រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់ខ្លួនពីផ្ទះប្រមាណ២ខែលួចទៅរួមរស់សាងស្នេហ៍យ៉ាងល្អូកល្អឺនជាមួយស្រីថ្មីជាប្រពន្ធចុង ហើយត្រូ វបានស្ត្រីជាប្រពន្ធដើមតាមរកឃើញរករឿង និងទប់កំហឹងមិនបានវាយប្តីរហែកខោ រួចនាំចូលប៉ុស្តិ៍ធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នា។
ការប្រើហឹង្សានេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ មេសា ២០១៦ នៅចំណុចបន្ទប់ជួលផ្លូវលំភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ស្ត្រីជាប្រពន្ធដែលតាមរកវាយប្តីឈ្មោះហៀង ភេទស្រី អាយុ៤៨ឆ្នាំ មានមុខរបរលក់បន្លែនៅផ្សារជម្ពូវ័ន្ត ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានប្តីមានឈ្មោះ ណាត ភេទប្រុស អាយុ៥០ ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ចំណែកស្ត្រីជាប្រពន្ធចុងនោះឈ្មោះ យ៉ុង ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបរលក់ចេកចៀន មានកូនប្តីមុនចំនួន៣នាក់ ស្រី១ ប្រុស២នាក់។
តាមស្ត្រីជាប្រពន្ធដើមបានឱ្យដឹងថា គាត់បានបាត់ប្តីរយៈពេល២ខែមកហើយ ក៏បានតាមរកឃើញ នៅផ្ទះស្រី ខឹងពេកក៏បានវាយលោកប្តីកំហូចយ៉ាងចាស់ដៃតែម្តង។
ស្ត្រីជាប្រពន្ធចុងបានរាបរាប់ឱ្យដឹងថា រូបគាត់ធ្លាប់មានប្តីបានលែងលះគ្នារយៈពេល៦ឆ្នាំមកហើយដោយមានកូនប្រុសស្រីចំនួន៣នាក់។ រយៈពេលប្រមាណ៥ខែ នាងក៏មានទំនាក់ទំនងស្នេហាជាមួយបុរសដែលជាប្តីគេខាងលើ និងបានមករួមរស់នៅជាមួយគ្នាបាន២ខែតែប៉ុណ្ណោះ។
តាមស្ត្រីរូបនោះបានឱ្យដឹងទៀតថា មុនពេលទាក់ទងគ្នា បុរសរូបនោះបានមកសុំស្នេហ៍ដោយប្រាប់ថា ខ្លួនបានលែងលះប្រពន្ធដើមដាច់ស្រេចហើយ មិននឹកស្មានថា ប្រពន្ធគេមកតាមរករឿងបែបនេះ។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីតាមឃើញប្តីនៅជាមួយស្រី និងវាយយ៉ាងចាស់ដៃ ស្ត្រីជាប្រពន្ធដើម ក៏បានទាញដៃទៅប៉ុស្តិ៍ ដើម្បីឱ្យធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នាទៀត។ ចំណែកស្ត្រីជាប្រពន្ធចុង ក៏បានទៅប៉ុស្តិ៍ដែរ និងបានទាមទាជំងឺចិត្តចំនួន២០០ដុល្លារ តែខាងប្រពន្ធដើមមិនព្រមក៏បាននាំប្តីកំហូចទៅផ្ទះវិញបាត់ទៅ៕
ចែករំលែកព័តមាននេះ