រាជធានីភ្នំពេញ ៖ ទីលំហែបៃតងរបស់សហគមនាគមន៍ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរណ៍ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតងចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថានបានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់ និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនាជាមួយធម្មជាតិ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ«លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម«ភ្នំគូលែន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀបគោលដៅលំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា ។

ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់អភិវឌ្ឍន៍ការទាក់ទាញទេសចរទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត ។
ដោយឡែក ទីលំហែបៃតងរបស់សហគមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការកសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹងជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមានការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍មានការអភិវឌ្ឍជីវភាពប្រកបដោយនិរន្តរភាពនោះត្រូវធ្វើយ៉ាងណាថែរក្សាបរិស្ថានឱ្យស្អាត មានផ្នត់គំនិតគំនិត និងស្អាតនៅក្រៅខ្លួនដែលបម្រើសេវាកម្ម ដោយភាពស្មោះត្រង់ រៀបចំម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ដែលជាទីទាក់ទាញអ្នកទេសចរណ៍ មកកម្សាន្តបានច្រើនជាប្រចាំ ។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» តាមរយៈការរៀបចំបង្កើតជារបៀងសហគមន៍តំបន់ការពារធម្មជាតិ ទាំងអស់នៅលើភ្នំគូលែន ដោយជួយរៀបចំកសាងផ្លូវតភ្ជាប់សហគមន៍ ហេដ្ឋរចនាសម្ព័ននានា កន្លែងគ្រប់គ្រងទុកដាក់សំណល់រឹង រៀបចំបង្កើនជីវភាពគ្រួសារ របស់ប្រជាសហគមន៍ តាមរយៈមុខរបរចិញ្ចឹមសត្វ ដាំបន្លែ និងគោលដៅលំហែបៃតង ដែលក្នុងនោះ បានផ្តល់ទីលំហែបៃតងរបស់សហគមនាគមន៍ ជំហានដំបូង ចំនួន១០កន្លែង ហើយជាបន្តបន្ទាប់គម្រោងនឹងពង្រីកបន្ថែមជូនទៅសហគមន៍ ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើងថែមទៀត ។
ដោយឡែក នៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បានជួយសាងសង់កន្លែងវបស្សនា ចំនួន៥០ទីតាំង ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានភ្ញៀវទេសចរណ៍ជាច្រើនមកសម្រាកធ្វើសមាធិ ធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ ។
លើសពីនេះ ក្រសួងបរិស្ថានបានពង្រីកគម្រោង«គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ និងតំបន់ខ្នងផ្សារនៃតំបន់ជួរភ្នំក្រវាញ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីបង្កើនជីវភាពសហគមន៍ និងពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ៕
ចែករំលែកព័តមាននេះ