រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) បានឲ្យដឹងថា កាលពីរាត្រីថ្ងៃទី៥ មេសា រំលងអធ្រាត្រចូលថ្ងៃទី៦ មេសា កម្លាំងគយនិងរដ្ឋាករ មានសមត្ថកិច្ចនៃសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រឿងម៉ាក FUSO ដែលមានស្លាកលេខតាកែវ 3A1599 ។
ក្រោយពេលធ្វើការត្រួតពិនិត្យរូបវន្ត សមត្ថកិច្ចបានរកឃើញថា មានការលួចនាំចូលកាំភ្លើងខ្លីប្រើហ្គាសចំនួន ៣០ ដើម ។ ទំនិញហាមឃាត់ទាំងនេះ ត្រូវបានឈ្មួញទុច្ចរឹតលួចបង្កប់ចូលក្នុងរថយន្តដឹកទំនិញនាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ដែលក្នុងនោះរួមមាន ៖
១-កាំភ្លើងខ្លីម៉ាក រ៉ូឡូ ចំនួន១៣ ដើម
២-កាំភ្លើងខ្លីម៉ាក ផ្សេងទៀត ចំនួន១៧ដើម
៣-បំពង់ហ្គាស ២០ប្រអប់ x ៥០បំពង់ x បំពង់១២ក្រាម ។
៤-គ្រាប់ប្រវែង ៤.៥ មីលីម៉ែត្រ ចំនួន១០ប្រអប់ x ២៥០០គ្រាប់=២៥០០០គ្រាប់ ។
៥-បង់គ្រាប់បម្រុង សម្រាប់កាំភ្លើងក្រៅពី រ៉ូឡូ មាន១០បង់ ។
៦-បង់គ្រាប់បម្រុង សម្រាប់កាំភ្លើង រូឡូ មាន ៣៧បង់
៧-ឡតគ្រាប់កាំភ្លើងរ៉ូឡូ ៣៣៦ គ្រាប់ ។
សេចក្តីប្រកាសបានបញ្ជាក់ថា នេះជាលើកទី២ ក្នុងអំឡុងពេលប្រមាណតែ១១ថ្ងៃសោះ ដែលឈ្មួញខិលខូចមិនខ្លាចរអាច្បាប់ទាំងនោះ ធ្វើការប៉ុនប៉ងនាំទំនិញហាមឃាត់ដាច់ខាតចូល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ។ ទាំងនេះជាផ្នែកមួយនៃការអនុវត្តការពង្រឹងអភិបាលកិច្ច (អគរ) ក្នុងការទប់ស្កាត់ការគេចវេះពន្ធអាករ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលចូលថវិកាជាតិ ក៏ដូចជា ទប់ស្កាត់ការប៉ុនប៉ងនាំទំនិញខុសច្បាប់និងហាមឃាត់ដាច់ខាតនានា ដែលធ្វើឲ្យប៉ះពាល់ដល់ សុវត្តិភាព និងសន្តិសុខ របស់ពលរដ្ឋនិងសង្គមជាតិទាំងមូល ។
បច្ចុប្បន្នអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងប្រមូលភស្តុតាង និងកសាងសំណុំឯកសារបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីនាំខ្លួនជនប្រព្រឹត្តល្មើសពាក់ព័ន្ធទៅតុលាការផ្តន្ទាទោសតាមនិតិវីធីច្បាប់ ៕
ចែករំលែកព័តមាននេះ