ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយ​ដ្ឋាន​ទេស​ចរណ៍​ធម្ម​ជាតិ​ល្បាក់​ខោន​ឬទឹកធ្លាក់​សុភមិត្រ

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ស្ទឹង​ត្រែង​ គឺ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភូមិ​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា​មាន​ចំងាយ​៤៤៥​ គីឡូ​ម៉ែត្រ​ពី​រាជ​ធានីភ្នំពេញ​តាមផ្លូវ​ជាតិលេខ៧។ ទោះ​បី​ខេត្ត​នេះ​ ពុំ​សូវ​មានរម​ណីយ​ដ្ឋាន​វប្ប​ធម៌​ក៏ពិត​មែន តែសំបូរ​ដោយរម​​​ណីយ​​​ដ្ឋាន​​​ធម្ម​​ជាតិ​​​មាន​ព្រៃ​​ព្រឹ​ក្សា​​ ព្រែក ​ស្ទឹង ទន្លេ ដែល​ពោរ​ពេញ​ទៅ​ដោយ​ល្បាក់ទឹក​ហូរ ជ្រោះ​ទឹកធ្លាក់ ពពួក​​សត្វ​ស្លាប​ សត្វ​ព្រៃ​នានា និង​ជា​តំបន់​មច្ឆ​ជាតិ​ពង​កូនដ៏សំបូរ​បែបសំរាប់​ភ្ញៀវ​ជាតិ និង​អន្ត​រជាតិ​មក​ទស្សនា

ខេត្តស្ទឹងត្រែង ៖ ស្ទឹង​ត្រែង​ គឺ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភូមិ​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា​មាន​ចំងាយ​៤៤៥​គីឡូ​ម៉ែត្រ​ពី​រាជ​ធានីភ្នំពេញ​តាមផ្លូវ​ជាតិលេខ៧។ ទោះ​បី​ខេត្ត​នេះ​ ពុំ​សូវ​មានរម​ណីយ​ដ្ឋាន​វប្ប​ធម៌​ក៏ពិត​មែន តែសំបូរ​ដោយ
រម​ណីយ​ដ្ឋាន​​ធម្ម​ជាតិ​​មានព្រៃ​ព្រឹក្សា​ ព្រែក ស្ទឹង ទន្លេ ដែល​ពោរ​ពេញ​ទៅ​ដោយ​ល្បាក់ទឹក​ហូរ ជ្រោះ​ទឹកធ្លាក់ ពពួក​​សត្វ​ស្លាប​ សត្វ​ព្រៃ​នានា និង​ជា​តំបន់​មច្ឆ​ជាតិ​ពង​កូនដ៏សំបូរ​បែបសំរាប់​ភ្ញៀវ​ជាតិ និង​អន្ត​រជាតិ​មក​ទស្សនា​កំសាន្ត​ និងមក​លំហែ​កាយ​ស្រូប​យក​ខ្យល់​អាកាស​ដ៏បរិសុទ្ធ​ទៀត​ផង​។ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​​នៃ​រាជ​​រដ្ឋាភិ​បាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន  ជា​ប្រមុខ ​សមិទ្ធ​ផល​ជា​ប្រវត្តិ​សាស្ត្រ​ថ្មីមួយ​នៅ​លើ​ទឹក​ដី​ខេត្ត​នេះ ​គឺ​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន ហៅ​ស្ពាន​សេ​កុង​មានប្រវែង​១.០៥៧ម៉ែត្រ ឆ្លង​កាត់​ក្រុង​ស្ទឹង​ត្រែង​ឆ្ពោះ​ទៅ​ព្រំ​ដែន​ឡាវ។ នេះ​ជា​ការ​ផ្តល់​នូវ​សក្តា​នុពល​មួយ​ដល់​តំបន់នេះសំរាប់​ការ​អភិ​វឌ្ឍន៍​វិស័យ​សេដ្ឋ​កិច្ច។

ភ្ញៀវ​ទេស​ចរអាច​ធ្វើ​ដំណើរ​តាមស្ពាន​នេះ​បន្ត​ទៅ​មុខប្រមាណ​ជា​៦០​គីឡូម៉ែត្រទៀត នឹង​បាន​ឃើញ​រមណី​យ​ដ្ឋាន​មួយ​ឈ្មោះ​ថា ល្បាក់​ខោន ឬ​ទឹក​ធ្លាក់​សុភមិត្រ ស្ថិត​នៅ​ទន្លេ​មេ​គង្គ​ក្នុង​ភូមិ​សាស្ត្រ​ឃុំព្រះ​រំកិល ស្រុក​ថាឡាបរិ​វ៉ាត់ ​​និង​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ ​ដោយ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៧​នៅ​សល់​ប្រហែល​២០​គីឡូ​ម៉ែត្រពីព្រំ​ដែន​ឡាវ ហើយ​បត់​ឆ្វេង​​តាម​ផ្លូវ​លំ​រហូ​ត​ដល់ឃុំអូរ​ស្វាយ រួច​ជិះ​ទូក​សហ​គមន៍​​ទៅ​កាន់​ឃុំ​ព្រះ​រំ​កិល​ដែល​នៅ​ទី​នោះ​មាន​ផ្ទះ​​សំណាក់​សំរាប់​បំរើ​ដល់​ភ្ញៀវផង​ដែរ។ អ្នក​ទេស​ចរ​ទាំង​ឡាយ​ដែល​បាន​ស្នាក់​នៅ​ក្នុង​​សហ​គមន៍នឹងបាន​ឃើញ​ពីវប្បធម៌​ ប្រពៃ​ណី ទំនៀម​ទំលាប់​របស់​អ្ន​ក​ភូមិ​ ជាពិសេស​ទៅ​ទៀត​សហ​គមន៍​របស់​គេនឹង​នាំភ្ញៀវ​ធ្វើ​ដំណើរ​កំសាន្ត គយ​គន់​សំរស់​ធម្ម​ជាតិ​រហូត​ដល់​ទឹកធ្លាក់តែ​ម្តង។

