ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃចន្ទ ទី៨វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

4 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន…

​ភ្នំពេញ​៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​កាត់​ខ្សែបូ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ស្ថិត​នៅជាប់​នឹង​បុរី ហ្គ្រេ​ន ភ្នំពេញ​។​

​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ទីតាំង​ស្ថិតនៅ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នា​ប៉ែក​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។

​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ៤,៥ ហិកតា មាន​ទំហំ​តួ​អគារ​បណ្ដោយ​ប្រវែង ១៣២,៧ ម៉ែត្រ និង​ទទឹង​ប្រវែង​៩៤,៧​ម៉ែត្រ ចំនួន ៨​ជាន់ មាន​កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់ ដល់​ចុង​កំពូល​បុស្បុក ៨៨,៥ ម៉ែត្រ ដែល​ក្នុងនោះ​មាន​កម្ពស់​បុស្បុក ៣៣, ២៨ ម៉ែត្រ មាន​ក្រឡា​ផ្ទៃ​បាត​អគារ ១១ ១២៨ ម៉ែត្រការ៉េ ក្រឡា​ផ្ទៃ​សំណង់ ៦១ ៦៤២ ម៉ែត្រការ៉េ ក្រឡា​ផ្ទៃ​ប្រើប្រាស់​សរុប​ចំនួន ៣១ ៤០៨ ម៉ែត្រការ៉េ មាន​ផលធៀប​ក្រឡា​ផ្ទៃ​បាត ៣៧,០៩ % សួន​ជ្រាប​ទឹក ៣០% និង​មា​នស​ន្ទ​ស្សន៍​ប្រើប្រាស់ ១.០៤ មាន​ចំណតរថយន្ត​ប្រមាណ ៤៥០ គ្រឿង និង​ចំណត​ទោចក្រយានយន្ត​ជាច្រើន​គ្រឿង​ទៀត​។​

​ការរៀបចំ​ការិយាល័យ​ធ្វើការ ផ្អែក​ទៅតាម​មុខងារ និង​តួនាទី​ប្រើប្រាស់ ដែល​ក្នុងនោះ​នៅ​ជាន់​ផ្ទាល់​ដី មាន​សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌល​ប​ណ្ឌុះ​បណ្តាល ការិយាល័យ​ច្រកចេញចូល​តែមួយ និង​សួនផ្កា​រំដួល ជាដើម​។

​ជាន់​ទី​១ មាន​សាលា​នុ​សាល ពោលគឺ​សាលប្រជុំ​ខ្នាតតូច និង​មធ្យម​ចំណុះ ៣៨៦​នាក់ ឃ្លាំង និង​បណ្តុំ​នៃ​នាយកដ្ឋាន​ទាំងឡាយ​របស់​ក្រសួង​។ ជាន់​ទី​២ មាន​សាលប្រជុំ​ខ្នាត​ធំ​ចំណុះ ២ ០២១ កៅអី បណ្តុំ​នៃ​អគ្គនាយកដ្ឋាន គណៈ​ស្ថាបត្យករ ឃ្លាំង​ជាដើម​។ នៅ​ជា​ន់ទី​៣ មាន​បណ្តុំ​នៃ​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន ឃ្លាំង​ជាដើម​។ ជាន់​ទី​៤ មាន​ការិយាល័យ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាល​សវនាការ​អន្តរជាតិ សាល​ចុះ​ពិធីសារ បន្ទប់​ប្រជុំ បន្ទប់​ពិធីការ ការិយាល័យ​ខុទ្ទកាល័យ អគា​ធិ​ការដ្ឋាន​ជាដើម​។ ជាន់​ទី​៥ មាន​សាលប្រជុំ​អន្តរក្រសួង និង ចំណែក​ជាន់​ទី​៥ ស្លាប​ស្តាំ និង​ឆ្វេង ជាន់​ទី​៦ និង​ជាន់​ទី​៧ ជា​ការិយាល័យ សម្រាប់​ជួល​ដល់​វិស័យ​ឯកជន​។​

