ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង កំពុងទទួលបានជោគជ័យលើមុខរបរដាំផ្សិតសរ ឬ ផ្សិតអំបោះ ហើយមុខរបរនេះ បានផ្ដល់នូវប្រាក់ចំណូលដ៏ច្រើន ជួយឲ្យជីវភាពរបស់កសិករបានធូរធាយ៉ាងខ្លាំង។
អ្នកស្រី មាន ពេញ ដែលកំពុងមមារញឹកលើការងារដាំផ្សិតអំបោះនេះ បានឱ្យដឹងថា តាំងពីគាត់ចាប់យកមុខរបរដាំផ្សិត ស ឬផ្សិតអំបោះ នេះមក គ្រួសារគាត់មានជីវភាពធូរធាជើងមុនឆ្ងាយណាស់ ព្រោះគាត់បានចំណូលចូលផ្ទះរៀងរាល់ថ្ងៃ។
អ្នកស្រីបានបន្ថែមទៀតថា គាត់ដាំផ្សិតនេះអស់រយៈពេលជាង ៥ ឆ្នាំមកហើយ ហើយការដាំផ្សិតរបស់គាត់នេះទៀតសោត គឺមិនបានរៀនបច្ចេកទេសពីគ្រូណានោះទេ គឺគាត់រៀនតាមរយៈ
មើល youtube តែប៉ុណ្ណោះ។ ពីដំបូងគាត់ចាប់ផ្ដើមដាំសាកល្បងតិចតួចប៉ុណ្ណោះ ប៉ុន្តែពេលធ្វើទៅទទួលបានផល ហើយផ្សិតដែលដាំបានក៏លក់បានថ្លៃទៀត ទើបចេះតែពង្រីការដាំច្រើនទៅច្រើនទៅ រហូតពេលនេះគាត់មានរោងដាំផ្សិតធំទូលាយ ធំដូចផ្ទះមួយទៅហើយ។
អ្នកស្រី មាន ពេញ បានបញ្ជាក់ថា សព្វថ្ងៃនេះ ផ្សិតរបស់គាត់អាចបេះបានចន្លោះពី ៥០ ទៅ ៦០ គីឡូក្នុងមួយថ្ងៃ ចំណែកតម្លៃទីផ្សារបើលក់ទៅឲ្យឈ្មួញលក់បន្ត ក្នុងមួយគីឡូលក់បានតម្លៃពី 5ពាន់ ទៅ 7 ពាន់រៀល បើលក់ឱ្យអ្នកស្រុកទិញទៅបរិភោគផ្ទាល់ មួយគីឡូបានតម្លៃ 1 ម៉ឺនរៀល។
អ្នកស្រី មាន ពេញ បានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើមុខរបរដាំផ្សិតអំបោះដូចគាត់ដែរ អាចរៀនតាមរយៈមើល youtube ក៏បាន ឬបើនៅស្រុកភូមិក្បែរគាត់ គឺអាចមកសិក្សារៀនសូត្រពីគាត់ផ្ទាល់ក៏បាន ៕










ចែករំលែកព័តមាននេះ