ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ហាមឃាត់​មិន​ឱ្យ​បើក ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ រយៈពេល​១៤​ថ្ងៃ​បន្ត​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ត្រូវ​បាន​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋ​បាល ដោយ​​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ត្រូវ​បាន​បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋ​បាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុងអំឡុងពេល​នៃ​ការ​បន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រួម​មាន ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក​។

ក្នុងអំឡុងពេល​នៃ​ការ​បន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ៥០ (​ហាសិប​) នាក់ លើកលែងតែ​ក្នុង​ករណី​ដូច​ខាងក្រោម ៖

១- ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ និង​សាច់ញាតិ ក្នុង​ពិធី​សាសនា ឬ​ពិធី​ប្រពៃណី​ផ្សេង​ៗ តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

២- ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូលផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជា​អាទិ៍ ការ​យក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩ ។

៣- ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត ។

៤- ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ។

៥- ការ​ជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្តី​។

៦- ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេង​ទៀត​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

សេចក្ដីសម្រេច​បាន​បញ្ជាក់​ថា គណៈ​គ្រប់គ្រង ឬ ម្ចាស់​ទីតាំង​នៃ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ដូច ក្នុង​ប្រការ​២ នៃ​សេចក្តីសម្រេច​នេះ ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅ​មុខ​ច្រកចេញ​-​ចូល​ទីតាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង ស្រប​តាម​សេចក្តីណែនាំ​លេខ ០២៧/២១ សណ​ន ចុះ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ ស្តី​ពី​ការ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឬ លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ រាល់ពេល​ចេញ​-​ចូល​គ្រី​ន​ស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ​។

និង​សេចក្តីណែនាំ​បន្ថែម​លេខ ០២៨/២១ សណ​ន ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ ស្តី​ពី​ករណី​លើកលែង​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឬ លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំពោះ​កុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម ១៨ ឆ្នាំ រាល់ពេល​ចេញ​-​ចូល​ត្រឹ​ន​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​។
ក្នុង​ករណី​មិន​អនុវត្ត ឬ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​នេះ គណៈ​ម្ចាស់​ទីតាំង នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដកហូត​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