ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរប្លន់ដែលតែងតែធ្វើសកម្មភាពវាយ និងធាក់ប្លន់ម៉ូតូតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បានមួយសម្បុក បន្ទាប់ពីធ្វើសកម្មភាព។ នេះគឺជា ប្រតិបត្ដិការដ៏ក្ដៅរបស់សមត្ថកិច្ចអធិការស្រុកសំរោងទង ដោយលទ្ធផលគឺបានឃាត់មុខសញ្ញាចោរសរុប១០នាក់ និងដកហូតវត្ថុតាងបានមួយចំនួនផងដែរ ហើយនឹងបន្ដស្រាវជ្រាវស្វែងរកមុខសញ្ញាដែលនៅសេសសល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ប្រភពពីមន្ត្រីនគរបាលស្រុកសំរោងទង បានប្រាប់ថា សមត្ថកិច្ចបានចេញល្បាតតាមដងផ្លូវ៤១ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទី ពេលនោះកម្លាំងកំពុងតែល្បាតក៏បានជួបនឹងជនរងគ្រោះនៅផ្លូវជាតិលេខ៤១ ដោយជនរងគ្រោះប្រាប់ថា មានជនសង្ស័យ៣នាក់ជិះម៉ូតូ០១គ្រឿងបានធាក់គាត់ឱ្យដួល ហើយក៏លើកយកម៉ូតូគាត់ជិះទៅទិសខាងជើង ស្ថិតនៅក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបាត់តែម្តង។

មន្ត្រីនគរបាលស្រុកសំរោងទង ប្រាប់បន្តថា ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុកសំរោងទង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌខេត្ដ ចុះសហការបើកប្រតិបត្ដិការស្រាវជ្រាវរហូតឈានទៅបង្ក្រាបមុខសញ្ញាប្លន់បានជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា លុះរហូតដល់ម៉ោង១៥និង៥០នាទី សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃ គីនថុង ហៅចិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន នៅចំណុចខ្នងប្រឡាយតាហោ ក្នុងភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលពាក់ព័ន្ធនឹងករណីធាក់ប្លន់នៅតាមផ្លូវលេខ៤១ ត្រង់ចំណុចភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ។

ក្រោយមកសមត្ថកិច្ចជំនាញពាក់ព័ន្ធនគរបាលស្រុកសំរោងទង ក៏បានបន្តស្រាវជ្រាវ រួចឃាត់ខ្លួនបក្សពួកផ្សេងទៀតសរុបបានចំនួន៩នាក់បន្ថែមទៀត នាដល់ថៃ្ងទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រួមមាន ១-ឈ្មោះ ប៉ាន ភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ២-ឈ្មោះ រិទ្ធ សារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ៣-ឈ្មោះ មន ឡាយហៀង ហៅងើយ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ ៤-ឈ្មោះ រិទ្ធ វាសនា ភេទប្រុស អាយុ២២ឆ្នាំ នៅផ្ទះសំណាក់សុខង៉ែត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។ ៥-ឈ្មោះ ចន ពុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ៦-ឈ្មោះ ណន ផានិត ហៅខ្លូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង ៧-ឈ្មោះ ណុប បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយ ក្រុងច្បារមន ៨-ឈ្មោះ ហេង សុខហាន អាយុ២០ឆ្នាំ រស់នៅភូមិប្រជៀវបាត ឃុំទំពរ័មាស ស្រុកសំរោងទង ៩-ឈ្មោះ ធី ចាន់ថេត អាយុ១៨ឆ្នាំ រស់នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។

បើតាមតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ចំណែកវត្ថុតាងដែលជាមធ្យោបាយនោះ ដកហូតបានរួមមាន ៖ ម៉ូតូ០៦គ្រឿង ម៉ូតូជនរងគ្រោះ២គ្រឿង ។ ហើយតាមការសាកសួរ និងពិនិត្យលើករណីក្រុមចោរដ៏សកម្មនេះ គឺបានធ្វើសកម្មភាពចំនួន០៨លើក ហើយក៏មានឯកសារសំណុំរឿងគ្រប់គ្រាន់ហើយដែរ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានប្រាប់ផងដែរថា បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំរោងទង បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងអស់ខាងលើទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕






ចែករំលែកព័តមាននេះ