ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ឡើងអ្នកតា «​មេ ស​» នៅស្រុក​បាភ្នំ​ រយៈពេល ៣​ថ្ងៃ ដើម្បី​សុំ​សេចក្តីសុខ និង​ទឹកភ្លៀង ពលរដ្ឋមកចូលរួម​យ៉ាងច្រើនកុះករ​

4 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មក​ពី​គ្រប់​ទិស​ទី បាន​ចូលរួម​ទស្សនា និង​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​ឡើងអ្នកតា «​មេ ស​» ដែល​ជា​ពិធីបុណ្យ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ធំ​ប្រចាំឆ្នាំ ស្ថិត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​បាន​ធ្វើ​ឡើង​រយៈពេល 3 យប់ 3 ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី 29 ដល់​ថ្ងៃ​ទី 31 ឧសភា​។

លោក ម៉​ន​នី បណ្ឌិត អភិបាលស្រុក​បាភ្នំ បាន​មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ពិធី​ឡើងអ្នកតា មេ ស នេះ​ធ្វើ​ឡើង​តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​ស្រុក​បាភ្នំ ដើម្បី​រំ​ដល់​គុណ​អ្នកតា មេ ស ដែល​តែងតែ​ផ្ដល់​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​បាភ្នំ​នេះ​ផង និង​សុំ​ទឹកភ្លៀង​ដើម្បី​បង្កបង្កើន​ផល​ស្រូវ​នា​រដូវវស្សា និង​ដំណាំ​ផ្សេង​ៗ​ផង​ដែរ ឲ្យ​ទទួល​បាន​នៅ​ទិន្នផល​ខ្ពស់ មិន​មាន​សត្វល្អិត​មក​បៀតបៀន​យាយី ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​កាន់តែ​មាន​ភាព​រីក​ចម្រើន ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

លោក អភិបាលស្រុក បាន​បន្ថែម​ទៀត​ថា​ពិធីបុណ្យ​ឡើងអ្នកតា មេ ស នេះ​ក្រៅពី​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ហើយ​នោះ ក៏​បាន​បង្កើន​នូវ​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាភ្នំ បាន​ច្រើន​ផង​ដែរ តាម​រយៈ​ការ​លក់ដូរ​នំចំណី​ម្ហូបអាហារ និង​ទំនិញ​ផ្សេង​ៗ​នៅ​ក្នុង​កម្មវិធី​នេះ​។

លោក​អភិបាលស្រុក បន្ត​បញ្ជាក់​ថា ក្នុង​កម្មវិធី​រយៈពេល 3 ថ្ងៃនេះ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ស្រុក​បាភ្នំ ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សម្របសម្រួល​ចរាចរណ៍ ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​កម្មវិធី​ទាំងមូល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​បាតុភាព​អសកម្ម​ណាមួយ​កើតឡើង​ឡើយ​។

គួ​រំលឹក​ផង​ដែរ​ថា ពិធីបុណ្យ​ឡើងអ្នកតា​មេ ស មិន​ត្រឹមតែ​ជា​ការ​គោរព​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ថែរក្សា​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា អភិរក្ស​វប្បធម៌​អរូបី​របស់​ខ្មែរ និង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តព្រៃវែង​ផង​ដែរ​៕