ​ការ​បាញ់ប្រហារ​នានា ។

ប៉ុន្តែ​ក្រោម​នយោបាយ​ឈ្នះ​=​ឈ្នះ​របស់​រាជរដ្ឋាភិបាល​ដែល​ខ្លួន​ខ្ញុំ​បាន​ដាក់​ចេញ និង​ដឹកនាំ​អនុវត្ត​ផ្ទាល់ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ពី​ប្រទេស​កម្ពុ​ជាមួយ​ដែល​មាន​តំបន់​ត្រួតត្រា​ច្រើន​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​តំបន់​ត្រួតត្រា​មួយ ហើយ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ពេល​នេះ គឺ​គ្មាន​ការ​ខ្លាច​អ្វី​ទាំងអស់ ។

សុខ​សន្តិភាព​បាន​នាំ​មក​នូវ​ការ​រស់រាន​មានជីវិត សុខ​សន្តិភាព​បាន​នាំ​មក​ឱ្យ​យើង​បំបាត់​នូវ​ការ​ភ័យ​ខ្លាច​នៃ​សង្គ្រាម សុខ​សន្តិភាព បាន​នាំ​មក​ឱ្យ​យើង​សម្រាប់​ការ​អភិវឌ្ឍ បង្កើន​ជីវភាព កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​តែ​រក្សា​ឱ្យ​ខាង​តែ​បាន ។ យើង​មិន​អត់ឱន​ឱ្យ​អ្នក​ណា​ក៏​ដោយ ដែល​មានគំនិត​ញុះញង់ បំបែកបំបាក់ ធ្វើ​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ជាតិ​យើង ទោះ​ម្នាក់​… ឬ​ច្រើន​នាក់​… កុំឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់ រាប់​លាន​នាក់ ត្រូវ​ស្លាប់​ដូច​កាល​ឆ្នាំ​១៩៧០-១៩៧៩ និង​បន្ដ​រហូត​ដល់​ឆ្នាំ​១៩៩៨ ។

យើង​មាន​វប្បធម៌​នៃ​ការ​អត់ឱន យើង​មាន​វប្បធម៌​នៃ​សន្ដិភាព ប៉ុន្ដែ​យើង​ក៏​មិន​លើកលែង​ចំពោះ​នរណា​ក៏​ដោយ​ដែល​មានការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អ​ស្ថិ​ភាព ដែល​ជា​អតីតកាល​ដ៏​ជូរ​ចត់​របស់​កម្ពុជា ។ សង្ឃឹមថា ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​រួម​ជាមួយ​ខ្ញុំ ដើម្បី​ថែរក្សា​នូវ​សុខ​សន្ដិភាព​របស់​យើង ។ បញ្ហា​សន្ដិភាព និង​ស្ថិ​ភាព​នេះ សង្ឃឹមថា​មិត្តភក្ដិ​បរទេស​នឹង​មានការ​យោគយល់​ដល់​កម្ពុជា​ព្រោះថា​អ្នក​ដែល​វេទនា​មិនមែន​ជា​ជនបរទេស​ទេ អ្នក​ដែល​វេទនា​គឺ​ប្រជាជន​កម្ពុជា ដែល​ទាមទារ​នូវ​មិត្តភក្ដិ​បរទេស បើ​ទោះបី​មានមុខ​នៅ​ទី​នេះ​ក្ដី និង​មិន​មានមុខ​នៅ​ទី​នេះ​ក្តី និង​យោគយល់​ទៅ​ដល់​វិធានការ​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់ ដើម្បី​ទប់​ស្ដា​ត់​នូវ​ចលាចល​ណាមួយ​នៅ​ក្នុង​សង្គម​កម្ពុជា ។

