ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនផ្កាស្បៃរឿងមាត់ទន្លេក្រុងកំពង់ចាមទាក់​ទាញ​មនុស្សម្នាទៅកម្សាន្ត

7 ម៉ោង មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត សួនផ្កា​ស្បៃរឿង​មួយ​មាន​ទំហំ​ធំ​ទូលាយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​មាត់ទន្លេ​ក្បែរ​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម…

​ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត សួនផ្កា​ស្បៃរឿង​មួយ​មាន​ទំហំ​ធំ​ទូលាយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​មាត់ទន្លេ​ក្បែរ​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ជា​រៀងរាល់ថ្ងៃ នៅ​ទី​នេះ​មាន​មនុស្ស​ម្នា​ក្មេង​ចាស់ ប្រុស​ស្រី មក​កម្សាន្ត​គយគន់​មើល​ទេសភាព​ស្រស់បំព្រង ដែល​អ្នកខ្លះ​នៅ​ស្រុក​មេមត់​ជាប់​ព្រំដែន​វៀតណាម ក៏​មក​កម្សាន្ត​នៅ​ទី​នេះ​ដែរ​ហើយ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ទៀត​ផង ។ ព្រះ​ភិក្ខុ សុ មនោ គង់នៅ​វត្ត​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​បានឃើញ​គេ​បង្ហោះ​ចែកចាយ​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម ពី​ផ្កាស្បៃរឿង​ដ៏​ស្រស់​ស្អាត​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម ។

ព្រះ​អង្គ​បាន​ឲ្យ​សេក្ខ​ឌុ​ប​តាម​ម៉ូតូ​មួយ​គ្រឿង​មក​លេង​ឃើញ​ថា ពិតជា​ប្លែក​ភ្នែក និង​មាន​ពុទ្ធបរិស័ទ ព្រមទាំង​បងប្អូន​ជិត​ឆ្ងាយ នាំ​គ្នា​មក​ថត​យក​ទេសភាព​តាម​ទូរស័ព្ទ​ដៃ​រៀង​ៗ​ខ្លួន ក្នុង​ទឹកមុខ​ស្រស់​ញញឹម​ទៀត​ផង ។

ព្រះ​ភិក្ខុ​អង្គ​នេះ​មាន​ថេរ​ដីកា​ទៀត​ថា តាម​ការ​សង្កេត​ដោយ​ផ្ទាល់ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ខេត្ត​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ។

ជាក់ស្ដែង ការ​ដាំ​ផ្កាស្បៃរឿង​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម គឺ​បាន​ទាក់ទាញ​មហាជន​មក​លេង​កម្សាន្ត​ច្រើន សូ​ម្បី​តែ​ព្រះ​អង្គផ្ទាល់​ពេល​បានឃើញ​ផ្កា​ស្រស់បំព្រង​បែប​នេះ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ជ្រះថ្លា ហើយ​គិត​ថា ពេល​ណា​ទំនេរ​ព្រះ​អង្គ​នឹង​មក​លេង​ម្ដងទៀត ។ អ្នកស្រី អ៊ុន នី​តា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណា​ម និយាយ​ថា នៅ​ពេល​បើក​ទូរស័ព្ទ​ដៃ​មើលឃើញ​គេ​ផុស​ពី​ផ្កាស្បៃរឿង​នៅ​ក្រុង​កំពង់ចាម ពិតជា​មាន​ភាព​ស្រស់​ស្អាត​ណាស់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ គាត់​បាន​ធ្វើ​ដំណើរ​តាម​យានយន្ត​ជាមួយនឹង​ស្វាមី​មក​កាន់​ទី​នេះ ។ ពេល​មក​ដល់​ឃើញ​ផ្កា​ច្រើន​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម ហើយ​និង​ឃើញ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ទៀត​នោះ គឺ​កាន់តែ​មាន​អារម្មណ៍​ស្រឡះ និង​រីករាយ​ក្នុង​ចិត្ត​ឥត​ឧបមា ។ មិនតែប៉ុណ្ណោះ សួនផ្កា​ស្បៃរឿង​នេះ ពិតជា​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ជា​ហូរហែ​ទៀត​ផង ។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត បាន​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ខេត្ត​គួរ​ឲ្យ​កត់សម្គាល់ ។

ផ្កាស្បៃរឿង​ដែល​ដាំ​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម ពេល​រីក​ស្រស់បំព្រង ធ្វើ​ឲ្យ​បងប្អូន​ដែល​មិន​ទាន់​បានឃើញ គឺ​មានចិត្ត​មួយ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ចំណាយ​ពេលវេលា​ដើម្បី​មក​មើល​ដោយ​ផ្ទាល់ ។ បើ​និយាយ​ពី​វិស័យ​ទេសចរណ៍ អ្វី​ដែល​ប្លែក​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​តែងតែ​ចង់​ដឹង​ចង់​ឃើញ ។

មួយវិញទៀត ថ្នាក់​ដឹកនាំ​ក្រសួងទេសចរណ៍​បាន​មក​ពិនិត្យ​មើល​ដោយផ្ទាល់​នៅ​ប្រា​សាទ​នគរ​បា​ជ័យ ក្នុងស្រុក​កំពង់សៀម ដែល​ពេល​ខាង​មុខ​គ្រោង​បង្កើត​រមណី​យ​ដ្ឋា​ន​ទេសចរណ៍​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