​អគារ​នេះ រចនា​ឡើង តាមបែប​ស្ថាបត្យកម្ម​រួម​សម័យ គឺ​សម័យអង្គរ សម័យ​កណ្តាល ក្លាស​សិកសា​កល បែប​រ៉ូ​ម៉ាំង និង​បែប​បុរាណ​ខ្មែរ បូក​នឹង​សម័យ​ទំនើប មាន​រចនាបថ​ស្ថាបត្យក​កម្ម​អគារ​មុខដាច់ ឬ​ហៅថា អគារ​មុខធំ មាន​ដំបូល​កិង​ត្រួត​ស្លាប​ពីរ​ជាន់ លម្អ​ដោយ​ជហ្វា​ក្បាល​នាគ និង​គ្រឿង​លម្អ​ស្ថាបត្យកម្ម​បុរាណ​ប្រពៃណី​ខ្មែរ​និយម​បែប​លក្ខណៈ​អត្តសញ្ញាណ​ជាតិ​។​

​ឯ​គ្រឿង​ប្រកប​ផ្នែក​ដំបូល ប្រតិស្ឋាន​នូវ​ព្រះ​មណ្ឌប​បុស្បុក​កម្ពស់ ៣៣, ២៨ ម៉ែត្រ តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ ដែលមាន​រួត ៧​ជាន់ តំណាង​ឲ្យ​ភ្នំ​សត្តបរិភណ្ឌ គឺ​ភ្នំ​ទាំង​៧​សង្កាត់​នៅ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​គឺ ភ្នំ​យុគន្ធរ ភ្នំ​ឥសិន្ធរ ភ្នំ​ករវិក ភ្នំ​សុ​ទស្សនៈ ភ្នំ​នេ​មិ​ន្ធ​រ ភ្នំ​វិ​ន​តកៈ និង​ភ្នំ​អស្ស​ក​ណ្ណៈ​។ រួត​បុស្បុក​ទាំង ៧ ជាន់​នេះ​រៀប​ដេញ​រៀង​តាម​លំដាប់​ទំហំ​ប៉ែតតារាង​ពី​ធំ​ឡើងទៅ​តូច ដែល​ជាន់​រួត​នីមួយៗ​ប្រកប​លម្អ​ដោយ​បាំងខ្លែង​ធំ​តូច និង​មាន​នាគ​រួត​ឬ​នាគ​សំបក​ទំពាំង លម្អ​តាម​ជ្រុង​សារពើសូត្រ​តាម​ជាន់​តាម​ថ្នាក់​។

​ចាប់ពី​រួត​បុស្បុក​ថ្នាក់​ទី​៧ មាន​តួ​កណ្តឹង​លម្អ​ដោយ​ក្បាច់​សំបក​ទំពាំង និង​តទៅ​ផ្នែក​ខាងលើ​រៀង​ទៅ​មានប​ល្ល​ង្ក​សារពើសូត្រ​ទ្រ​កន្សោមតាឱ ដោយមាន​ឈូក​មូល​ឬ​ឈូក​រួត​ប្រាំ​ជាន់​ភ្ជាប់​ដោយ​កំពូល​មណ្ឌប​បុស្បុក​ឆ្ពោះទៅ​ចុង​កំពូល​បុស្បុក ពិពិធ​រចនា​លម្អ​ដោយ​ក្បាច់​ក្រពុំ​បិណ្ឌ​នៅ​កំពូល​ជាទីបំផុត​នៃ​បុស្បុក​។​

