ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆបោក​និង​សម្អាត​ប្រាក់ ជនជាតិ​បរទេស​៣​នាក់ ត្រូវ​ជាប់គុក​ម្នាក់​ៗ២​ឆ្នាំ និង​ម្នាក់​ទៀត​ថែម​៦​ខែ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ បាន​សម្រេច​ធ្វើការ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ជា​ជនជាតិ​បរទេស ៣​នាក់…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ បាន​សម្រេច​ធ្វើការ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ជា​ជនជាតិ​បរទេស ៣​នាក់ ដាក់​ពន្ធនាគារ​កំណត់ ២​ឆ្នាំ (​ជនជាប់ចោទ​២​នាក់​) និង​២​ឆ្នាំកន្លះ (​ជនជាប់ចោទ​ម្នាក់​) ពី​បទ​.​ឆបោក នឹង​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។

សាលក្រម​ប្រកាស​ជា​សាធារណៈ ដោយ​លោក សុង ប៊ុ​ណា​រិ​ទ្ធិ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ៖
ទី​១. ផ្តន្ទាទោស​ឈ្មោះ Goyal sandeep Kumar ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ឥណ្ឌា មុន​ចាប់ខ្លួន ស្នាក់​នៅ​អា​ផាត​មិន បែ​ល​វីឡា ជាន់​ទី​៤ ផ្លូវ​លេខ​៥៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​កំណត់ ២​ឆ្នាំ ។
ទី​២. ផ្តន្ទាទោស​ឈ្មោះ Tai kokpoh ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ជនជាតិ​សិង្ហ​បុរី មុន​ចាប់ខ្លួន ស្នាក់​នៅផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៧៤ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​កំណត់ ២​ឆ្នាំ ។
និង​ទី​៣. ផ្តន្ទាទោស​ឈ្មោះ Mohibeen Lebe Mohammas Maharof ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ស្រី​លង្កា មុន​ចាប់ខ្លួន ស្នាក់​នៅផ្ទះ​លេខ​១៨​សេ ផ្លូវ​លេខ​៥៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ ៦​ខែ ។

ជនជាប់ចោទ​ទាំង​៣ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស (​ក្រុម​មានការ​ចាត់តាំង​) និង​បទ​. សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែមករា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ បទល្មើស​មាន​ចែង​តាម​បញ្ញា​តិ​មាត្រា ៣៧៧ មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

សូម​រម្លឹក​ថា ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​ដក​ប្រាក់​ពី​គណនី​ធនាគារ​មួយ​របស់​អតិថិជន ។ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ មាន​អតិថិជន​របស់​ធនាគារ​កា​ណា​ឌី ចំនួន​៥​នាក់ បាន​ប្ដឹង​សមត្ថកិច្ច ពី​ការ​បាត់​ទឹកប្រាក់ ក្នុង​គណនី​ធនាគារ អស់​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ចំនួន​៣​លើក ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​បរទេស​៣ នាក់​នេះ នឹង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ផ្តន្ទាទោស​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