ទី​២-​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​រៀបចំ​បាន និង​ធ្វើ​ឱ្យ​មានការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​គ្រប់​ទីកន្លែង​បាន ក្រៅពី​សន្ដិភាព​នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទំនាក់ទំនង​និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​។ ពី​មុន ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ភ្នំពេញ​មក​កាន់​ក្រុង​សៀមរាប គេ​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​បាន​ទេ ព្រោះ​មានការ​លំបាក​យ៉ាង​ខ្លាំង ដូច្នេះ​ដំណើរ​តាម​ផ្លូវ​ទឹកជា​ជម្រើស​ដល់​ល្អ​របស់​ពួក​គេ បន្ថែម​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវអាកាស ដែល​មាន​លទ្ធភាព​តិចតួច ។ មាន​ពេល​ខ្លះ​ធ្វើ​ដំណើរ​វាង​តាម​ខេត្តកំពង់ធំ ខ្លះ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្តបាត់ដំបង ។ ប៉ុន្ដែ​ឥឡូវនេះ ហេ​ដ្ឋា​រចនា​សម្ព័​ន​របស់​យើង​បាន​ត​ភ្ជាប់​គ្រប់​ទីកន្លែង​ទាំងអស់ នៅ​ក្នុង​ក្រប​ខណ្ឌ​ពេញ​ផ្ទៃ​ប្រទេស​របស់​យើង នោះ​ហើយ​គឺជា​លទ្ធផល​ដែល​ផ្ដើម​ចេញពី​សន្ដិភាព និង​ស្ថិរភាព​របស់​យើង ដែល​ផ្ដល់​ឱ្យ​យើង​នូវ​ការ​អភិវឌ្ឍ​ត​ភ្ជាប់​ឱ្យ​យើង បន្ថែម​ទៅ​ដោយ​កា​រត​ភ្ជាប់​ជាមួយនឹង​ប្រទេស​ជិតខាង ។

យន្ដកា​រត​ភ្ជាប់​ជាមួយនឹង​ប្រទេស​ជិតខាង​នេះ នៅ​ក្នុង​ឱកាស​នៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​យើង ក៏​នៅ​តែ​បន្ដ​ទៀត​កាន់តែ​ច្រើន​ឡើង​ៗ​នូវ​អ្នកទេសចរ​មក​ពី​ប្រទេស​ជិតខាង​ផង និង​អ្នក​មក​ពី​ក្រៅ​តំបន់​ផង ប៉ុន្តែ​មក​តាម​រយៈ​ប្រទេស​ជិតខាង​ដែរ ។ ជាមួយនឹង​បណ្តាញ​ផ្លូវ​ត​ភ្ជាប់ កម្ពុជា ក៏​មាន​បណ្តាញ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ក្នុង​ង​វិស័យ​ទេសចរណ៍​ជាដើម​។ ប្រជាជន​នៅ​ខេត្តសៀមរាប ចាប់ផ្តើម​មាន​សណ្ឋាគារ​ថ្មី​ឬ​ចាស់​តែ​ពីរ​ប៉ុណ្ណោះ ឥឡូវ​ខេត្តសៀមរាប​មាន​សណ្ឋាគារ​ជាង​១០០ បន្ថែម​ជាមួយ​នោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ក៏​បាន​ទទួលផល​យ៉ាងច្រើន ពី​ការ​ជួល​បន្ទប់​ផ្ទះ​ស្នាក់​នៅ​របស់​ខ្លួន​ឲ្យ​ទៅ​ភ្ញៀវ​ទេសចរ មិន​ថា​បរទេស ឬ​ជនជាតិ​កម្ពុជា​នោះ​ទេ ។

ទី​៣-​ដែល​នាំ​ទៅ​ដល់​ការ​ជួបជុំ​គ្នា​បែប​នេះ និង​ការ​ជួបជុំ​គ្នា​នៅ​កន្លែង​ដទៃ​ទៀត ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ទៅ​កាន់​តំបន់​ឆ្ងាយ​ៗ ដើម្បី​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ឬ​ទស្សនកិច្ច​នោះ គឺ​ដោយសារ​ប្រជាជន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​។ តាម​រយៈ​នៃ​សន្តិភាព ប្រជាជន​មានឱកាស​អភិវឌ្ឍន៍​ខ្លួន ដែល​កាលពី​ឆ្នាំ​១៩៧៩ សូ​ម្បី​តែ​កង់​ក៏​គ្មាន​ជិះ​ផង និង​សូ​ម្បី​តែ​ស្បែកជើង​ក៏​គ្មាន​ពាក់​ដែរ​។

