រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជាតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញជាផ្លូវការហើយ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាលគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានផ្ដល់ឱកាស ការគាំទ្រ និងជំនឿទុកចិត្តចំពោះរូបលោក តាមរយៈការសម្រេចតែងតាំងជាបន្តបន្ទាប់ ក្នុងរចនាសម្ព័ន្ធដឹកនាំគណបក្សមូលដ្ឋាន ដែលសុទ្ធសឹងតែជាតួនាទីស្នូល ជាពិសេសគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំ និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង ក៏បានធ្វើការប្តេជ្ញាចិត្តបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ តាមរយៈការខិតខំ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីការពារ “សន្តិភាព” និងសមិទ្ធផលទាំងឡាយរបស់ ជាតិមាតុភូមិ តាមរយៈការចូលរួមអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ដែលបានក្លាយជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោប្រធានគណបក្ស។ ប្តេជ្ញាបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈគណបក្ស បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស សំដៅពង្រឹងឆ្លងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ស្របតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ»។

ប្តេជ្ញាបន្តអនុវត្តស្មារតី ៧មករា ដើម្បីពូនជ្រុំកម្លាំងគាំទ្រគណបក្ស ឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើ គ្រប់វិស័យ ហើយនៅតែរក្សាបាននូវ «តម្លៃសច្ចធម៌នៅ ក្នុងប្រវត្តិសាស្ត្រ» ដែលគ្មានជនណាម្នាក់ អានុភាពណាមួយអាចមកបំផ្លាញ ឬមូលបង្កាច់បានឡើយ។ ប្តេជ្ញាបន្តកៀរគរកម្លាំងយុវជនជំនាន់ក្រោយឱ្យចូលមករួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ស្របតាមគោលការណ៍ «រក្សាចាស់ ពង្រីកថ្មី» ដែលធានាបានទាំងគុណភាព និងបរិមាណ តាមរយៈការកសាងអត្តចរិត សីលធម៌ល្អ ថ្លៃថ្នូរ ស្អាតស្អំ និងការបន្តប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស។

ប្តេជ្ញាបន្តបញ្ជ្រាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តនានារបស់គណបក្សទៅក្នុងជួរសមាជិក-សមាជិកាគណបក្ស និងយុវជនជំនាន់ក្រោយ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រឭក ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស និងសំដៅកសាងកម្លាំងពិត ដែលហ៊ានការពារផលប្រយោជន៍ គណបក្សនៅគ្រប់កាលៈទេសៈទាំងអស់។ ប្តេជ្ញាបន្តដើរតាមបន្ទាត់នយោបាយរបស់គណបក្ស ដោយឥតងាករេ ជាពិសេសជំរុញការធ្វើកំណែទម្រង់ មុតស្រួចតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីឈានឆ្ពោះ ទៅរក្សាជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង គ្រប់ការបោះឆ្នោតទាំងអស់ នាពេលខាងមុខ៕ ដោយ ៖ ចន ណារិទ្ធ

ចែករំលែកព័តមាននេះ