រាជធានីភ្នំពេញ ៖ ជ្រូកព្រៃ គឺជាប្រភេទសត្វដែលមានវិញ្ញាណវៃបំផុតដោយប្រើច្រមុះ និងត្រចៀក ហើយជ្រូកព្រៃ ហើយក៏ស្ថិតក្នុងប្រភេទមានដោយបង្គួរ ព្រោះវាមានអត្រាខ្ពស់ក្នុងការបង្កកំណើត។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា ជ្រូកព្រៃ មានវត្តមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងមានការរីកសាយភាយ។ ជ្រូកព្រៃក៏មានវត្តមាននៅស្ទើរគ្រប់តំបន់នៅលើពិភពលោក។ ហើយក៏មិនមានទិន្នន័យច្បាស់លាស់ថា នៅលើពិភពលោកនេះ មានសត្វជ្រូកព្រៃប៉ុន្មានឡើយ តែសត្វជ្រូកព្រៃ ត្រូវបានគេវាយតម្លៃថា មានចំនួនច្រើន និងមានស្ថេរភាពនៅតាមតំបន់ការពារធម្មជាតិ។ ហើយនៅកម្ពុជា ក៏មិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនសត្វជ្រូកព្រៃនៅទូទាំងប្រទេសនៅឡើយទេ។
បើយោងតាមរបាយការណ៍សិក្សារវាងក្រសួងបរិស្ថាននិងអង្គការ WCS និងអង្គការ WWF ចេញផ្សាយនៅឆ្នាំ២០២០ថា គ្រាន់តែនៅដែនជម្រកសត្វព្រៃកែវសីម៉ា មានវត្តមានសត្វជ្រូកព្រៃប្រមាណ ១១៦០ ក្បាល ដែនជម្រកសត្វព្រៃស្រែពកមានប្រមាណ២១៧០ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេចមានប្រមាណ១៨៤៨ ក្បាល។
ចំណែកនៅតាមតំបន់ការពារធម្មជាតិផ្សេងទៀត ត្រូវបានកត់សម្គាល់ថា មានវត្តមានជ្រូកព្រៃកើនឡើង ដោយសារតែការការពារ និងអភិរក្សតំបន់ការពារធម្មជាតិដែលជាទីជម្រក កន្លែងរកចំណី និងប្រភពទឹករបស់វាបានល្អប្រសើរ។ ហើយជ្រូកព្រៃក៏ជាសត្វដែលមានសម្បុរប្រែប្រួលទៅតាមវ័យផងដែរ ព្រោះថា ពេលនៅតូចវាមានសម្បុរប្រផេះ ឬត្នោត និងប្រែទៅជាពណ៌ប្រផេះសុទ្ធ នៅពេលវាមានអាយុ៥ឆ្នាំទៅ។
ប្រភពដដែលបានឲ្យដឹងថា ជ្រូកបា មានកន្ទុយបះត្រង់ទៅក្រោយ ឬបះត្រង់ទៅលើ ឯជ្រូកព្រៃមេ មានកន្ទុយសំយ៉ុងចុះក្រោម។ ជ្រូកព្រៃ ក៏មានចង្កូមមួយគូដុះលូតចេញជាខ្នាយស្រួច ជួនកាលខ្នាយស្រួចនោះកោងខុបចុះក្រោមជារង្វង់ ដែលនេះគឺជាអាវុធដ៏សំខាន់សម្រាប់ការពារខ្លួន និងសម្រាប់ឈ្មួសដី។ ជ្រូកព្រៃ ក៏មានវិញ្ញាណវៃបំផុតដោយប្រើច្រមុះ និងត្រចៀកផងដែរ។ ជ្រូកព្រៃដោយញីឈ្មោលនៅខែវិច្ឆិកា ហើយក្រោយពីមានពពោះរយៈពេល៥ខែ ជ្រូកមេក៏អាចផ្តល់កំណើតឱ្យកូនចាប់ពី៤ទៅ៨ក្បាល និងលើកបន្តបន្ទាប់ពី ១៥ ទៅ ១៧ ក្បាល និងបំបៅដោះពី ៣ ទៅ ៤ ខែ។ សត្វជ្រូកព្រៃញី ក៏អាចបន្តពូជបានពីអាយុ៦ទៅ៧ខែ ចំណែកអាយុកាលរបស់ជ្រូកព្រៃគឺចាប់ពី១០ទៅ១២ឆ្នាំ និងខ្លះទៀតរហូតដល់២០ឆ្នាំក៏មាន៕
ចែករំលែកព័តមាននេះ