ប៉ុន្តែ​ឥឡូវនេះ ប្រជាពលរដ្ឋ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​យ៉ាងច្រើន បង្ហាញ​ឲ្យ​ឃើញ​ថា ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ដើម្បី​ទិញ​មធ្យោបាយ​ធ្វើ​ដំណើរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នោះ​ហើយ​ក៏​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​បាន​ទៅ​លេង​ទាំង​ក្រុម​គ្រួសារ​តែ​ម្តង ។ មាន​ក្រុម​គ្រួសារ​ខ្លះ​បាន​ដាក់​ទាំង​កន្ទេល ស្នាក់​នៅ​ក្រោម​ដើមឈើ​តាម​របៀប​ទេសចរ​ពនេចរ​មួយ​បែប ។ ទី​១-​ការ​ខ្វះ​ផ្ទះសំណាក់ និង​ទី​២-​ចង់​ដឹង​ថា​ការ​ស្នាក់​នៅ​តាម​ព្រៃ​បែប​ណា ។

ទី​៤-​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ប្រាក់​ចំណូល អាច​ដើរ​លេង​បាន ពិតមែនតែ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ខ្លួនឯង ក៏​ប៉ុន្តែ​គាត់​មាន​ប្រាក់​ចំណូល​ដែល​ផ្តល់​ឱកាស​ដល់​ពួក​គាត់​អាច​ធ្វើ​ដំណើរ​បាន ។

ពិតមែន​ហើយ ពី​ទី​នេះ សម្តេច​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​រថយន្ត​ធំ​ៗ​ទាំងឡាយ និង​រថយន្ត​តាក់ស៊ី​មេត្តា​កុំ​ដំឡើង​ថ្លៃ ។ ពិតមែន​ហើយ មាន​អ្នក​ឡើងថ្លៃ និង​មាន​អ្នក​មិន​ឡើងថ្លៃ ប៉ុន្តែ​បើ​ទោះបី​ស្តាប់ ឬ​មិន​ស្តាប់ តែ​ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​នៅ​តែ​សូម​អំពាវនាវ​ចំពោះ​អ្នក​រកស៊ី​ដឹក​ជញ្ជូន មេត្តា​កុំ​ដំឡើង​ថ្លៃ
ទាំង​ប្រជាជន​មក និង​ប្រជាជន​ត្រឡប់​ទៅ​វិញ ។

ទី​៥-​យើង​អាច​រៀបចំ​ធ្វើ​បាន​នោះ គឺ​មានការ​រៀបចំ​ដោយ​កម្លាំង​យុវជន​របស់​យើង និង​បណ្តា​ស្ថាប័ន​ដែល​មានការ​ពាក់ព័ន្ធ ។ គ្មាន​ការ​រៀបចំ​ណាមួយ​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ការ​រៀបចំ​ទេ ។ ដូច្នេះ​គឺជា​ការ​ចាំបាច់​ណាស់​ដើម្បី​ប្រមូលផ្តុំ​ធនធានមនុស្ស ជា​ពិសេស​ឆ្នាំ​នេះ​ចំនួន​យុវជន​មានការ​កើនឡើង​យ៉ាងច្រើន ក្នុង​ការ​ចូលរួម​នូវ​ព្រឹត្តិការណ៍​នេះ ដែល​នាំ​មក​នូវ​មនុស្ស​យ៉ាងច្រើន​ចូលរួម​នៅ​ក្រោម​រលក​កម្តៅ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។ មិន​ថា​តែ​នៅ​ប្រទេស​កម្ពុជា​ទេ ប្រទេស​ជិតខាង​យើង​ក៏​រង​នៅ​ការ​វាយប្រហារ​ពី​អាកាសធាតុ​ដែរ  ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា អាកាសធាតុ​នេះ​នឹង​មិន​រំខាន​ធ្ងន់ធ្ងរ​ពេក​ចំពោះ​អ្នក​ដែល​ត្រូវធ្វើ​ដំណើរ​នោះ​ទេ ព្រោះថា​ឆ្នាំ​ណា​ក៏​ធាតុអាកាស​ក្តៅ​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំទៅ​២​អង្សា ។ ក៏​ប៉ុន្តែ​តាម​អ្នក​ព្យាករណ៍​គេ​មិន​ព្រួយបារម្ភ​អំពី​បញ្ហា​ការ​លំបាក​ដោយសារ​រលក​កម្តៅ​ទេ បែរជា​ព្រួយបារម្ភ​ខ្លាច​សឹក​កែងជើង ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ តើ​ផ្តើម​ចេញពី​អ្វី មិនមែន​ផ្តើម​ចេញពី​អរិភាព មិនមែន​ផ្តើម​ចេញពី​ការ​ញុះញង់ មិនមែន​ផ្តើម​ចេញពី​សង្គ្រាម​នោះ​ទេ គឺ​ផ្តើម​ចេញពី​សាមគ្គីភាព ផ្តើម​ចេញពី​ការ​រួបរួម ទើប​យើង​មាន​ថ្ងៃនេះ ។

ខ្ញុំ​មាន​មោទនភាព​ណាស់ ដោយសារ​ប្រជាជន​យើង​យ៉ាងច្រើន​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ ហើយ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​ទៀត ដើម្បី​ចូលរួម​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ជាមួយនឹង​ក្រុម​គ្រួសារ និង​ទៅ​កាន់​តំបន់​ទេសចរណ៍​ដទៃ​ៗ​ទៀត ។

ប្រទេស​យើង​មាន​សន្តិភាព មាន​ស្ថិរភាព ខាង​នយោបាយ ហើយ​កម្ពុជា​មិនមែន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នៃ​ពួក​ភេរវកម្ម​ទេ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​បណ្តែតបណ្តោយ​ឱ្យ​មាន​គ្រោះថ្នាក់​ណាមួយ​នោះ​ដែរ ។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់​ៗ​គ្នា​ចំពោះ​ការ​ធ្វើ​ដំណើរ គោរព​ច្បាប់​ចរាចរណ៍ ចៀសវាង​នូវ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស​ទាំងឡាយ ។ សូមកុំ​បើកបរ​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ប្រយ័ត្ន​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ ។

លោក ហ៊ុន  ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានឱ្យ​ដឹង​ថា កម្មវិធី និង​ទស្សនីយភាព​សំខាន់​ៗ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២០១៦ មាន​សរុប​កម្មវិធី​ធំ​ៗ​ដែល​ក្នុង​នោះ​រួម​មាន​៖

-​កម្មវិធី​សាសនា​ដូច​ជា ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន ពិធីបួងសួង​សុំ​សេចក្ដីសុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ទៅ​វត្ត ពូន​ភ្នំខ្សាច់ និង​ពិធី​ស្រង់​ព្រះ ។
-​កម្មវិធី​សិល្បៈ​វប្បធម៌​ដូច​ជា ភូមិ​ខ្ញុំ និម្មិត​ភូមិ របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ គុន​ល្បុក្កតោ តំបន់​ត្រជាក់ចិត្ត គោម​បណ្ដែត​ទឹក មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ  តន្ត្រី​សួស្ដី​ឆ្នាំ​ថ្មី តន្ត្រី​អង្គរ​សង្ក្រាន្ត ការ​ប្រណាំង​រទេះក្របី ។
-​កម្មវិធី​តាំងពិព័រណ៍ មាន​រូប​សិប្បកម្ម វត្ថុ​អនុស្សាវរីយ៍ ស្រុក​យើង ពិពណ៌នា​និង​ប្រកួតប្រជែង …​។
-​ការ​ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត និង​ពិធី​ផ្សេង​ៗ​ទៀត​…​។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏​ជា​ការ​អបអរសាទរ​ដំណើ​រវិ​វ​ឌ្ឍ​ន័​របស់​កម្ពុជា​ប្រជាជាតិ​កម្ពុជា ទោះ​មាន​ប្រវត្តិ​ជូរ​ចត់​ប្រកបដោយ​សោកនាដកម្ម​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន​ជំនាន់​មុន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត ក៏​មិន​បោះបង់​ក្ដី​សង្ឃឹម ហើយ​តស៊ូ​យក​ជោគជ័យ ក្នុង​ការ​ដោះស្រាយ ការពារ ស្ដារ និង​អភិវឌ្ឍន៍​កម្ពុជា​មក​ដល់​ពេល​បច្ចុប្បន្ន ៕