រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនៅថ្ងៃទី២៨តុលានេះថា ដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល។
គោលការណ៍ស្តង់ដាប្រតិបត្តិ SOP សម្រាប់សារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ សម្រាប់អនុវត្ត ក្នុងពេលបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែតុលាតទៅ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំណត់ថា ទស្សនិកជនគ្រប់រូប ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ឬ ស្កេន QR Code។ ប៉ុន្តែករណីនេះ ត្រូវបានលើកលែងចំពោះទស្សនិកជន ដែលមានអាយុក្រោម ៦ឆ្នាំ។
ក្រៅពីនោះ ទស្សនិកជន រួមទាំងបម្រើការងារទាំងអស់ ត្រូវវាស់កម្តៅ និងពាក់ម៉ាសគ្រប់គ្នា។ ត្រូវរិះរកវិធានការលើកទឹកចិត្តឲ្យទស្សនិកជន ទិញសំបុត្រតាមអនឡាញ ឬតាម App ដើម្បីកាត់បន្ថយការលក់សំបុត្រដោយផ្ទាល់នៅហ្នឹងកន្លែង។ ក្នុងនោះ ក៏ត្រូវរៀបចំដាក់សញ្ញាសម្គាល់ ដើម្បីឲ្យទស្សនិកជន ឈររង់ចាំ ដោយរក្សាគម្លាតឲ្យបានយ៉ាងតិច ១,៥០ម៉ែត្រ ក្នុងករណីទស្សនិកជន ទិញសំបុត្រផ្ទាល់នៅបញ្ជរលក់សំបុត្រ។
ក្រសួង ក៏បានកំណត់ឲ្យរោងភាពយន្ត និងរោងសម្តែងសិល្បៈ អនុញ្ញាតឲ្យទស្សនិកជន ចូលបានតែ ៥០% នៃចំនួនកៅអីសរុបតែប៉ុណ្ណោះ នៅក្នុងរោងបញ្ចាំង ឬរោងសម្តែងសិល្បៈនិមួយៗ។ ត្រូវរក្សាគម្លាតរវាងទស្សនិកជនពីម្នាក់ ទៅម្នាក់ទៀត យ៉ាងតិចចន្លោះ ១,៥០ម៉ែត្រ។ តែក្នុងករណីទស្សនិកជនចូលទស្សនាជាលក្ខណៈគ្រួសារ ដែលមានសមាជិកមិនលើសពី ៥នាក់ អាចអនុញ្ញាតឲ្យអង្គុយក្បែរគ្នាបាន។ ក្នុងនោះ ទ្វារនៃរោងបញ្ចាំង ឬរោងសម្តែងសិល្បៈ ត្រូវទុកឲ្យចំហមុន និងចាប់បញ្ចាំងភាពយន្ត ឬសម្តែងសិល្បៈម្តងៗ។ ចំណែកម៉ោងបញ្ចាំង ឬម៉ោងសម្តែង ក៏ត្រូវកាត់បន្ថយ ដើម្បីទុកចន្លោះពេលយ៉ាងតិច ៣០នាទី សម្រាប់ធ្វើការសម្អាតរោងបញ្ចាំង ឬរោងសម្តែង មុននឹងបន្តចាក់បញ្ចាំងភាពយន្ត ឬសម្តែងសិល្បៈជាថ្មី។
ដើម្បីរួមចំណែកផ្សព្វផ្សាយ និងការពារការរីករាលដាលជំងឺកូវីដ១៩ រោងភាពយន្ត ត្រូវចាក់ផ្សាយសារអប់រំពីរបៀបការពារខ្លួនពីជំងឺកូវីដ១៩ រៀងរាល់ពេល មុននឹងចាក់បញ្ចាំងភាពយន្ត ដើម្បីក្រើនរំលឹកដល់ទស្សនិកជន។ ចំពោះរោងសម្តែងសិល្បៈ ត្រូវមានពិធីករ ថ្លែងសារអប់រំ មុននឹងចាប់ផ្តើមការសម្តែង៕
ចែករំលែកព័តមាននេះ