ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែជក់ Vape បង្ហុយផ្សែងសោះ ខូចសុខភាពដែរឬ?

2 ឆ្នាំ មុន

វាពិតជាប្រសើរមែនទែនដែលយុវវ័យសម័យថ្មី មិនសូវចេះជក់បារីដូចយុវវ័យសម័យឪពុកម្តាយយើង។ គេយល់ដឹងយ៉ាងច្បាស់ថា ជក់បារីនាំឱ្យខូចសុខភាព។ សូម្បីតែរូបខូចសួត រលួយជើង និង ដាច់សរសៃឈាមខួរក្បាល លើកញ្ចប់បារី ក៏ធ្វើឱ្យយើងឃើញហើយមិនចង់ជក់ដែរ។…

វាពិតជាប្រសើរមែនទែនដែលយុវវ័យសម័យថ្មី មិនសូវចេះជក់បារីដូចយុវវ័យសម័យឪពុកម្តាយយើង។ គេយល់ដឹងយ៉ាងច្បាស់ថា ជក់បារីនាំឱ្យខូចសុខភាព។ សូម្បីតែរូបខូចសួត រលួយជើង និង ដាច់សរសៃឈាមខួរក្បាល លើកញ្ចប់បារី ក៏ធ្វើឱ្យយើងឃើញហើយមិនចង់ជក់ដែរ។ តែយើងឃើញថា យុវវ័យមួយចំនួនងាកទៅរកការជក់បារីអេឡិចត្រូនិក ឬ Vape ទៅវិញ ដែលភាគច្រើនទៅបង្ហុយនៅតាមហាងកាហ្វេ ពេលជួបជុំគ្នា។ តើមិត្តអ្នកអានប្រាកដទេថា វាមានសុវត្ថិភាពជាងបារី?

ទោះបីជាមានការអះអាងថា ការជក់បារីអេឡិចត្រូនិក ឬ Vape គឺមានគ្រោះថ្នាក់តិចជាងការជក់បារីមែនទែន ហើយវាអាចជួយឱ្យអ្នកជក់បារីឈប់ជក់បារីក៏ដោយ ការព្រួយបារម្ភអំពីហានិភ័យរបស់វាក៏នៅតែមាន។ ខាងក្រោមនេះ គឺជាការចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្តរបស់សាកលវិទ្យាល័យ Harvard។

១. ការញៀនជាតិនីកូទីន

មិនថានៅក្នុងបារី ឬ Vape ទេ ជាតិនីកូទីនពិតជាញៀនខ្លាំង។ បរិមាណជាតិនីកូទីននៅក្នុងផលិតផល Vape ជាច្រើនគឺខ្ពស់ជាងបារីធម្មតា។ ផលរំខានរួមមានការថយចុះចំណង់អាហារ ការកើនឡើងអត្រាបេះដូង និងសម្ពាធឈាម ចង្អោរ និងរាគ។

២. ប៉ះពាល់ដល់សួតនិងបេះដូង

ចំហាយចេញពីបារីអេឡិចត្រូនិច ឬ Vape អាចមានជាតិពុល លោហធាតុ និងសារធាតុបង្កមហារីកសួត។ ការជក់ Vape បង្កើនហានិភ័យនៃជំងឺសួត ដូចជាជំងឺស្ទះសួត ហឺត រលាកទងសួតរ៉ាំរ៉ៃ និងជំងឺស្ទះសួតរ៉ាំរ៉ៃ។ វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការគាំងបេះដូងផងដែរ។ សូម្បី​តែ​ការ​ប៉ះពាល់​នឹង​ចំហាយ​នៃ​បារី​អេឡិចត្រូនិក ​ក៏​អាច​បង្ក​ឱ្យ​កើត​ជំងឺ​ហឺត​ដែរ។

៣. ហានិភ័យសុខភាពអំឡុងពេលមានផ្ទៃពោះ

ជាតិនីកូទីនអាចបំផ្លាញខួរក្បាល និងសួតដែលកំពុងលូតលាស់របស់ទារក។ សារធាតុដាក់ឱ្យមានក្លិននៅក្នុង Vape ក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ ជា​លទ្ធផល អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​ដែល​មាន​ផ្ទៃពោះ​កុំ​ប្រើ​ Vape។

មិនថាជក់បារី ឬ ជក់ Vape ទេ គ្មាននរណាទៅហាមឃាត់អ្នកឡើយ ព្រោះវាជាបញ្ហាសុខភាពរបស់អ្នក។ តែអ្នកត្រូវដឹងថា អ្នកមិនត្រូវធ្វើឱ្យប៉ះពាល់សិទ្ធិរបស់អ្នកនៅជុំវិញខ្លួនអ្នកឡើយ។ ក្រោយពីបានដឹងពីផលប៉ះពាល់របស់បារីសម័យថ្មីនេះហើយ តើអ្នកនៅចង់ជក់វាទៀតដែរឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