​ចំណែក​ហោជាង​ធំ​ផ្នែក​កណ្ដាល ប្រតិស្ឋាន​ទេវរូប​ព្រះ​វិស្សកម្ម​ទេវបុត្រ​ធ្វើ​ពី​ស្ពាន់ មាន​ព្រះហស្ដ​៨ ជា​ទេព​អ្នកមាន​ចំណេះ​ជំនាញ​កំពូល​ផ្នែក​ខាង​វិជ្ជា​ជាង និង​សិល្បៈ និង​ជា​ព្រះ​បរមគ្រូ​លើ​ជាង និង​សិល្បៈ​ទាំងឡាយ គង់​លើ​បល្ល័ង្ក​មាន​ព្រះហស្ត​នីមួយៗ​កាន់​ដោយ​សម្ភារៈ​ប្រដាប់​ជាង រំលេច​ដោយ​ចង្វាយ​ក្បាច់​វង់​ហៀន​ភ្ញី​អង្គ​រទាំង​មេដំបូល​និង​ហោជាង​ច្រៀក រួម​នឹង​អង្គ​ប្រកប​ផ្សេងៗ​ដទៃទៀត​ដូចជា ជាអាទិ ជហ្វា ដងក្ដារ ប៉ៃ​រកា នាគ​សន្លឹក ឬ​នាគ​ដងក្ដារ កញ្ចាំង សារាយ សសរ​គូ និង​គ្រឿង​ទម្រ​ទែនទយ​ជាដើម​។ ចំណែក​ហោជាង​ផ្នែក​ខាងឆ្វេង និង​ខាងស្តាំ រចនា​លម្អ​ដោយ​សហស្សនេត្ត ឬ ព្រះឥន្ទ​គង់​ដំរី​អៃរាវ័ណ​លើ​ឋាន​ជើង​សិង្ហ​ដែលជា​ចតុលោកបាល​មួយ​ប្រចាំ​ទិសខាងកើត តុបតែង​រំលេច​ពិពិធ​លម្អ​ដោយ​ក្បាច់​វង់​ហៀន​ចង្វាយ​ប្រទាក់​ភ្ញីទេស​ដែលមាន​ទេពប្រណម្យ មុខ​នាគ មុខ​ខាប​ជា​លម្អ​ផងដែរ តំណាង​ឲ្យ​ភាព​សុខដុម​នីយកម្ម​រវាង​ជំនឿ មនុស្ស​និង​ធម្មជាតិ ដែល​បង្កើតបាន​នូវ​សេចក្តីសុខ និង​ភាព​ចម្រើន​រុងរឿង​។​

​តួ​អគារ មាន​រាង​ជា​ចតុកោណកែង មាន​ទម្រង់​ស្មើនឹង ១​ភាគ​២ នៃ​តួ​បាកាណ​ប្រាសាទអង្គរវត្ត ដែល​ផ្នែក​ខាងមុខ​និង​ខាងក្រោយ​ចែកចេញជា ៣​សង្កាត់ ចំណែក​ផ្នែក​ខាងឆ្វេង និង​ខាងស្តាំ​ចែកជា ២​សង្កាត់ និង​មាន​ទម្រង់​ដំបូល​មាន​រាង​ជា​អក្សរ​អ៊ុយ “U” លាតសន្ធឹង​ត្រួតស៊ីគ្នា​លើ​តួ​អគារ​ទាំង ៣​ទិស​។​