ទឹក​ធ្លាក់​ល្បាក់​ខោន​ ឬសុភមិត្រ ដែល​មាន​ទី​តាំងស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​មាតុ​ភូមិ​កម្ពុជាត្រូវ​បាន​​គេស្គាល់​​យ៉ាង​ច្បាស់​​ថា​ ទីនោះ​ជា​កន្លែង​ដែលទឹកទន្លេ​មេ​គង្គ​បានហូរ​ធ្លាក់យ៉ាងគំហុក​​កាត់តាម​ ថ្ម​ដា​ដែល​មាន​កំពស់​រហូត​ដល់​២៦ ម៉ែត្រ ហើយ​ក៏ជាព្រំសីមា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ​ប្រជា​មានិត​ឡាវដែរ។  នៅ​​រដូវវស្សា​​ពេល​កំរិត​ទឹកទន្លេ​បន្តឡើង​​ខ្ពស់​ដល់​ចំណុច​អតិបរមា​​ល្បឿន​​ទឹ​ក​ហូរ​​មាន​កំលាំងខ្លាំង​ជា​ទី​បំផុត​បង្កើត​​បានជា​ផ្ទាំង​ទស្ស​នីយ​ភាព​​ជា​ផ្សែងអ័ព្ទ​នៃ​ទឹក​ពេញ​ន​ភាល័យ​អម​ដោយ​សន្ធឹក​ទឹកធ្លាក់​ឮ​ខ្ទរ​ញ័រ​អស់​ប្រឹថពី។​ ចំណែក​នៅ​រ​ដូវ​ប្រាំង​វិញ​ល្បឿន​នៃ​ទឹក​ហូរ​ធ្លាក់​មាន​ការ​ថម​ថយ​​មក​នៅ​ត្រឹម​ចន្លោះ​ផ្ទាំង​ថ្ម​រដិប រដុប​ដែល​យើង​អាចមើល​ឃើញ​ដុំ​ថ្ម​ខ្លះ​មានរាង​ជា​ដុំ​ពក ​ទាល និងស្រួច​តាម​ធម្ម​ជាតិ​​ ធ្វើ​ឱ្យ​ផ្ទៃ​លំ​ហ​នៃ​ទី​តាំង​ទឹកធ្លាក់នោះ​បាន​ក្លាយ​ជា​ទីវាល​ថ្ម​ចំរុះ​ពណ៌​​គួរ​ជា​ទី​គយ​គន់​ក្រៃលែង។

លោកហួត វុទ្ធ​រ៉ា ជា​បុគ្គ​លិក​នៅ​ក្រុម​ហ៊ុន Explore-asia ​បានឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅកាន់​កន្លែង​ទឹកធ្លាក់​សុភមិត្រ ​​គឺពិបាក​បន្តិច​ដោយ​សារ​​​ផ្លូវ​តូចចង្អៀត​ និងមានចំងាយ​៨​គីឡូ​ម៉ែត្រ​ពី​ភូមិ​អន្លង់​ផ្សោតដោយ​អាចជិះ​កង់​ ឬ​ម៉ូតូ​បាន​តែ​៥​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​​ ហើយ៣គីឡូ ម៉ែត្រត្រូវ​ធ្វើ​ដំណើរ​ដោយថ្មើ​រជើងដោយ​សារ មានអូរ​ធំ​មួយ​មិន​អាច​យក​កង់​ ឬម៉ូតូ​ឆ្លង​កាត់​បាន។ ចំណែក​ឯ​ភ្ញៀវ​ទេស​ចរ​ទៅ​​ទី​នោះ​ត្រូវ តែវេច​ចំណី​អា​ហារ​ទៅ​ជា​មួយ​ពីព្រោះ​នៅ​ទី​នោះ ពុំ​មាន​អ្នក​លក់នំ​ចំណីទេ។

តាម​រយៈ​សៀវ​ភៅ​មគ្គុ​​ទេសក៍​ភូមិ​ភាគ​ឦ សានកម្ពុជា​បង្ហាញថា កាលពីអតីត​កាលកម្រ​មាន​អ្នក​ទេសចរធ្វើដំណើរមក​កំសាន្ត​នៅល្បាក់ខោននេះណាស់ ទើបតែប៉ុន្មានឆ្នាំថ្មីៗនេះមាន​ក្រុមទេសចរ​ចាប់​ផ្តើមធ្វើ​ដំណើរកំសាន្ត​មកកាន់ ទីនេះ ប៉ុន្តែ​នៅ​មាន​ចំនួនតិចនៅឡើយ​ ហើយភាគ​ច្រើនពួកគេជា​អ្នក​ស្រាវ​ជ្រាវ។ ក្រុម​អ្នកទេសចរចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ដោយថ្មើ​រ​ជើង​​ជាង​តាមទូក ព្រោះ​​នៅ​រដូវ​ប្រាំង​តំបន់​ល្បាក់​ខោន​​គោក ​ចំណែក​នៅ​រដូវ​វស្សា​កន្លែងនោះ​ គឺ​ជាតំបន់​ទឹកធ្លាក់​ហូរកួច​ឃើញ​ផ្ទៃ​ទឹកល្វឹង​ល្វើយ​ហូរ​កាត់​លើផ្ទៃ​ទឹកទន្លេ​មេគង្គ​​ទាំងមូល​។

កញ្ញាលួន​​ ធានី​ អនុប្រធាន​មន្ទីរទេសចរណ៍​ទទួល​បន្ទុកផ្នែក​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​សេវាកម្ម​​​ឧស្សាហកម្ម​ទេសចរណ៍បាន​បញ្ជាក់​ឱ្យដឹង​​កាល​ពី ថ្ងៃទី៦ តុលា ថា ទឹកធ្លាក់​សុភ​មិត្រ​ គឺ​ជា​ទឹកធ្លាក់​មួយ​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ​ព្រម​ទាំង​មាន ទេស​ភាព​ធម្ម​ជាតិ​ដូច​ជា​ព្រៃភ្នំធំៗ និង​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រ​ភេទផង​ដែរ។ សព្វ​ថ្ងៃ​ក៏​ដូចជា ​ពេល​​អនា​គត​ដ៏ខ្លី​​កន្លែង​នេះ​នឹង​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​​ធម្ម​ជាតិ​មួយ​អាច​ទាក់ទា​ញភ្ញៀវ​ទេស​ចរ​បានយ៉ាងច្រើនទាំង​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​នៅ​​ទីនេះ ដូច្នេះ​ចាំ​បាច់​ណាស់ ​យើងត្រូវ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ឱ្យ​ល្អប្រសើរ​ជាង​នេះ។

ជា​ការ​ពិតណាស់ស្ថាន​ភាព​នា​ពេល​បច្ចុប្បន្ន​ ក្នុងតំបន់ដ៏មាន​សក្តានុពលនេះនៅមាន​បញ្ហា​ខ្លះៗទាក់​ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ផ្លូវ ស្ពាន ពុំ​ទាន់​មាន​ការ​រៀប​ចំ​ឱ្យ​ក្លាយទៅ​ជា​កន្លែង​រម ណីយដ្ឋាន​ដើម្បី​បំរើ​វិស័យ​ទេសចរណ៍​នៅ​ឡើយទេ ដោយ​សារ​គ្មាន​ផ្លូវ​ទៅ​ដល់ទីនោះ។ ​ស្ថាន​ភាព​ធ្វើ​ដំណើរ​ទៅទស្សនារបស់​ភ្ញៀវនា​ពេល​បច្ចុប្បន្ន​​អាច​ធ្វើ​ទៅបាន​តែ​នៅរដូវ​ប្រាំង​ចាប់ពី​ខែ​ធ្នូ ដល់ខែ​មេសា ឬខែ​ឧស​ភា​ ហើយ​មធ្យោ​បាយ​ធ្វើ​ដំណើរ​​ គឺប្រើ​ទូក និងថ្មើ​រជើង។

ដោយ​ផ្អែក​លើ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជ​រដ្ឋាភិបាលដែល​បានចាត់​ទុកវិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិ​ភាពមួយជួយរកប្រាក់ ចំណូល​យ៉ាង​ច្រើន​ និងជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រផង​នោះ ​ក្នុង​នាម​មន្ទីរ​ទេស​ចរណ៍​ខេត្ត ស្ទឹងត្រែង​​ក៏ដូច​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង ឃុំព្រះរំកិល​ សូមសំណូមពរ​ដល់​រាជ​រដ្ឋា​ភិ​បាល​ក៏​ដូច​ជា​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់ថ្នាក់​មេត្តា​យក​ចិត្ត​ទុ​ក​ដាក់​ក្នុង​ការ​ស្វែង​រក​ក្រុម​​ហ៊ុន​​ ឬអ្នក​វិនិយោគ​ដើម្បី​មក​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​ប្រកបដោយ​​ភាព​ទាក់ទាញ​ជួយឱ្យ​​ប្រជា​ជន​ ដែល​រស់នៅ​តាមបន្ទាត់​ព្រំ​ដែន​មានមុខ​របរ​ ដើម្បីចិញ្ចឹម​គ្រួសារ​​តាម​រយៈ​ការ​អភិ​វឌ្ឍន៍​តំបន់​នោះ​ផង៕