ខេត្តកំពង់ឆ្នាំង ៖ ក្នុងវ័យ៨៨ឆ្នាំ ដែលមានស្បែកជ្រីវជ្រួញ និងសំឡេងញ័រៗ តែអាចស្តាប់បាន លោកយាយដ៏ចំណាស់អង្គុយលើកាំជណ្តើរមុខផ្ទះដោយខ្នងកោង ចង្ការធ្លាក់ទាបជាងក្បាលជង្គង់បានប្រាប់ថា រូបគាត់ត្រូវបានកូនចិញ្ចឹមតាំងពីតូចក្រូចឆ្មាលួចដីស្រែគាត់លក់អស់ហើយ សួមឱ្យសមត្ថកិច្ចអាជ្ញធរស្រុក ខេត្ត និងអ្នកសារព័ត៌មានជួយគាត់ផង ។
លោកយាយអភ័ព្វបានរៀបរាប់ថា គាត់ឈ្មោះគង់ ប៉ុក អាយុ៨៨ឆ្នាំ មានទីលំនៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចំណែកកូនស្រីចិញ្ចឹមរបស់គាត់ ដែលបានលួចយកដីគាត់លក់នោះឈ្មោះគង់ វណ្ណា ហៅគង់ ឈួន អាយុ៤៦ឆ្នាំ មានប្តីឈ្មោះ អ៊ុម ចុន អាយុ៦៣ឆ្នាំ សព្វថ្ងៃបែកពីគាត់ ទៅរស់នៅភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស ។
លោកយាយបានបន្តថា កូនចិញ្ចឹមលោកយាយឈ្មោះគង់ វណ្ណា ហៅឈួននេះ គាត់សុំគេមកចិញ្ចឹមតាំងពីអាយុ៧ខែមកម្ល៉េះ ទុកដូចជាកូនបង្កើត ។ គាត់បានចែកដីស្រែមួយកន្លែង មាន៥ស្រែឱ្យកូនស្រីនោះហើយ ហេតុអីក៏កូនស្រីគាត់ឃុបឃិតគ្នាជាមួយប្តីលក់ដីស្រែ គាត់ផ្សេងពីចែកនេះឱ្យគេទៀត ។ គាត់បានប្រាប់ថា គាត់មានចុងសន្លឹកដីស្រែនោះ តែបានបាត់ទៅមិនដឹងថា អ្នកណាជាអ្នកលួច ។
គាត់សំណូមពរដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ និងសារព័ត៌មាននានា មេត្តាជួយយកដីទាំងនោះ មកឱ្យគាត់វិញ គាត់មិនចង់បានលុយទេ គឺសុំសំណូមពរយកតែដីនោះវិញប៉ុណ្ណោះ គ្រាន់និងធ្វើស្រែខ្លួនឯង ឬជួលគេធ្វើយកស្រូវ ដើម្បីទុកធ្វើបុណ្យឧទ្ទិសកុសលជូនពុកម្តាយដែលបានស្លាប់ទៅ ។
បុរសឈ្មោះនូ សាត អាយុ៦០ឆ្នាំ ដែលត្រូវជាចៅលោកយាយឈ្មោះគង់ ប៉ុក បានរៀបរាប់ថា គាត់ដឹងប្រវត្តិដីនោះច្បាស់ណាស់ ក្នុងឆ្នាំ១៩៨៧-៨៨ រហូតដល់ឆ្នាំ១៩៩៩ គាត់ជាអ្នកធ្វើស្រែហ្នឹង ដោយយកផលមកជួួយចិញ្ចឹមយាយគង់ ប៉ុក និងឈ្មោះគង់ វណ្ណាជាកូនចិញ្ចឹម ។ នៅឆ្នាំ១៩៩៩ ឈ្មោះគង់ វណ្ណា ហៅឈួនមានប្តី គាត់ក៏ប្រគល់ដីស្រែនោះទៅឈ្មោះគង់ វណ្ណា និងប្តីធ្វើស្រែចិញ្ចឹមយាយវិញម្តង ហើយតាំងពីនោះមកគាត់ឈប់កាន់កាប់ដីនោះទៀត ។
បុរសរូបនោះបានបញ្ជាក់ថា កូនចិញ្ចឹមបានផ្តល់ស្រូវឱ្យលោកយាយ៣ឆ្នាំដែរ ដោយឆ្នាំទី១ យកមកដាក់ហូបរួម និងឆ្នាំទី២ ទី៣ គ្រាន់តែដឹកស្រូវយកមកឱ្យ បន្ទាប់មកក៏បាត់ឈឹង ។ លោកយាយ គង់ប៉ុក នៅមានកូនចិញ្ចឹមប្រុសម្នាក់ទៀតដែលចិញ្ចឹមពីតូបៗមក សព្វថ្ងៃ នៅខេត្តបាត់ដំបង ឈ្មោះគង់ ចន្ថា។ ប្រភពដដែលបានបន្តថា ឈ្មោះគង់ វណ្ណា បានព្យាយាមលក់ដីនោះ២-៣លើកហើយ តែលោកយាយចេះតែទៅឃាត់ទាន់ ប្រាប់មេភូមិឈ្មោះលី លីម ថា គាត់មិនឱ្យលក់ដីនោះទេ អ្នកចង់លក់ប្រាប់គាត់ផង តែនៅតែមានការលក់ទាល់តែបាន ។
ក្រោយពេលក់ដីនោះយូរហើយ ទើបលោកយាយដឹង ហើយខាងឃុំបានសម្របសម្រួលដែរដោយថា បើជ្រុលលក់ហើយ ជួយរំលែកថវិកានោះឱ្យយាយខ្លះទៅ តែលោកយាយថា មិនយក គឺសុំតែដីវិញ ។
ចែករំលែកព័តមាននេះ