​តួ​អគារ​លម្អ​ដោយ​ច្រកចេញចូល​ទាំង​៤​ទិស ចំណែក​ច្រកចូល​ធំ ឬ​ខ្លោងទ្វារ​អគារ​លម្អ​ដោយ​ក្បាច់​ផ្តែរ​រចនាបថ​ព្រៃ​ក្មេង វិចិត្រ​រចនា​ដោយ​និមិត្តសញ្ញា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឈ្មោះ​ទីស្តីការក្រសួង​នៅលើ​ឋាន​ផ្តែរ​ថ្ម​ម៉ាប​កំពង់ស្ពឺ​ពណ៌​មរកត ទ្រ​ដោយ​សសរ​ម៉ាប​កំពង់ស្ពឺ​ពណ៌​ក្រហមទុំ​ចំនួន ៦​ដើម ជា​ទម្រ តំណាង​ឲ្យ​នាយកធម៌ ទាំង​៦​យ៉ាង​គឺ ធម៌​របស់​នាយក ឬ​ធម៌​សម្រាប់​ថ្នាក់ដឹកនាំ​ទាំង​គ្រហស្ថ និង​បព្វជិត គប្បី​មានធម៌ ៦ យ៉ាង​ជាប្រចាំ​នៅក្នុង​សន្តាន​ជានិច្ច​គឺ (១)​ខ​មា សេចក្តី​អត់ធន់ (២)​ជាគ​រិ​យៈ សេចក្តី​ភ្ញាក់រឭក​រឿយៗ (៣)​ឧដ្ឋានៈ សេចក្តី​ឧស្សាហ៍​ខ្នះខ្នែង (៤)​សំ​វិភា​គៈ ការបែងចែក​រំលែក ឬ​ការចែករំលែក​ឲ្យ​នូវ​វត្ថុ​ផ្សេងៗ (៥) ទ​យា សេចក្តី​អាណិតអាសូរ ត្រា​ប្រណី​គេ (៦)​ឥ​ក្ខ​ណា ការ​រំពៃរ​មើល​ការខុសត្រូវ​។ ធម៌​ទាំង​៦​នេះ​រមែង​លើកស្ទួយ​នាយក ឬ​អ្នកដឹកនាំ​ឲ្យ​មានតម្លៃ​ជានិច្ច​។ នៅ​ផ្នែក​ខាងឆ្វេង​ដៃ​នៃ​ខ្លោងទ្វារ​អគារ មាន​ចម្លាក់​លោត​អសុរ​ទ្វារបាល និង​នៅ​ខាងស្តាំ​ដៃ​មាន​រូប​ទេព​ទ្វារបាល រចនាបថ​ព្រះ​គោ​។ សភាវៈ​ទាំងពីរ​នេះ​តំណាង​ឲ្យ​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់ (​យក្ស​=​ជា​រូបភាព​កម្លា , ទេវតា​=​រូបភាព​ស្វាគមន៍ )​។

​ជាទូទៅ​មនុស្ស​យើង​តែងមាន​អ្នក​ល្អ អ្នក​អាក្រក់ មាន​ធាតុ​ជា​កុសល និង​អកុសល បុណ្យ និង​បាប ជា​ធាតុ​ទ្រទ្រង់ ។ ដូច្នោះ​ដូនតា​លោក​ឆ្លាក់​ក្នុង​ហេតុផល​យ៉ាងនេះ ឫ​យ៉ាង​ណាមួយ​នៃ​គំនិត​ទស្សនៈ​ខាងលើ តែ​សុទ្ធសឹង​តែមាន​អត្ថន័យ​ច្បាស់លាស់ និង​បង្ហាញ​ពី​លក្ខណៈ​ច្បាស់លាស់​នៃ​ភាពជា​គូ​នឹង​គ្នា​ក្នុង​ធម្មជាតិ​លោកធាតុ​វិទ្យា ។​

​នៅ​ជាន់​ផ្ទាល់​ដី​មាន​ច្រក​ទ្វារធំ​ដែល​លម្អ​ដោយ​ផ្តែរ​ប្រតិស្ឋាន​រូប​ព្រះ​ពិស្ណុការ ឬ​វិស្សកម្ម​ទេវបុត្រ ទ្រង់​កាន់​កូនប្រយោល តាក់តែង​ដោយ​ក្បាច់​កញ្ចាំង​ភ្ញីទេស មាន​សសរ​ពេជ្រ​ជា​ទម្រ រំលេច​ដោយ​សន្លឹក​ទ្វារធំ​ក្បាច់​ភ្ញីទេស​វិចិត្រ​រចនា ជាមួយនឹង​គ្រឿង​ប្រដាប់​ជាង​ផ្សេងៗ ចំណែក​នៅ​ខាង​ខ្នង​ទ្វារ​លម្អ​ដោយ​ក្បាច់​គោម​ទេពប្រណម្យ ប្រថាប់​ដោយ​ទឹបមាស នៅលើ​ជញ្ជាំង​សាល​បដិសណ្ឋារកិច្ច​តាំង​លម្អ ដោយ​ចម្លាក់​ទង​ប្រាសាទអង្គរវត្ត ធ្វើ​ពី​ស្ពាន់​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៩​ម៉ែត្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